• Today: December 22, 2024

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានទទួល និងប្រគល់ «ព្រះអគ្គិជ័យកីឡា» រួចបន្តហែរតាមខេត្តជុំវិញបេងទន្លេសាប

ភ្នំពេញ៖ «ព្រះអគ្គិជ័យកីឡា» ត្រូវបានទទួល និងប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ នេះ ដោយលោកបណ្ទិត ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្ទាប់ដង្ហែចេញពីវត្តលង្កាព្រះកុសុមារាម ដើម្បីបន្តឆ្ពោះទៅខេត្តជុំវិញបឹងទន្លេសាប។

សូមបញ្ជាក់ថា «ព្រះអគ្គិជ័យកីឡា» នឹងត្រូវដង្ហែពីវត្តលង្កាព្រះកុសុមារាម ឆ្ពោះមកវិមានឯករាជ្យ ដឹកនាំដោយតំណាង CAMSOC និងក្រុមការងារ កីឡាករ កីឡាការិនីឆ្នើមមួយចំនួន និងមានក្រុមឆៃយ៉ាំនាំមុខបានប្រគល់ព្រះអគ្គិជ័យកីឡា ជូនលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដង្ហែពីវិមានឯករាជ្យ ឆ្ពោះទៅមុខវិទ្យាល័យស៊ីសុវត្ថិ ទើបលោកបណ្ឌិតសភាចារ្យប្រគល់ ជូន លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដង្ហែបន្តមកផ្លូវភ្លោះអង្គឌួងរួចឡើងមកមហាវិថីសហព័ន្ធរុស្ស៊ី ដល់បន្ទាយទាហាន DN ត្រឡប់ក្រោយមកស្តុបបេកាសេ ឡើងមកមហាវិថីព្រះមុនីវង្ស ឆ្ពោះមករង្វង់មូលគួចកាណុង បន្តមកផ្លូវជាតិលេខ៥ រួចប្រគល់ជូន កីឡាករ កីឡាការិនីឆ្នើម ដង្ហែឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំងតែម្តង។

ការប្រកួតបាល់ទាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ក្នុងនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំផ្សាយបន្តផ្ទាល់នៅតាមទីតាំងចំនួន៧ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាផងដែរ។

ចំពោះទីតាំងដែលត្រូវបានរៀបចំផ្សាយបន្តបន្ទាល់តាមស្លាយ រួមមាន៖ ១-សួនច្បារមុខវត្តបទុមវតី ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ,២-សួនច្បារមាត់ទន្លេទល់មុខភោជនីយដ្ឋានមេត្រូ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ,៣-ក្នុងបុរីប៉េងហួតបឹងស្ងោរ ស្ថិតនៅក្នុងសង្កាត់និរោធខណ្ឌច្បារអំពៅ ,៤-ស្ងួនច្បារមិត្តភាពក្បែរក្រសួងការពារជាតិ ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧ មករា ,៥-សួនច្បារទល់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ ស្ថិតនៅក្នុងសង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ ,៦-សួន ច្បារព្រះនាងប្រាជ្ញាបារមី ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៧-ទីលានប្រជាធិបតេយ្យ ក្បែរស្ពានអាកាសឫស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ៕

Tags

Comment