• Today: December 22, 2024

អភិបាលស្រុកស្ទោង អំពាវនាវឲ្យញាតិញោមពុទ្ធបរិស័ទ ត្រូវប្រណិប័តន៍ពុទ្ធសាសនាឲ្យបានខ្ជាប់ខ្ជួន ដើម្បីគង់វង្សយូរអង្វែង


(កំពង់ធំ)៖     លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងភរិយា ព្រមទាំងសហការី និងញាតិញោមពុទ្ធបរិស័ទចំណុះជើងវត្តករណីដើម ព្រះសង្ឃបាននិមន្ត និងអញ្ជើញចូលរួមក្នុងពិធីដង្ហែទៀនព្រះវស្សា និងសំពត់សាកដកព្រមទាំងទេយ្យទានមួយចំនួន នៅក្នុងរដ្ឋករណីដើម រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។
    លោក សាយ គឹមឡម បានអំពាវនាវញាតិញោម ពុទ្ធបរិស័ទ ពុទ្ធសាសនិកជនព្រះសង្ឃឧបាសកឧបាសិកាចំណុះជើងវត្តគ្រប់រូប ត្រូវគោរពប្រណិប័តន៍ពុទ្ធសាសនាឲ្យបានភ្ជាប់ខ្ជួន ដើម្បីឲ្យពុទ្ធសាសនាបានស្ថិតស្ថេរគង់វង្សយូរអង្វែង។
    លោកបន្តថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលមានចែងនៅក្នុងគម្ពីរព្រះពុទ្ធសាសនា គឺជាបុណ្យមានមកតាមផ្លូវព្រះពុទ្ធសាសនាដែលសាវ័កផ្នែកបព្វជិតតែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេលត្រីមាស។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក(សំពត់សំរាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជទេយ្យទាននិងបច្ច័យមួយចំនួនទៀតតាមលទ្ធភាពនិងសទ្ធាជ្រះថ្លាផងដែរ។
 គួរបញ្ជាក់ថា នៅក្នុងឱកាសនេះលោកអភិបាលស្រុក និងភរិយា ព្រមទាំងសហការី បានប្រគេនដល់ព្រះសង្ឃនូវទេយ្យទានសំពត់សារដក និងបច្ច័យមួយចំនួនដើម្បីជាកំណប់ទ្រព្យទុកក្នុងពុទ្ធសាសនាតរៀងទៅ៕

Tags

Comment