• Today: December 22, 2024

ទឹកដីខេត្តកោះកុង ទទួលបានកំពង់ផែថ្មី ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ចូនតាមផ្លូវសមុទ្រ ទេសចរណ៍ និងទំនិញរាយ

កោះកុង៖ កំពង់ផែថ្មីមួយទៀត បានលេចរូបរាងយ៉ាងត្រដែល នៅក្នុងទឹកដី នៃខេត្តកោះកុង ដើម្បីជាចលនាលើកម្ពស់ការតភ្ញាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ ដែលកំពង់ផែទេសចរណ៍ និងដឹកទំនិញរាយផងដែរ។ 


កំពង់ផែ «ដងទង់» ដ៏ថ្មីស្រឡាងមួយនេះ ត្រូវបានបើកឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល  រដ្ឋមន្ត្រី ក្រសួងសាធារណការ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 
នាឱកាសនោះ ក៏មានការចូលរួមផងដែរពីសំណក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង ប្រធានក្រុមប្រឹក្សាខេត្ត អភិបាល នៃគណៈអភិបាលខេត្ត លោក លោកស្រី មន្ត្រីពាក់ព័ន្ធ អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ជាច្រើនរូបផងដែរ។ 
សូមជម្រាបថា «កំពង់ផែដងទង់ ក្រុងខេមរភូមិន្ទ» ដែលបានប្រារព្ធពិធីសម្ពោធនេះ ជាកំពង់ផែទេសចរណ៍ និងទំនិញរាយ ស្ថិតនៅតាមបណ្តោយផ្លូវក្រុងលេខ៩០០ ក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ កំពង់ផែនេះ គឺជាស្ថាបត្យកម្មថ្មីមួយទៀត ដែលកើតចេញពីស្នាដៃកូនខ្មែរពិតៗ ដោយមានរចនាបទបែបទំនើប សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ដែលធានានូវការប្រើប្រាស់យូរអង្វែង និងសាងសង់ដោយថវិកាជាតិសរុបប្រមាណ ១២.៨៩៧.០០០.០០០រៀល (ដប់ពីរពាន់លាន ប្រាំបីរយកៅសិបប្រាំពីរលានរៀលគត់)។ 
សម្រាប់គម្រោងសាងសង់ត្រូវបានចែកចេញជា ២ជំហាន សរុបកំពង់ផែ មានបណ្តោយប្រវែង ១១៥ ម៉ែត្រ ទទឹងប្រវែង ១៦,៥០ ម៉ែត្រ និងមានជម្រៅទឹកពី ៤ម៉ែត្រ ទៅ ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ ២០០០តោន អាចចូលចតបាន។ ក្រៅពីសំណង់កំពង់ផែបេតុង គម្រោងដែលប្រើប្រាស់ថវិកាជាតិជិត ១៣ពាន់លានរៀលនេះ ក៏មានបញ្ចូលនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមមាន៖ ស្ពានបេតុងភ្ជាប់ទៅផែ ផ្លូវបេតុងចេញចូលផែ អគារអ្នកដំណើររង់ចាំ អគាររដ្ឋបាល បន្ទប់ទឹកសាធារណៈ ប្រព័ន្ធលូ របង និងខ្លោងទ្វារ ជាដើម។ 
កំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ជាចំណែកមួយក្នុងការតភ្ជាប់ និងភាពសម្បូរបែប នៃហេដ្ឋរចនាសម្ព័ន្ធផ្លូវសមុទ្រ នៅក្នុងខេត្តតំបន់ឆ្នេរទាំង ៤ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន នៅក្នុងប្រទេសជាប់សមុទ្រទាំងបី នៃមហាអនុតំបន់មេគង្គ រួមមាន៖ កម្ពុជា ថៃ និងវៀតណាម។ 
បន្ថែមពីលើកំពង់ផែ ដែលបើកឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ខេត្តកោះកុង នឹងទទួលបានសមិទ្ធផលធំៗជាចំណងដៃ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន នោះគឺ ផ្លូវជាតិលេខ៤៨ មានប្រវែង ១៤៨ គីឡូម៉ែត្រ តភ្ជាប់ក្រុងខេមរភូមិន្ទ ទៅកាន់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ១០ មានប្រវែងជាង ១៩៨ គីឡូម៉ែត្រ តភ្ជាប់ខេត្តកោះកុង ទៅកាន់ខេត្តពោធិសាត់ និង បន្តដល់ខេត្តបាត់ដំបងផងដែរ។ 


ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថាយើងមានគម្រោងធំៗជាច្រើន ដែលក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងអនុវត្ត ក៏ដូចជាគ្រោងនឹងសិក្សា ក្នុងនោះបានរំលេចជាពិសេស អំពីគម្រោងលើកកម្រិតផ្លូវជាតិ ,ផ្លូវខេត្ត ,គម្រោងផ្លូវល្បឿនលឿន ,រថភ្លើងល្បឿនលឿន ;រថភ្លើងក្រោមដី លើអាកាស នៅរាជធានីភ្នំពេញ និងគម្រោងកំពង់ផែនានា ដែលទាំងអស់នេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងលើកកម្ពស់ការតភ្ជាប់អន្តរវិស័យ។ 
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសិទ្ធិក្នុងការបោះឆ្នោះ «សូមកុំភ្លេចចូលរួមបោះឆ្នោតទាំងអស់គ្នា សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដើម្បីបន្តរួមគ្នាថែរក្សាការពារសុខសន្តិភាព និងដើម្បីបន្តស្តារ លើកកម្ពស់ ការអភិវឌ្ឍកម្រិតជីវភាព របស់បងប្អូនឱ្យកាន់តែប្រសើរឡើង និងមានភាពទំនើបជឿនលឿនជាងនេះបន្ថែមទៀត»៕

Tags

Comment