• Today: December 22, 2024

ជំនន់ទឹកទន្លេបណ្ដាលឱ្យលិចទំនប់បារាំង ក្នុងក្រុងកំពង់ឆ្នាំង ដែលជាផ្លូវយុទ្ធសាស្ត្រមួយសម្រាប់កសិករដឹកកសិផលមកលក់


(កំពង់ឆ្នាំង)៖ កំណាត់ផ្លូវមួយខ្សែស្ថិតនៅចំណុចទំនប់បារាំង ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលជាផ្លូវដ៏សំខាន់មួយសម្រាប់បងប្អូនប្រជាកសិករដឹកកសិផលផ្សេងៗយកមកលក់នៅទីផ្សារក្នុងក្រុងកំពង់ឆ្នាំង បច្ចុប្បន្នត្រូវបានជំនន់ទឹកភ្លៀងជន់លិចដាច់ផ្លូវដែលមិនអាចធ្វើដំណើរឆ្លងកាត់បាន។


ទើបនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារអាជ្ញាធមូលដ្ឋាន ភូមិ សង្កាត់ ចុះផ្សព្វផ្សាយអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលធ្លាប់ធ្វើដំណើរឆ្លងកាត់តាម បណ្ដោយផ្លូវទំនប់បារាំងខាងលើនេះ ត្រូវផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន។
ខណៈនោះ លោកអភិបាលរងក្រុង ក៏បានផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅក្បែរចំណុចទំនប់បារាំងខាងលើនេះ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋជាអ្នកធ្វើដំណើរមកពីទីជិតឆ្ងាយៗ និងការធ្វើចរាចរណ៍ យាន្តយន្តគ្រប់ប្រភេទ ត្រូវផ្អាកការធ្វើចរាចរណ៍ឆ្លងកាត់ចំណុចនេះជាបណ្ដោះសន្នសិន ដោយសារតែមួយរយៈនេះទឹកជំនន់ទន្លេជន់ឡើងយ៉ាងគំហុកដែលបណ្ដាលឲ្យទឹកហូរលើខ្នងទំនប់មិនអាចធ្វើ ចរាចរណ៍ឆ្លងកាត់លើទំនប់នេះបាន។
លោកក៏សូមអំពាវនាវដល់បងប្អូនជាអ្នកនេសាទទាំងអស់ ដែលជារៀងរាល់ឆ្នាំ តែងតែនាំគ្នាមកនេសាទនៅលើខ្នងទំនប់បារាំងនេះ ដូចជាការបង់សំណាញ់ និងការនេសាទផ្សេងៗទៀត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ ចៀសវាងជួបគ្រោះថ្នាក់ដោយប្រការណាមួយ ព្រោះនៅទីនេះ កន្លងមកក៏ធ្លាប់ជួបគ្រោះថ្នាក់ប្រជាពលរដ្ឋយើងម្នាក់រហូតបាត់បង់អាយុជីវិតរួចមកហើយ កាលពីឆ្នាំទៅមិញដោយសារតែការធ្វេសប្រហែស ដោយមិនមានការប្រុងប្រយ័ត្ន។
សូមបញ្ជាក់ថា ចំពោះចំណុចទំនប់បារាំងខាងលើនេះ គឺជាទំនប់យុទ្ធសាស្ត្រមួយដ៏សំខាន់ៗរួមមាន៖
*ទី១៖ សម្រាប់ស្តុកទឹកនៅរដូវប្រាំងសម្រាប់ប្រជាកសិករស្រោចស្រពស្រែប្រាំងនៅតាមតំបន់ជាច្រើនស្ថិតនៅប៉ែកខាងលើទំនប់។


*ទី២៖ ខ្នងទំនប់នេះក្នុងរដូវប្រាំងក៏ជាផ្លូវយុទ្ធសាស្ត្រមួយដ៏សំខាន់ផងដែរ សម្រាប់ប្រជាកសិករដឹកកសិផលផ្សេងៗឆ្លងកាត់ ពីតាមបណ្ដាមូលដ្ឋានតាមស្រុកស្រែចំការនានា ដូចជាមកពីស្រុកកំពង់លែង ស្រុកជល់គីរី និងក្រុងកំពង់ឆ្នាំង។ល។ ចំណែកផ្លូវថ្នល់កាត់លើខ្នងទំនប់នេះផងដែរ គេអាចធ្វើចរាចរណ៍បានតែក្នុងរដូវ ប្រាំងតែប៉ុណ្ណោះ។ ចំពោះរដូវវស្សានៅពេលទឹកនិងជនលិចខ្នងទំនប់ ប្រជាកសិករមិនអាចដឹកកសិផលតាមរថយន្ត រឺម៉ក គោយន្តឬក៏ធ្វើដំណើរតាមថ្មើជើងឆ្លងកាត់ទីនេះបាននោះឡើយ។
ដោយឡែកនៅរដូវវស្សាគេអាចធ្វើដំណើរតាមថ្មើជើង បានតាមស្ពានឈើមួយកន្លែងដែលមានប្រវែងជាង១០០ម៉ែត្រ និងទទឹងជាង១ម៉ែត្រ ឬក៏គេអាចលើកម៉ូតូមកដាក់លើស្ពាន ហើយបណ្ដើរឆ្លងតាមស្ពានតូចនេះដែលស្ពាន មួយនេះឆ្លងពីចំណុចភូមិកណ្ដាល ក្នុងង្កាត់ផ្សារឆ្នាំងមកឡើងចំណុចដើមពោធិ៍មាត់ទន្លេផ្សារក្រោម។
ដោយស្ថានភាពលំបាករបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរឆ្លងកាត់ដៃទន្លេនារដូវវស្សាខាងលើនេះ ពួកគាត់ក៏បានគោរពស្នើសុំដល់ថ្នាក់ដឹកនាំ សុំលោកមេត្តាជួយសាងសង់ជាស្ពានតូចមួយដែលអាចធ្វើចរាចរណ៍រថយន្តតូចៗ ឬក៏គោយន្តបាន ដើម្បីពួកគាត់អាចធ្វើដំណើរឆ្លងកាត់ ឬក៏ដឹកកសិផលតាមគោយន្ត ពីទីជនបទស្រុកស្រែចំការមកកាន់ទីផ្សារក្នុងក្រុងកំពង់ឆ្នាំង ដោយមិនមានការលំបាកទាំងរដូវប្រាំងនិងរដូវវស្សាដោយកក្តីអនុគ្រោះ។
ជុំវិញជំនន់ទឹកទន្លេខាងលើនេះ បើយោងតាមរបាយការណ៍របស់លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹក និងឧុតុនិយមខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ថា ចំពោះសីតណ្ហភាពមាន ៣២. ៥អង្សាសេ ដោយឡែកកម្ពស់ទឹកទន្លេសាប ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ កម្ពស់ទឹកមាន៥.២៣ម៉ែត្រ បើធៀបនិងឆ្នាំ២០២២ ទឹកមានកម្ពស់៥.៦៤ម៉ែត្រ ដោយ ឡែកស្ថានភាពទឹកភ្លៀងធ្លាក់បាន៧ស្រុក មានកម្រិត៤៨ មីលីម៉ែត្រនៅស្រុកបរិបូរណ៍៕

Tags

Comment