• Today: December 22, 2024

អបអរឆ្នាំថ្មីប្រពៃណីជាតិ! មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល រៀបចំពិធីជួបជុំសំណេះសំណាលជាមួយមន្ត្រីរាជការ មន្ត្រីកិច្ចសន្យា បុគ្គលិក កម្មករ និងនិវត្តជន សំដៅពង្រឹងភាពស្និទ្ធស្នាល និងបន្តជំរុញប្រសិទ្ធភាពការងារ

កណ្តាល៖ នៅថ្ងៃពុធ ១៥កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតី ក្នុងពិធីជួបជុំសំណេះសំណាលជាមួយ បុគ្គលិក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្មករ និងនិវត្តជន នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដោយមានការចូលរួមផងដែរពីសំណាក់ គណៈអភិបាលខេត្តកណ្តាល ថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការ និងនិយោជិកក្រោមឱវាទមន្ទីរជាច្រើនរូប។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល បានគោរពជម្រាបជូនគណៈអធិបតី និងអង្គពិធីទាំងមូលឱ្យបានជ្រាបអំពីសមិទ្ធផលជាច្រើន ដែលមន្ទីរសម្រេចបាន រួមមានជាអាទិ៍៖ (១)ជួសជុលស្ថាបនាកំណាត់ផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវក្នុងក្រុងតាខ្មៅ ចំនួន ៣២ខ្សែ ប្រវែងសរុប ១២៩,៥៦៣គ.ម (២)សាងសង់ស្ពានបេតុងចំនួន ៣កន្លែង ប្រវែង ១២០ម៉ែត្រ (៣)សាងសង់លូមូល និងលូប្រអប់នៅតាមបណ្ដោយផ្លូវ ស្ដារប្រព័ន្ធលូ ប្រឡាយរំដោះទឹកកខ្វក់ និងសាងសង់ស្ថានីយបូមទឹកក្នុងក្រុងតាខ្មៅ (៤)ដំឡើងភ្លើងសញ្ញាចរាចរណ៍មានចំនួន ១២កន្លែង (៥)ផ្សព្វផ្សាយច្បាប់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍ (៦)បើកវគ្គបណ្ដុះបណ្ដាលស្ដីពី សុវត្ថិភាពដឹកជញ្ជូនតាមផ្លូវទឹក និងជំនាញបើកបរនាវា (៧) ត្រួតពិនិត្យរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ ព្រមទាំងការចូលរួមផ្តល់សេវាសាធារណៈ និងការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន ។ ល ។

ក្នុងមតិសំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការអនុវត្តការងារ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនដូចបានរៀបរាប់ខាងលើ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំអនុសាសន៍ផ្តាំផ្ញើរបស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អំពីការប្រែក្លាយការគំរាមកំហែងនានា ឱ្យទៅជាកាលានុវត្តភាព សម្រាប់ការអនុវត្តការងារ និងសូមជំរុញឱ្យមន្ទីរផ្តោតការយកចិត្តទុកដាក់ខ្ពស់បន្ថែម ក្នុងការដោះស្រាយបញ្ហាប្រឈម និងពន្លឿនការងារមួយចំនួនទៀត ដែលមានសារសំខាន់ ជាយុទ្ធសាស្ត្រសម្រាប់ការចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ឱ្យចប់សព្វគ្រប់ និងទាន់ពេល។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញជំនឿយ៉ាងមុតមាំថា ជាមួយនឹងស្មារតីទទួលខុសត្រូវ និងសាមគ្គីភាពខ្ពស់ក្នុងការបំពេញការងារ ក្រោមកិច្ចដឹកនាំប្រកបដោយភាពឆ្លាតវៃ របស់លោកប្រធានមន្ទីរ រំពឹងថាការងារសម្រាប់ឆ្នាំ២០២៣នេះ នឹងទទួលបានលទ្ធផលល្អប្រសើរ។

ជាទីបញ្ចប់ ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លា នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណជាតិ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧  ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ឯកឧត្តមរដ្ឋលេខាធិការ ជួសមុខឱ្យ ឯកឧត្តមទេសរដ្ឋមន្ត្រី សូមគោរពជូនពរដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ បុគ្គលិក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្មករ កម្មការិនី ជាពិសេសលោកអ៊ំ លោកពូ អ្នកមីង ដែលជាមន្ត្រីចូលនិវត្តន៍ទាំងអស់ សូមបានប្រកបទៅដោយពុទ្ធពរទាំងឡាយ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ សូមឱ្យមានសុខភាពល្អបរិបូរណ៍ អាយុយឺនយូរ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ ដើម្បីចូលរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជា ឱ្យកាន់តែរីកចម្រើនឈានឆ្ពោះទៅរកភាពសម្បូរសប្បាយជានិច្ចនិរន្តរ៍។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី តាមរយៈ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអំណោយលើកទឹកចិត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ជូនដល់បុគ្គលិក មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា កម្មករ កម្មការនី ក្នុងម្នាក់ៗទទួលបានអង្ករ ២៥គ.ក និងថវិកាចំនួន ១០ម៉ឺនរៀល ដោយឡែកចំពោះ មន្ត្រីចូលនិវត្តន៍ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥ម៉ឺនរៀលផងដែរ៕

Tags

Comment