• Today: December 22, 2024

លោក ជា ចាន់តូ អំពាវនាវឲ្យសមាជិក សមាជិកាបក្សទៅបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា ដើម្បីសុខសន្តិភាព និងការអភិវឌ្ឍន៍គ្រប់វិស័យ


(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអំពាវនាវដល់សមាជិក សមាជិកាបក្សប្រជាជនទាំងអស់ ឲ្យបន្តគាំទ្រ និងទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាសុខសន្តិភាពនិងការអភិវឌ្ឍន៍ជាតិ។


ការអំពាវនាវរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសអញ្ជើញ បន្តចុះឃោសនា រកសម្លេងឆ្នោតនៃយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ និងការបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាបក្សនៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំនាថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៣។
លោក ជា ចាន់តូ បានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងមានចក្ខុវិស័យវែងឆ្ងាយ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសជាតិ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះបានប្រកាន់យ៉ាងខ្ជាប់ខ្ជួន នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សទៀ៎តផង ហើយរយៈកាលជាង៤៤ឆ្នាំមកនេះគណបក្សប្រជាជនកម្ពុជា បានខិតខំថែរក្សា និងការពារសុខសន្តិភាព ដែលរកបានមកយ៉ាងលំបាកនោះបានយ៉ាងល្អប្រសើរ និងកំពុងបន្តជម្រុញការអភិវឌ្ឍប្រទេសជាតិ ទទួលបានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ។
នៅក្នុងការជួបសំណេះសំណាលនោះក្រៅពី បានអំពាវនាវដល់សមាជិក សមាជិកបក្សឲ្យទៅបោះឆ្នោតនោះលោក ជា ចាន់តូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ពិសេសត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋ មានសិទ្ធបោះឆ្នោតត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹកជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ៕

Tags

Comment