• Today: December 22, 2024

បញ្ជូន​ខ្លួន​មុខសញ្ញា​ចោរប្លន់យកម៉ូតូ ទៅតុលាការ​

 

ភ្នំពេញ​៖​ មុខសញ្ញា​ចោរប្លន់ចំនួន​ ០២នាក់​ ត្រូវ​កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បញ្ជូន​ខ្លួន​ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ ដេីម្បីចាត់ការតាមច្បាប់​ ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។ 

តាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ កាលពីម៉ោង​ ១១​ និង៤០នាទី​យប់ថ្ងៃទី២១ ខែមីនាថ្មីៗនេះ​ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ   ឈុន ដេវីត ហៅ វីត  នៅចំណុចលើសួនច្បារក្តាន់ពីរមុខក្រសួងការពារជាតិ ផ្លូវសហព័ន្ធរុស្សី សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅវេលាម៉ោង០០:១០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យបន្តឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀត នៅចំណុចកន្លែងស្នាក់នៅដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះ ឈ្មោះ សុក សាវី ភេទ ប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់។ 

 ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖១- ឈ្មោះ ឈុន ដេវីត ហៅ វីត  ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ 

២- ឈ្មោះ សេង សិលា ហៅ ខ្លា ភេទ ប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។

វត្ថុតាងចាប់យក៖ កាំបិតកែច្នៃ ចំនួន០១ដើម, ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៨ គ្មានផ្លាកលេខ ជារបស់ជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យជំនាញ​ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

Tags

Comment