• Today: December 22, 2024

ព័ត៌មានលំអិត៖ លោកឧត្តមសេនីយទោ ម៉ៅ ច័ន្ទមធុរិទ្ធ ករណីឃាតករបាញ់សម្លាប់មនុស្ស ចំនួន០២នាក់ នៅស្រុកអង្គជ័យផ្តើមឡើងដោយសាររឿងទំនាស់ក្នុងគ្រួសារ

កំពត៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់ បណ្តាញសារព័ត៌មាន MSJ TV នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះថា ករណីឃាតកម្មបាញ់ប្រហារបណ្តាលឱ្យស្លាប់មនុស្ស ចំនួន០២នាក់ នៅស្រុកអង្គជ័យ គឺផ្តើមឡើងដោយសាររឿងទំនាស់ក្នុងគ្រួសារហើយពេលនេះជនរងគ្រោះកំពុងស្ថិតក្នុងមន្ទីរដើម្បីសង្គ្រោះបន្ទាន់។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានឱ្យដឹងទៀតថា បន្ទាប់ពីកើតហេតុ កម្លាំងជំនាញ សហការជាកម្លាំងអធិការដ្ឋាននគរបាលស្រុកអង្គរជ័យ បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើត្រួតពិនិត្យជុំវិញទីតាំងកើតហេតុភ្លាមៗ។ 

សូមរំឭកថា នៅវេលាម៉ោងប្រមាណជាង ១០ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ មានករណីឃាតកម្មដ៏សាហាវមួយបានកើតឡើង ក្នុងភូមិបាល ឃុំតានី ស្រុកអង្គរជ័យ បង្កដោយជនសង្ស័យម្នាក់បានប្រើប្រាស់អាវុធវែង បាញ់ប្រហារទៅលើសាច់ញាតិជាបងថ្លៃ និងបងជីដូនមួយបណ្ដាលស្លាប់ភ្លាមៗ រួចខ្មាន់កាំភ្លើងព្យាយាមបាញ់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនស្លាប់ដោយរងរបួសធ្ងន់ចំទ្រូងកំពុងសង្គ្រោះនៅមន្ទីរពេទ្យ។

តាមប្រភពពីនគរបាល បានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់ ក្នុងហេតុការណ៍បាញ់ប្រហារដ៏ឃោរឃៅខាងលើ រួមមាន៖ ទី១- ឈ្មោះ នួន សុខា ភេទស្រី អាយុ ៤២ឆ្នាំ មុខរបរ គ្រូបង្រៀន មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ បងជីដូនមួយរបស់ជនសង្ស័យ ចំនួន០២គ្រាប់ស្លាប់នៅនឹងកន្លែងកើតហេតុ និងទី២- ឈ្មោះ អៀង ស៊ុន ភេទស្រី អាយុ ៤៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំជាមួយគ្នា ត្រូវបងថ្លៃឃាតករ រងរបួស ចំនួន០២គ្រាប់ បានស្លាប់នៅពេលដែលរថយន្តសង្គ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ចំពោះជនសង្ស័យត្រូវបាននគរបាលប្រាប់ឱ្យដឹងថា មានឈ្មោះ ឡាយ សំអាត ហៅចែម អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុនេះ បានធ្វើសកម្មភាពបាញ់រះទៅលើបងថ្លៃ និងបងជីដូនមួយរបស់ខ្លួន ដោយប្រើប្រាស់អាវុធម៉ាក RPK បាញ់ប្រភេទគ្រាប់ AK ជាច្រើនគ្រាប់ទៅលើសាច់ញាតិបណ្តាលឱ្យស្លាប់រួចបាញ់ធ្វើអត្តឃាតខ្លួនឯងមួយគ្រាប់ត្រង់ដើមទ្រូងមិនស្លាប់ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពត។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់យ៉ាងខ្លីថា «មូលហេតុដែលជនសង្ស័យបាញ់សម្លាប់បងជីដូនមួយ និងបងថ្លៃដោយសាររឿងទំនាស់ក្នុងគ្រួសារ»

សូមបញ្ជាក់ថា ជនសង្ស័យឃាតករបាញ់សម្លាប់សាច់ញាតិខ្លួនឯង គឺជាកូនមន្ត្រីសាលាស្រុកអង្គជ័យម្នាក់ និងជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំផងដែរ។

បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនល្មើសកំពុងសង្គ្រោះក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត ស្ថិតក្នុការយាមកាមយ៉ាងយកចិត្តទុកដាក់ពីសំណាក់សមត្ថកិច្ចជំនាញតែម្តង៕

Tags

Comment