• Today: December 22, 2024

អភិបាលខណ្ឌច្បារអំពៅក្រើនរំលឹក ដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ឱ្យពង្រឹកការងារសន្តិសុខ

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃចន្ទ ៥រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌនិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដើម្បីធានាបាននូវ សណ្តាប់ធ្នាប់ និងសន្តិសុខល្អនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ជាថ្មីម្តងទៀតលោក បានក្រើនរំលឹកដល់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ ត្រូវរួមគ្នាខិតខំពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានម៉ឺងម៉ាត់បំផុត ។ 

   ប្រសាសន៍ដាស់តឿនក្រើនរំលឹកជាថ្មីនេះបានលើកឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌច្បារអំពៅ ដោយមានចូលរួមពីលោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ លោកអធិការរងនគរបាលខណ្ឌ  លោក-លោកស្រី ជាអភិបាលរង  លោក-លោកស្រី ចៅសង្កាត់ទាំង៨  លោកនាយក-នាយករងរដ្ឋបាលខណ្ឌ  លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨ និងប្រធានការិយាល័យគ្រប់ការិយាល័យ ។

   ថ្លែងនៅក្នុងកិច្ចប្រជុំ លោកអភិបាលខណ្ឌបានក្រើនរំលឹកក៏ដូចជាណែនាំដល់កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌនិងសង្កាត់ ត្រូវរួមគ្នាខិតខំប្រឹងប្រែងពង្រឹងការអនុវត្តគោលនយោបាយ ភូមិ-សង្កាត់ មានសុវត្ថិភាព  ឱ្យមានប្រសិទ្ធភាព  ។ កម្លាំងគណៈបញ្ជាការឯកភាព ត្រូវរួមគ្នាអនុវត្តបទបញ្ជា ខ្ពង់ខ្ពស់របស់សម្តេចតេជោឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងការលុបបំបាត់ល្បែងស៉ីសង គ្រប់ប្រភេទនិងល្បែងតាមអនឡាញ ។ ជាពិសេសកិច្ចការពង្រឹងសន្តិសុខនៅតាមមូលដ្ឋានចុះល្បាតជាប្រចាំ នៅតាមគោលដៅងាយរងគ្រោះរួមមាន គោលដៅចោរកម្ម. គោលដៅស្មុគ្រស្មាញ. គោលដៅក្មេងទំនើង. គោលដៅប្រើប្រាស់និងចែកចាយគ្រឿងញៀន ។

   លោកអភិបាលខណ្ឌបានបន្តថាគោលដៅសំខាន់មួយទៀតត្រូវរួមគ្នា បង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ព្រោះវាធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមគ្រួសារ  ដល់សហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេសប៉ុស្តិ៍នគរបាលរដ្ឋបាលនិងអាជ្ញាធរសង្កាត់ត្រូវរួមគ្នាកំណត់មុខសញ្ញាគ្រប់ប្រភេទនៅក្នុងមូលដ្ឋាន  ធ្វើយ៉ាងណាអោយ មូលដ្ឋានរបស់យើងគ្មានគ្រឿងញៀន មួយទៀតត្រូវជំរុញការផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋពីផលប៉ះពាល់និងគ្រោះថ្នាក់ដែលបង្កឡើងដោយគ្រឿងញៀន ។ ការងារសន្តិសុខនេះជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន  ហើយមនុស្សគ្រប់គ្នា  គ្រប់ស្រទាប់វណ្ណៈ មិនថាអ្នកមានឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា 

    កិច្ចប្រជុំនេះដែរលោកអភិបាលខណ្ឌបានណែនាំអោយមន្ត្រីក្នុងជួរគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅក្នុងមូលដ្ឋានអោយបានល្អ និងត្រៀមការពារការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដែលនិងចូលមកដល់នៅពេលខាងមុខ ។ 

   ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីមកដល់ លោកអភិបាលខណ្ឌសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀន ភ្លើងធូប ចង្ក្រានហ្គាស់ ប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្ទះ ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់បំផុតមុននិងចេញពីផ្ទះទៅកំសាន្តនៅតាមរម្មណីដ្ឋាននានា  បង្កាខ្លាចកើតមានគ្រោះអគ្គិភ័យ ៕

Tags

Comment