• Today: December 22, 2024

សមត្ថកិច្ចខេត្តកំពង់ស្ពឺ កំពុងស្រាវជ្រាវ ករណីជនជាប់ឃុំម្នាក់ស្លាប់ ខណៈសាច់ញាតិសង្ស័យថា អាចជាការអំពើប្រើហិង្សា?


កំពង់ស្ពឺ៖ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ទទួលបន្ទុកពន្ធធានាគារខេត្តកំពង់ស្ពឺ កំពុងដឹកនាំសមត្ថកិច្ចជំនាញ នៃស្នងការនគរបាលខេត្ត ចុះស្រាវជ្រាវ និងសាកសួរតាមនីតិវិធី។ នេះបើយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។


ប្រភពបានឱ្យដឹងថា ការចុះស្រាវជ្រាវ បានធ្វើឡើងបន្ទាប់ពីមានជនជាប់ឃុំម្នាក់ឈ្មោះ មន មឿន ភេទប្រុស អាយុ ៤២ឆ្នាំ បានស្លាប់បន្ទាប់ពីមន្ត្រីពន្ធនាគារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ 
យោងតាមកំណត់ហេតុ សួរយកចម្លើយសាក្សី នៅកន្លែងកើតហេតុ បានបញ្ជាក់ថា «ការស្លាប់របស់ជនជាប់ឃុំឈ្មោះ មន មឿន គឺបណ្ដាលមកពីជនជាប់ឃុំរូបនេះ រអិលជើងធ្លាក់ពីលើធ្នើដាក់អីវ៉ាន់នៅក្នុងពន្ធនាគារ គឺមិនមានការធ្វើទារុណកម្ម និងប្រើអំពើហិង្សាអ្វីឡើយ»។
ទោះជាយ៉ាងណាក្រុមគ្រួសារ និងសាច់ញាតិ របស់ជនជាប់ឃុំឈ្មោះ មន មឿន នៅពុំទាន់ទទួលយកបានឡើយនៅហេតុផលដែលសមត្ថកិច្ចសាកសួរសាក្សីនោះ ព្រោះពួកគាត់អះអាងថា ប្រសិនបើជនជាប់ឃុំរអិលធ្លាក់ពីលើធ្នើដាក់អីវ៉ាន់ ហេតុអ្វីមានស្នាកស្នាមជាំត្រង់កដៃទាំងសងខាង? ដូចជាមានការចាប់ក្រៀក ,ជាំនិងហើមនៅត្រង់ដើមដៃខាងស្ដាំជាច្រើនកន្លែង ដូចជាមានការវាយ ,ជាំនៅលើស្មងជើងទាំងសងខាងជាច្រើនកន្លែង ,ជាំនៅដើមទ្រូងរបកស្បែកជាច្រើនកន្លែង និងមានបែកបបូរមាត់ខាងលើ  ផ្នែកខាងឆ្វេងថែមទៀតផង។ 
ក្រុមគ្រួសារ និងសាច់ញាតិ របស់ជនជាប់ឃុំឈ្មោះ មន មឿន ស្នើសុំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់មេត្តាជួយស្រាវជ្រាវករណីនេះឱ្យបានម៉ត់ចត់បំផុត ដើម្បីឱ្យពួកគាត់អស់ចិត្ត និងជួយរកយុត្តិធម៌ជូនអ្នកស្លាប់។ 
គួររំលឹកថា ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានកម្លាំងនគរបាលស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នៅភូមិធ្លាចាស់ សង្កាត់វាងពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។ ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានបញ្ជូនទៅឃុំបណ្ដោះអាសន្នក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ និងបានស្លាប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
យោងតាមមាត្រា ៦៤ ច្បាប់ ស្ដីពី ពន្ធនាគារ បានចែងថា ក្នុងករណីជនជាប់ឃុំទទួលមរណៈភាពក្នុងពន្ធនាគារ ត្រូវចាត់ទុកជាការសង្ស័យ។ មន្ត្រីពន្ធនាគារត្រូវការពារកន្លែងសាកសព និងរក្សាទុកជនជាប់ឃុំដែលអាចធ្វើជាសាក្សី។ ប្រធានពន្ធនាគារត្រូវជូនដំណឹងទៅព្រះរាជអាជ្ញា ដើម្បីចាត់វិធានការស៊ើបអង្កេត។ ប្រសិនបើជនជាប់ឃុំស្លាប់នៅក្នុងមន្ទីរពេទ្យ ប្រធានពន្ធនាគារ ត្រូវជូនដំណឹងទៅព្រះរាជអាជ្ញា បើមានការសង្ស័យព្រះរាជអាជ្ញាត្រូវចាត់ឱ្យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ធ្វើការពិនិត្យសាកសព។


យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញផ្នែកបច្ចេកទេស និងវិទ្យាសាស្ត្រ ពាក់ព័ន្ធករណីអ្នកទោសម្នាក់ស្លាប់នេះ បានឱ្យដឹងថា «ករណីជនត្រូវចោទស្លាប់ នៅចំណុចលើរថយន្តពេលដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ វេលាម៉ោង ០៥នឹង១០នាទី នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ។ សពឈ្មោះ មន មឿន ភេទ ប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត នៅភូមិត្រពាំងឈូក ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ទីលំនៅមុនពេលឃុំខ្លួន នៅភូមិធ្លាចាស់ សង្កាត់វាលពន់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
តាមរបាយការណ៍បានឱ្យដឹងទៀតថា ជនត្រូវចោទឃុំខ្លួនក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ ពីបទ៖ ប៉ុនប៉ងរំលោភសេពសន្ថវ: ប្រព្រឹត្តកាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិធ្លាចាស់ សង្កាត់វាលពន់ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ តាមដីកាបង្គាប់ឲ្យឃុំខ្លួន លេខ៧៣៤ របស់លោក លឹម មករន្ទ ចៅក្រមស៊ើបសួរសាលាដំបូលខេត្តកំពងស្ពឺ ចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ កន្លងមកនេះ»។
រឿងហេតុៈ យោងតាមការបំភ្លឺពីឈ្មោះ សេង ជា ភេទប្រុស អាយុ ៣៥ឆ្នាំ ជាអ្នកទោសជាប់ឃុំក្នុងបន្ទប់ជាមួយគ្នា បានឲ្យដឹងថា កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២រសៀល ខ្ញុំកំពុងនៅក្នុងបន្ទប់ឃុំឃាំងអ្នកទោស មានគ្នាប្រហែល ៤០នាក់ ពេលនោះឃើញមានអ្នកទោស ចំនួនពីរនាក់ទៀតមកថែម ក្នុងចំណោមពីរនាក់ មានម្នាក់អាយុប្រហែល ៥០ឆ្នាំ រាងរវើរវាយញ័រដៃដូចអ្នកញៀនស្រាបន្ទាប់មកឃើញគាត់និយាយតែឯងៗ។ លុះរហូតដល់ម៉ោង ១៦និង០០នាទី ខាងមន្ត្រីពន្ធនាគារបានចែកបាយឲ្យហូប និងឃើញបុរសនោះអ្នកដែលមកក្រោយហូបបាយអស់មួយចាន រួចចូលទៅមុជទឹកដោះអាវស្លៀកខោ ហើយចេញមកវិញទាំងសើមទៀតផង។
សាក្សីបានឱ្យដឹងទៀតថា លុះដល់ម៉ោងប្រហែល ២១និង០០នាទី គាត់បានឃើញបុរសរងគ្រោះឡើងលើធ្នើសម្រាប់ដាក់អីវ៉ាន់ ក្នុងបន្ទប់ស្រាប់តែពេលនោះគាត់បានរអិលជើងធ្លាក់ដោយខ្លួនឯង មកលើដីបណ្ដាលឲ្យបែកមាត់ហូរឈាមឃើញដូច្នេះបានយកប្រេងក្រឡាទៅលាបមាត់ឲ្យគាត់ បន្ទាប់មកខ្លួនក៏ទៅដេកវិញ។ ចំណែកបុរសនោះគាត់ទៅដេកនៅខាងជើងបាត់។ លុះដល់ម៉ោងប្រហែល ០៤ទៀបភ្លឺមានសមាជិកអ្នកទោសបានដាស់ឲ្យងើបប្រាប់ថា អ្នកទោសថ្មីលោតធ្លាក់ពីលើធ្នើបណ្ដាលឱ្យសន្លប់ឃើញដូច្នេះក៏នាំគ្នាគោះប្រកាសអាសន្ន ពីព្រោះឃើញគាត់សន្លប់បាត់ស្មារតី ក្រោយមកត្រូវបានសមត្ថកិច្ចពន្ធនាគារនាំយកទៅមន្ទីរពេទ្យបាត់ លុះក្រោយមកសមត្ថកិច្ចហៅខ្ញុំមកសួរបានដឹងថា គាត់ស្លាប់ចំពោះបុរសម្នាក់នោះអ្នកទោសផ្សេងទៀតប្រាប់ថា ជាប់ពាក់ព័ន្ធករណីប៉ុនប៉ងរំលោភ ហើយដូចជាមនុស្សញៀនស្រាទៀតផង។


ចំពោះការពិនិត្យសាកសព ក្រោយពេលកើតហេតុត្រូវបានមន្រី្តព័ន្ធនាគារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ មានស្លាកស្នាម ផ្នែកក្បាល: ស្នាមបែករយះទំហំ ២,5ស.មគុណ១ស.ម បបេមាត់លើផ្នែកខាងស្ដាំ ,ផ្នែកដងខ្លួន និងអវ:យវ:ស្នាមជាំខ្មៅរាងមូលលើស្បែកជាច្រើនកន្លែង (ជារោគសញ្ញាជម្ងឺថ្លើម)។
ការសន្និដ្ឋានៈ តាមការពិនិត្យកន្លែងកើតហេតុ សាកសពព័ត៌មានប្រមូលបាន និងការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត លាភ សោភណ្ឌ គ្រូពេទ្យកោសល្យវិច័យខេត្តកំពង់ស្ពឺ បានសន្និដ្ឋានបានថា «សពស្លាប់ដោយគាំងបេះដូង»។ ការចុះពិនិត្យសាកសពជនរងគ្រោះក្រោមការដឹកនាំ និងសម្របសម្រួលនិតិវិធី ដោយលោក រ៉ា លីសួន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ និងបានអនុញ្ញាតឱ្យប្រគល់សពខាងលើជូនពន្ធនាគារខេត្តកំពង់ស្ពឺដើម្បីបន្តនីតិវិធីច្បាប់។
បច្ចុប្បន្ន សពរបស់ជនជាប់ឃុំឈ្មោះ មន មឿន ត្រូវបានក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតភូមិត្រពាំងឈូក សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ៕

Tags

Comment