• Today: December 22, 2024

ប្រជាពលរដ្ឋជាង ១០០០នាក់ នៅខេត្តកំពត សរុបទឹកប្រាក់ជាង ២១លានដុល្លារ ដែលរងគ្រោះដោយសារក្រុមហ៊ុន “ពិភពដីមាស”


កំពត៖ គិតត្រឹមថ្ងៃទី០៩ ខែសីហា  ឆ្នាំ២០២៣  មានប្រជាពលរដ្ឋ  នៅខេត្តកំពត បានដាក់ពាក្យបណ្តឹប្ដឹងក្រុមហ៊ុន  “ពិភពដីមាស  ” មានចំនួន ១ ១០៥នាក់ បានរងគ្រោះ  និងខាតបង់ទឹកប្រាក់ ចំនួន ២១,០៧៨,៩៦០ដុល្លារ  (ម្ភៃមួយលានប្រាំពីរមុឺនប្រាំបីពាន់ប្រាំបួនរយហុកសិបដុល្លា)។ 
   នេះបើយោងតាមការបង្ហោះរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។
   សូមជម្រាបថា អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន “ពិភដីមាស” អ៊ិមវេសមេន ឯ.ក និងកងអង្គរក្ស ចំនួន ១៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួន នៅស្នាក់ការក្រុមហ៊ុន ដែលមានទីតាំងភូមិត្រពាំងថ្លាល់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ យកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ នៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើការសាកសសួរ និងចោទប្រកាន់តាមនិតិវិធីច្បាប់។ 
   សូមរំឭកថា ការចាប់ខ្លួនឧកញ៉ា ប្រធានក្រុមហ៊ុន «ពិភពដីមាស» ធ្វើឡើងតាមអំណាចដីការបស់តុលាការរាជធានីភ្នំពេញ ដោយមានប្រជាពលរដ្ឋរងគ្រោះប្រមាណជាង ១០០គ្រួសារ មកពីខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ កំពង់ឆ្នាំ និងកំពង់ចាម បាននាំគ្នាមកដាក់ពាក្យបណ្តឹងប្តឹងប្រធានក្រុមហ៊ុន «ពិភពដីមាស» បន្ថែមទៀត ដោយការចាញ់បោកអស់ប្រាក់រាប់ម៉ឺនដុល្លារ បន្ទាប់ពីទិញដីឡូត៍ពីក្រុមហ៊ុន ពិភពដីមាស ជាថ្នូរទទួលបានភាគលាភប្រចាំខែពី ៤៥០ដុល្លារ ទៅ៧៥០ដុល្លារក្នុង ០១ខែៗ។ 
   ជនសង្ស័យឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ ៤១ឆ្នាំ ប្រកបមុខរប ប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់ក្រុមហ៊ុន ពិភពដីមាស បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ ៥២D ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួក សរុប ១៤នាក់ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមអនុវត្តតាមដីការបស់តុលាការរាជធានីភ្នំពេញ។ 
   សូមជម្រាបបន្ថែមថា អ្នកឧកញ៉ា ហ៉ី គីមហុង នេះក៏ធ្លាប់ត្រូវបានស្នងការដ្ឋាននគរបាលខេត្ដកំពត ចេញលិខិតអញ្ជើញឲ្យចូលខ្លួនដើម្បីធ្វើការសាកសួរពាក់ព័ន្ធបណ្ដឹងប្រជាពលរដ្ឋ ដែលបានដាក់ទុនវិនិយោគជាមួយក្រុមហ៊ុននេះ គិតជាទឹកប្រាក់សរុបប្រមាណ ២១លានដុល្លារ ប៉ុន្ដែឧកញ៉ានេះមិនចូលខ្លួននោះទេ ហើយថែមទាំងព្យាយាមគេចវេសមិនទទួលខុសត្រូវទៀតផង រហូតសមត្ថកិច្ចចាប់ខ្លួន។
   សូមបញ្ជាក់ថា លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកស៊ើបសួរកលើសំណុំរឿងឧកញ៉ា ហ៉ី គីមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស និងបក្ខពួក ១៣នាក់ទៀត ដែលពួកបានបោកប្រាស់លុយរបស់ប្រជាពលរដ្ឋជាច្រើនលានដុល្លារ ក្នុងការទិញដីខ្យល់។ 
 ជនសង្ស័យជាអ្នកឧកញ៉ា ប្រធានក្រុមហ៊ុន «ពិភពដីមាស» និងបក្ខពួកត្រូវបានរងការចោទប្រកាន់ ចំនួន ០៣បទល្មើស រួមមានពីបទៈ អំពើឆបោកមានស្ថានទម្ងន់ទោស, បទៈ ញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ និងពីបទៈ សំអាតប្រាក់ផងដែរ៕

Tags

Comment