• Today: December 31, 2024

ខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងព្រមានចាត់វិធានការអ្នកកាងបទល្មើសនេសាទ និងគំរាមមន្ត្រីអភិរក្ស

ខេត្តស្ទឹងត្រែង៖ ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងដោយមើលឃើញថា នៅរដូវបិទនេសាទជនខិលខូចចេះតែលួចចូលធ្វើនេសាទនៅកន្លែងអភិរក្សនិងកន្លែងហាម ឃាត់ នៅពេលក្រុមអភិរក្សចុះបង្ក្រាបមានឈ្មោះ លី ឡេះ ជាអ្នកហៅទូរស័ព្ទមកអន្តរាគមន៍និងប្រើពាក្យសម្តីគំរាមកំហែងដល់មន្ត្រីអភិរក្សបន្ថែមទៀត។

លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបញ្ជាក់ថា ក្រុមអភិរក្សធនធានមច្ឆាជាតិនៅទីស្នាក់ ការអភិរក្សជលផលប្រចាំអាងទំនប់វារីអគ្គិសនីសេសានក្រោមពីរ កិច្ចការងារនេះយើងត្រូវប្រកាន់ជំហរទន់ភ្លន់តែម៉ឺងមាត់ ហើយមិនចុះញ៉មចំពោះអ្នកអន្តរាគមន៍ឡើយ ទោះបីមានឈ្មោះ លី ឡេះ នោះគាត់ជាអ្នកណា ឬនៅថ្នាក់ណាមកពីណាក៏ដោយ ក៏សូមឲ្យគាត់ចេញមុខមក តទល់ជាមួយក្រុមការងាររបស់យើង។

លោកបន្តថា សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាអនុវត្តការងារចុះល្បាតឲ្យបានញឹកញាប់បន្ទាប់ពីច្បាប់ជលផលត្រូវបានផ្សព្វផ្សាយដល់ប្រជាអ្នកនេសាទបានយល់ជ្រួតជ្រាបរួចមកហើយ។

លោកបន្ថែមថា ពេលនេះយើងចងក្រងគ្នាជាបណ្តាញបន្ថែម  ទាំងសហគមន៍នេសាទ ទាំងក្រុមអភិរក្សដើម្បីបង្កើនការទាក់ទងគ្នាផ្តល់ព័ត៌មានបានឆាប់រហ័ស  ក្រោមកិច្ចសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការជួយគ្នាអភិរក្សត្រីមេពូជ។

លោក ហ្វឿន លីង ប្រធានក្រុមស្នាក់ការអភិរក្សជល ផលប្រចាំអាងវារីអគ្កិសនីសេសានក្រោម២បានទទួលស្គាល់ថាបទល្មើសនេសាទពិតជាបានបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ធនធានមច្ឆជាតិ ព្រោះជន សង្ស័យប្រើឧបករណ៍ឆក់ និងមកលួចដាក់មង នៅតំបន់ហាមឃាត់ហើយពេលមន្ត្រីយើងចុះទៅបង្ក្រាបជនខិលខូចទាំងនោះបង្កជម្លោះ ខ្លះអាចបង្កជាអំពើហិង្សាក៏មាន។

លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ជនសង្ស័យប្រភេទនេះយើងមិនអត់ឱនទេ មន្ត្រីជំនាញត្រូវតែរួមសហការគ្នាបង្ក្រាប ហើយបើមានករណីបែបនេះកើតឡើង សូមឲ្យក្រុមការងាររាយ ការណ៍សុំកម្លាំងអន្តរាគមន៍ដែលនៅជិតបំផុតដើម្បីយើងឃាត់ខ្លួនជនខិលខូចទាំងនេះយកមកអនុវត្តច្បាប់។

សូមបញ្ជាក់ថា ឈ្មោះ លី ឡេះ ជាជនលាក់មុខ នៅពេលក្រុមអភិរក្សមច្ឆជាតិបង្ក្រាបជនសង្ស័យម្តងៗឈ្មោះ លី ឡេះ តែងតែហៅទូរស័ព្ទមកអន្តរាគមន៍ ហើយក្រុមការ ងារសូមឲ្យឈ្មោះនេះមកជួបផ្ទាល់ កុំយកឈ្មោះអ្នកធំ មកប្រើគំរាមឲ្យសោះ បើធ្វើបែបនេះវាជារឿងកំសាកទៅវិញទេ ព្រោះមន្ត្រីជំនាញ កំពុងតែនាំគ្នាអភិរក្សធនធានមច្ឆជាតិ ឲ្យវាសម្បូរបែបឡើងវិញ សម្រាប់កូនចៅយើងទាំងអស់គ្នា៕

Tags

Comment