• Today: December 22, 2024

ក្រសួងសុខភិបាលប្រកាសឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុក្តៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុកើកកំដៅដែលបង្កឲ្យមានហានីភ័យខ្ពស់បំផុត។

នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្រសួងសុខាភិបាល ប្រកាសឱ្យបានជ្រាបថា ស្ថានភាព នៃការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យមានអាកាសធាតុក្ដៅខ្លាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅបណ្តាប្រទេសជា ច្រើននៅក្នុងតំបន់ និងនៅលើសាកលលោក។

បើយោងតាមឯកសាររបស់អង្គការសុខភាពពិភពលោកចេញផ្សាយ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហាញថា យ៉ាងហោចណាស់ក៏មានមនុស្ស ១៥.០០០នាក់ ត្រូវបានស្លាប់ ដោយសារអាកាសធាតុក្តៅពេកនៅអឺរ៉ុបនៅក្នុងឆ្នាំ២០២២កន្លងទៅនេះ។ បើយោងតាមការចុះផ្សាយរបស់ឡង់សេត (The Lancet) បានបង្ហាញថា មានមនុស្សប្រមាណជាង ៣៥៦.០០០នាក់ បានស្លាប់ដោយសារកំដៅថ្ងៃក្តៅខ្លាំងពេក នៅក្នុងបណ្តាប្រទេស ចំនួន៩ នៅក្នុងឆ្នាំ២០១៩ ដែលចំនួននេះនឹងកើនឡើងនៅទូទាំងសាកលលោកផងដែរ។

ដូច្នេះ កំដៅក្ដៅខ្លាំងពេក ធ្វើឱ្យប៉ះពាល់សុខភាពលោកអ្នក ធ្វើឱ្យឈឺ និងអាចស្លាប់បាន។ បុគ្គលអាចធ្លាក់ខ្លួនឈឺ ដោយសារទទួលរងនូវកំដៅខ្លាំងពេក ប្រសិនបើរាងកាយអ្នកមិនអាចទប់ទល់បាន និងប្រសិនបើអ្នកមិនបានធ្វើឱ្យ ខ្លួនប្រាណអ្នកត្រជាក់បានត្រឹមត្រូវទាន់ពេលវេលាទេនោះ។

តាមសេចក្តីប្រកាសរបស់ក្រសួងថា ចំណុចសំខាន់ៗដែលប៉ះពាល់ដល់សមត្ថភាពរាងកាយ របស់អ្នកក្នុងការធ្វើឱ្យខ្លួនអ្នកត្រជាក់ក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំង គឺនៅពេលមានកំដៅខ្លាំងបណ្ដាលឱ្យអ្នក បែកញើសច្រើន នឹងមិនរំហួតលឿននោះទេ នេះមានន័យថា កំដៅ រារាំងរាង្គកាយរបស់អ្នក ពីការបញ្ចេញកំដៅឱ្យ បានលឿនតាមដែលវាត្រូវការ ហើយក៏មានកត្តាបុគ្គលផ្ទាល់ខ្លួនរួមផ្សំជាមួយដែរ គឺបុគ្គលដែលមានអាយុតិច និង មនុស្សចាស់ បុគ្គលដែលធាត់ គ្រុនក្តៅ ខ្សោះជាតិទឹក ជំងឺបេះដូង ជំងឺផ្លូវចិត្ត ឈាមរត់មិនល្អ ការរលាកស្បែក និងការប្រើប្រាស់គ្រឿងស្រវឹង៕

 

Tags

Comment