• Today: December 22, 2024

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងលោក វ៉ាង វិនធៀន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ ១៦គ្រឿង និងសម្ភារៈ បរិក្ខារពេទ្យ រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមជាមួយ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តសង្គ្រោះបន្ទាន់ចំនួន ១៦គ្រឿង និងសម្ភារៈ បរិក្ខារពេទ្យ ជាជំនួយឥតសំណងពីប្រជាជន និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅទីស្តីការក្រសួងសុខាភិបាល នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

យោងតាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថារដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ស្ថិតក្រោមការប្ដេជ្ញាចិត្តដ៏មុតមាំរបស់មេដឹកនាំ កំពូលប្រទេសទាំងពីរ ជាពិសេសរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេសទាំងពីរត្រូវបានបង្កើនឡើងជាលំដាប់ និង ឈានដល់កម្រិតកំពូលគឺ កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកំពុងតែអនុវត្ត ផែនការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គម្រោងជំនួយឥតសំណងជាច្រើន មន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ខេត្តត្បូងឃ្មុំ ការផ្ដល់រថយន្តសង្គ្រោះបន្ទាន់ចំនួន ២០០គ្រឿង ការផ្ដល់គ្លីនិកចល័តចំនួន ៤០គ្រឿង និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រជាច្រើន ជាពិសេស ក្នុងអំឡុងពេលដែល ពិភពលោកទាំងមូលរងនូវការរីករាលដាលជំងឺកូវីដ-១៩ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ជំនួយសង្គ្រោះ បន្ទាន់ដើម្បីការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ-១៩ ដូចជា៖

បញ្ជូនអ្នកជំនាញការមកពីតំបន់ស្វយ័តខេត្តក្វាងស៊ី ចំនួន៧រូប រយៈពេល១៥ថ្ងៃ ដើម្បីផ្ដល់ជំនួយបច្ចេកទេសដល់មន្ត្រីសុខាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារតម្រូវការផ្សេងៗ ផ្តល់សម្ភារៈបរិក្ខារវេជ្ជសាស្ត្រសម្រាប់បម្រើឱ្យការងារការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាត នៃ ជំងឺកូវីដ-១៩ តាមរយៈរដ្ឋាភិបាល សមាគម និងក្រុមហ៊ុននានារបស់សាធារណរដ្ឋប្រជាមានិតចិន រួមមាន៖ ១/-ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ និងសម្ភារៈបរិក្ខារមន្ទីរពិសោធន៍សម្រាប់បំពាក់ ឱ្យមន្ទីរពិសោធន៍ នៃមន្ទីរពេទ្យខេត្តព្រះសីហនុ ២/-ម៉ាស៊ីនសម្រាប់ធ្វើតេស្តរកវីរុសកូវីដ-១៩ និងកញ្ចប់ តេស្ដរកវីរុសកូវីដ-១៩ ៣/ម៉ាស៊ីនជំនួយដកដង្ហើម ៤/សម្លៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល ៥/-ម៉ាស់ N95 ៦/-ម៉ាស់វះកាត់ និង ៧/-សម្ភារ បរិក្ខារផ្សេងៗមួយចំនួនទៀត ផ្ដល់ជំនួយ និងសម្របសម្រួលក្នុងការទិញវ៉ាក់សាំងកូវីដ-១៩ បានទាន់ពេលវេលា ដែលមាន ចំនួនសរុបជាង ២៨លានដូស។

កិច្ចសហប្រតិបត្តិការវេជ្ជសាស្ត្របុរាណចិន នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

លោករដ្ឋមន្រ្តី ក៏បានសង្កត់ធ្ងន់ថា ថ្ងៃនេះ ជាមោទនភាពថ្មីមួយទៀត ដែលប្រជាជន និងរដ្ឋាភិបាល នៃ សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់នូវរថយន្តសង្គ្រោះបន្ទាន់ចំនួន១៦គ្រឿង និងសម្ភារៈបរិក្ខារពេទ្យមួយចំនួន ដើម្បីពង្រឹងសមត្ថភាពមូលដ្ឋានសុខាភិបាលបន្ថែមទៀត ក្នុងការឆ្លើយតបទៅនឹងតម្រូវការសេវាថែទាំសុខភាព កាន់តែមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។ រថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារពេទ្យទាំងនេះនឹងចែក ជូនទៅមន្ទីរពេទ្យជាតិចំនួន៣ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្តចំនួន៤ ដែលរថយន្តសង្គ្រោះបន្ទាន់ និងសម្ភារៈបរិក្ខារពេទ្យទាំងនេះនឹងចូលរួមចំណែកដល់ការផ្តល់សេវាថែទាំសុខភាពជូនប្រជាជនកម្ពុជា ដើម្បី ឈានទៅសម្រេចបានការគ្រប់ដណ្តប់សុខភាពជាសកល ពោលគឺគ្មាននរណាម្នាក់ត្រូវបានទុកចោលដោយ មិនបានទទួលសេវាសុខភាពនោះទេ។

លោកឯកអគ្គរដ្ឋទូតចិន បានគូសរំលេចថា ឆ្នាំនេះ ២០២៣ គឺជាខួបអនុស្សាវរីយ៍លើកទៅទី៦៥ នៃ ការបង្កើតទំនាក់ទំនងការទូតរវាងចិន-កម្ពុជា និងជាឆ្នាំមិត្តភាពចិន-កម្ពុជា ភាគីចិនរីករាយសហការជាមួយកម្ពុជា អនុវត្តរួមគ្នា ស្តីពីកុងសង់ស៊ីស ដែលថ្នាក់ដឹកនាំទាំងពីរកំណត់ជូន បន្តនិងផ្សព្វផ្សាយចំណងមិត្តភាព ប្រពៃណីរ វាងចិន និងកម្ពុជា លើកកម្ពស់កិច្ចសហប្រតិបត្តិការទាំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ ដូចជាការ បង្ការនិងព្យាបាលជំងឺឆ្លង  ឱសថបុរាណ និងបណ្ដុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល ពង្រឹងការសម្រប សម្រួលកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យសុខាភិបាលក្រោមក្របខណ្ឌពហុភាគី ចិន-អាស៊ាន ជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា និងសហគមន៍សុខាភិបាលរួមចិន-កម្ពុជា ឱ្យទទួលបាន លទ្ធផលផ្លែផ្កាថ្មី រួមចំណែកកាន់តែធំធេង ក្នុងការផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ចិន -កម្ពុជា។

លោករដ្ឋមន្រ្តី បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេស ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា តែងតែសម្របសម្រួលក្នុងការផ្ដល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិស័យសុខាភិបាល និងបាន ប្រសិទ្ធពរចំណងមិត្តភាពកម្ពុជា-ចិន ស្ថិតស្ថេររឹងមាំជាអមតៈ៕

Tags

Comment