• Today: December 22, 2024

នគរបាលស្រុកត្រាំកក់ បង្ក្រាបមុខសញ្ញាក្រុមចោរវ័យក្មេង ធ្វើសកម្មភាពប្លន់ម៉ូតូលើកំណាត់ផ្លូវជាតិលេខ៣ បានចំនួន ០៣នាក់

 

តាកែវ៖ ក្រុមមុខសញ្ញាជាចោរប្លន់ម៉ូតូវ័យក្មេង តាមដងផ្លូវជាតិលេខ៣ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ ប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនចំនួន ០៣នាក់។

នគរបាលបានឲ្យដឹងថា ករណីប្លន់ម៉ូតូនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៤០នាទី ស្ថិតលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ (៧៥-៧៦) នៅភូមិព្រៃស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ។

ករណីប្លន់យកម៉ូតូខាងលើនេះ បង្កឡើងដោយក្រុមជនសង្ស័យ ចំនួន ០៥នាក់ មិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ចំនួន ០២គ្រឿង បានធ្វើសកម្មភាពយកមួក សុវត្ថិភាពវ៉ៃ និងធាក់ទៅលើជនរងគ្រោះឈ្មោះ ខាត់ លីហ្សៀន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិតាមុំ ឃុំបានៀវ ស្រុកឈូក ខេត្តកំពត ដើម្បីប្លន់យកម៉ូតូ ម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ មូយគ្រឿង ខណៈពេលជិះពីភ្នំពេញទៅផ្ទះនៅស្រុកឈូក ខេត្តកំពត។

មុខសញ្ញាជាចោរប្លន់ទាំង ០៣នាក់ ដែលត្រូវបាននគរបាលស្រុកត្រាំកក់ចាប់ខ្លួន រួមមាន៖

ទី១- ឈ្មោទួន ចាន់តុលា ភេទប្រុស អាយុ ១៤ឆ្នាំ នៅភូមិប៉ប្រក់ខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន។

ទី២- ឈ្មោះ សាន មេសា ភេទប្រុស អាយុ ១៤ឆ្នាំជនជាតិខ្មែរឥស្លាម នៅភូមិឡគោ សង្កាត់លេខ៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេះ ឃាត់ខ្លួន។

ទី៣- ឈ្មោះគង់ សុវណ្ណា ភេទប្រុស អាយុ ២០ឆ្នាំ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួន។

ចំណែកបក្សពួក ០២នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់
មានឈ្មោះ យស់ ចាន់ណា ភេទប្រុស អាយុ ១៦ឆ្នាំជនជាតិខ្មែរឥស្លាម នៅភូមិឡគោ សង្កាត់លេខ៥ ខណ្ឌឫស្សីកែវ និងឈ្មោះ ជីង ចាំង ភេទប្រុស អាយុ ១៦ឆ្នាំ នៅភូមិគីឡូលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា មុខពេលកើតហេតុជនរងគ្រោះ ជិះម៉ូតូពីភ្នំពេញគោដៅទៅផ្ទះ នៅស្រុកឈូក ខេត្តកំពតតែម្នាក់ឯង ស្រាប់តែពេលនោះ ក្រុមជនសង្ស័យមានគ្នា ០៥នាក់ បានធ្វើសកម្មភាពដេញវាយ និងគំរាមប្លន់យកម៉ូតូមួយគ្រឿង។ ប្រភពបន្តថា ក្រោយពេលធ្វើសកម្មភាពបានសម្រេច ក្រុមចោរបានជិះគេចខ្លួន ប៉ុន្តែបានជួបកម្លាំងនគរបាលស្រុកត្រាំកក់ កំពុងចុះល្បាតតាមដងផ្លូវក្រុមជនសង្ស័យក៏នាំគ្នាជិះម៉ូតូរបស់ខ្លួនត្រឡប់បក់ក្រោយយ៉ាងលឿន ខណៈនោះកម្លាំងសមត្ថកិច្ចក៏ជិះម៉ូតូដេញតាមលុះមកដល់ផ្លូវលេខ ២២ ស្ថិតក្នុងភូមិអង្គតាសោម ឃុំអង្គតាសោម កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ព្រមទាំងដកហូតវត្ថុតាង គឺម៉ូតូម៉ាក ហុងដា C125 ពណ៌ខ្មៅ ស៊េរី២០១៨ ឡើងតែមឆ្នាំ២០២២ ពាក់ស្លាកលេខ កំពង់ចាម 1V-9914។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ សមត្ថកិច្ចកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី៕

Tags

Comment