• Today: December 22, 2024

សម្តេចតេជោ ហ៊ុន សែន បញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចូលរួមអបអរសារទរជាមួយបងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជាក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី។

នៅយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា ក្នុងនាមរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និង ភរិយា​ សូមអបអរសាទរ និង សូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ាម៉ាឌនប្រកបដោយជោគជ័យ ហេីយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាហ្វ៊ីទ្រី នៅថ្ងៃសៅរ៍​ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ១៤៤៤​ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃសៅរ៍​ ៣កើត ខែពិសាខ ឆ្នាំថោះ​ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២២​ ខែមេសា ឆ្នាំ២០២៣​។

សម្តេចតេជោ បានសរសេរទៀតថា ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់​ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ​ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់​ សេចក្តីសម្រេច​សារាចរណែនាំ​ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេង សំរាប់ជាតិយើង។​

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា "ទោះបីយេីងទទួលបានជោគជ័យសមរភូមិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩​ ហេីយរាជរដ្ឋាភិបាលទើបបានសម្រេចលើកលែងនូវកាតព្វកិច្ចមួយចំនួនបន្ថែមទៀត ពិសេសការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ធ្វេីតេស្តរហ័ស​ សម្រាប់ការជួបជុំក៏ដោយ​ ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូន​ សុំបន្តលើកកម្ពស់ការប្រុងប្រយ័ត្នអនុវត្ត ការពារ រក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួនដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើងឱ្យបានគ្រប់ៗគ្នា៕

Tags

Comment