• Today: December 22, 2024

ចុះពីលើរថយន្តបំណងបត់ជើងតូច អកុសលត្រូវរថយន្តមកបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ


ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៣និង ៣០នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នៅតាមបណ្ដាលផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 


បុរសម្នាក់ត្រូវបានរថយន្តបើកបុកពីក្រោយបណ្ដាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទប់ពីចុះពីរថយន្តតាក់ស៊ីបំណងបត់ជើងតូច ។
   សពជនរងគ្រោះមានឈ្មោះ កាន់ ម៉េងលៀង អាយុ ៣១ ឆ្នាំមុខរបរទៅផ្ទះ។ រីឯឪពុកឈ្មោះ កាន់ វៀង អាយុ ៧១ឆ្នាំមុខរបរនៅផ្ទះ អ្នកទាំងពីរស្នាក់នៅភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
   តាមសម្ដីបុរសជាឪពុកបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គាត់និងជនរងគ្រោះជាកូនបានទៅលេងកូនម្នាក់ទៀតនៅឯខេត្តតាកែវ រួចក៏បានជិះរថយន្តតាក់ស៊ីពីខេត្តតាកែវត្រឡប់មកផ្ទះវិញ ពេលដែលជិះមកដល់កន្លែងកើតហេតុ កូនប្រុសរបស់គាត់ដែលជាជនរងគ្រោះក៏បានឈឺបត់ជើងតូច ហើយក៏ប្រាប់អ្នកបើករថយន្តឱ្យឈប់អែបខាង ពេលដែលអ្នកបើករថយន្តបានឈប់អែបខាង ពេលនោះជនរងគ្រោះក៏បានចុះទៅបត់ជេីងតូច ដោយដើរឆ្លងទៅផ្លូវត្រេីយម្ខាងទៀត ។ ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងដែលគាត់មិនចាំម៉ាក បានមកបុកនិងកិនកូនប្រុសរបស់គាត់បែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ចំណែករថយន្តបង្កក៏បានបើកគេចខ្លួនបាត់ស្រមោល ហេីយពេលនោះដែរអ្នកបើករថយន្តតាក់ស៊ីមិននៅចាំយូរក៏ទម្លាក់ឪពុកជនរងគ្រោះនៅកន្លែងកើតហេតុ រួចក៏បានបើករថយន្តទៅបាត់ផងដែរ។

   ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោក៏បានចុះទៅដល់កន្លែងកើតហេតុ ដោយធ្វើការស្រាវជ្រាវរករថយន្តបង្កមកធ្វើការដោះស្រាយគ្នាជាមួយតំណាងជនរងគ្រោះ និងធ្វើលិខិតប្រគល់សពឱ្យទៅឪពុកដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

Tags

Comment