• Today: December 22, 2024

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុម Hacker ចំនួន ០៥នាក់ ដែលប្រតិបត្តិការចូលតាមប្រព័ន្ធ Telegram ជាច្រើន ដើម្បីឆបោកប្រាក់!


ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ បានបង្ហាញមុខក្រុម Hacker តាមប្រព័ន្ធ Telegram ជាច្រើន ដើម្បីឆបោកប្រាក់ពីជនរងគ្រោះ។ 


លោកឧត្តមសេនីយ៍ រ័ត្ន ស៊្រាង បានសរសេរថា ក្នុងរយៈពេលថ្មីៗចុងក្រោយនេះ គឺមានករណីហែកចូលតេលេក្រាមជាច្រើនករណីកើតឡើង បង្កឲ្យមានជនរងគ្រោះ មួយចំនួនត្រូវបានខាតបង់ប្រាក់រាប់ពាន់ម៉ឺនដុល្លារដោយសារតែការបោកបញ្ឆោត។ 
ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ កម្លាំងកងរាជអាវុធហត្ថភ្នំពេញ បានទទួលបណ្តឹងពីជនរងគ្រោះម្នាក់ សុំប្តឹងពីជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានហែកចូលតេឡេក្រាមរបស់ខ្លួន និងបានឆាតទៅបងប្អូនមិត្តភក្តិជាច្រើនដើម្បីខ្ចីប្រាក់ ព្រមទាំងឆាតទៅគម្រាមទារប្រាក់អតិថិជនដែលជំពាក់ខ្លួនផងដែរ។ 
លោកឧត្តមសេនីយ៍បានសរសេរទៀតថា ស្របពេលជាមួយគ្នានោះ ក៏មានអតិថិជនរបស់ខ្លួនម្នាក់ ក៏ត្រូវបានគេហែកចូលតេឡេក្រាមរបស់គាត់ដូចគ្នា ហើយបានឆាតមកខ្ចីប្រាក់ខ្លួន ចំនួន ៦០,០០០$ ហើយខ្លួនបានវេរទៅឲ្យអស់ ១០,០០០$ ក៏មានការសង្ស័យហើយក៏តេទៅអតិថិជនផ្ទាល់ដើម្បីសួរនាំទើបដឹងថាមានការចាញ់បោកជនសង្ស័យយ៉ាងពិតប្រាកដ ព្រោះអតិថិជនរបស់ខ្លួន បានអះអាងថា មិនបានឆាតខ្ចីប្រាក់នោះទេ គឺមានគេហែកចូលតេឡេក្រាមរបស់គាត់បាត់ហើយ។ 
តាមរយៈវិធានការជំនាញ និងការតាមប្រម៉ាញ់ជាប់ប្រចាំ រហូតដល់ថ្ងៃទី១៧ ,១៨ និងអី១៩ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥នាក់ ជាបន្តបន្ទាប់ ក្នុងនោះ ជនៀតិខ្មែរ ០១នាក់ , ជនជាតិចិន ចំនួន ០៤នាក់ ដែលមានការពាក់ព័ន្ធជាបណ្តាញ ជាមួយក្រុម Hacker នៅឯបរទេសធ្វើសកម្មភាពហែកចូលតេឡេក្រាមនុស្សជាច្រើន ដើម្បីឆបោកប្រាក់។ 
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញថា ជនសង្ស័យទាំង ០៥នាក់ រួមមាន៖ 


ទី១- ឈ្មោះ YU YULONG ជនជាតិចិន ទទួលខុសត្រូវក្នុងការទំនាក់ទំនងជាមួយក្រុម Hacker នៅក្រៅប្រទេស។ 
ទី២- ឈ្មោះ មាស ស្រីចិន ហៅស្រីពៅ ជនជាតិខ្មែរ ប្រពន្ធរបស់ឈ្មោះ YU YULONG ទទួលខុសត្រូវបកប្រែឆាត ពីខ្មែរទៅចិន និងពីចិនទៅខ្មែរទាំងអក្សរ និងសម្លេងឲ្យក្រុម Hacker។ 
ទី៣- ឈ្មោះ HUANG ZHENG LIANG ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ ,រកបណ្តាញបន្ថែម និងពេលខ្លះទំនាក់ទំនងផ្ទាល់ជាមួយក្រុម Hacker។ 
ទី៤- ឈ្មោះ ZHANG ZHAOCUN ជនជាតិចិន ទទួលខុសត្រូវខាងដកលុយចេញពីធនាគារ។ 
ទី៥- ឈ្មោះ LI QUEQIN ទទួលខុសត្រូវតម្កល់ប្រាក់នៅធនាគារ ដើម្បីធានាប្រតិបត្តិការឲ្យក្រុម Hacker នៅក្រៅប្រទេស។ 
តាមចម្លើយសារភាពរបស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន បានឲ្យដឹងថា ពួកគេស្គាល់ក្រុម Hacker តាមរយៈតែវីឆាត (WeChat) ប៉ុណ្ណោះ មិនដឹងថាពួកនោះនៅទីណាទេ គ្រាន់តែធ្លាប់ឭពួកវាប្រាប់ថា រស់នៅប្រទេសថៃ ហើយពួកវាប្រាប់ថា អាចហែកតេឡេក្រាមបានតាមរយៈផ្ញើសារ ឬកម្មវិធីអ្វីមួយទៅបុគ្គលណាម្នាក់។ ប្រសិនបើបុគ្គលនោះចូលមើល នោះពួកវានឹងចូលទៅគ្រប់គ្រងកម្មវិធីទូរសព្ទ ឬឈានដល់គ្រប់គ្រងអាខោនធនាគារបាន។ ម៉្យាងទៀតប្រសិនបើយើងថតស្កែនលេខតេលេក្រាម ៥ខ្ទង់ផ្ញើទៅឲ្យពួកវា នោះពួកវាក៏អាចគ្រប់គ្រង Telegram យើងបានដូចគ្នា។ 
ចំពោពរាល់ប្រតិបត្តិការជោគជ័យទាំងអស់ឈ្មោះ YU YULONG និងប្រពន្ធឈ្មោះ មាស ស្រីចិន ទទួលបាន ៧%, ឈ្មោះ HUANG ZHENG LIANG ទទួលបាន ៤%, ឈ្មោះ ZHANG ZHAOCUN ទទួលបាន ២%, ឈ្មោះ LI QUEQIN ទទួលបាន ២% នៅសល់ទាំងប៉ុន្មាន គឺត្រូវផ្ញើទៅឲ្យ ក្រុម Hacker តាមរយៈធនាគារ "ហ៊ុយវ័ង"។  
តាមរយៈបទពិសោធន៍នៃការបង្ក្រាបករណីខាងលើនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា " ដោយសារតែបច្ចេកវិទ្យាដើរលឿនពេក ធ្វើឲ្យមានកម្មវិធីជាច្រើនដែលយើងមិនអាចតាមទាន់បាន ដូច្នេះ បងប្អូនដែលប្រើទូរស័ព្ទទាំងអស់មិនត្រូវចូលមើល Link ឬ App ណាមួយ ដែលមានប្រភពមិនច្បាស់លាស់ ហើយផ្ញើមកឲ្យយើង តាមរយៈ SMS, WhatsApp, Telegram, Line ឬ Messenger ក៏ដូចជាមិនត្រូវ ឆ្លើយឆ្លងជាមួយសារទាំងឡាយណា ដែលទាមទារឲ្យយើងបង្ហាញនូវទិន្នន័យផ្ទាល់ខ្លួន ទិន្នន័យធនាគារ ឬថតស្គ្រីនទូរស័ព្ទ របស់យើងទៅពួកគេនោះឡើយ"។ 
លោកបញ្ជាក់ថា បើមានអ្នកស្គាល់ផ្ញើសារជាអក្សរខ្មែរ ឬអក្សរបរទេសមកយើង ដើម្បីខ្ចីប្រាក់ ឬទារប្រាក់ ឬបង្ខំឲ្យទូទាត់អ្វីផ្សេងៗ យើងមិនត្រូវផ្ទេរប្រាក់ទៅភ្លាមៗនោះទេ គឺត្រូវឆែកបញ្ជាក់ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀងវាងការខាតបង់ ឬការចាញ់បោក ដោយប្រការណាមួយលើការប្រើប្រាស់ទូរសព្ទ៕

Tags

Comment