• Today: December 22, 2024

អបអរសាទរខេត្តកំពតដែលត្រូវបានប្រកាសជាខេត្តអស់មីនទី១២ ក្រោមគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន, កម្ពុជា​នៅ​សល់​ផ្ទៃដី​មាន​មីន​ចំនួន​ ៥៦៣គីឡូម៉ែត្រក្រឡា​ ត្រូវ​បោសសម្អាត​ឲ្យ​អស់​នៅឆ្នាំ​២០២៥

នាព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលគាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីនក្រោមប្រធានបទ អបអរសាទរខេត្តកំពតត្រូវប្រកាសជាខេត្តអស់មីនទី១២ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម។

សមិទ្ធផលនេះបានកើតចេញពីគុណតម្លៃនៃសន្តិភាពក្រោមគោលនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ អនុប្រធានទី១​ អាជ្ញាធរមីន​ បានគូសបញ្ជាក់ថា​ ការងារបោសសម្អាតមីននៅខេត្តកំពត បានចាប់ផ្តើមពីឆ្នាំ១៩៩៤ ដោយប្រតិបត្តិករចំនួន ៣រួមមាន៖ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា មជ្ឈមណ្ឌលជាតិ NPMEC និងអង្គការ HALO Trust បោសសម្អាតក្នុងទំហំផ្ទៃដីសរុបចំនួន ២៥ ៦៦៦ ១៤១ ម៉ែត្រក្រឡា ស្មើនឹង ២៥២ ចម្ការមីន/គ្រាប់ ដោយរកឃើញ និងបានកំទេចចោលមីនប្រឆាំងមនុស្សចំនួន ៤៥៥៣គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១១គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតចំនួន ២៨៨៧២ គ្រាប់ ដោយមានអ្នកទទួលផលសរុបចំនួន ២២១៤៤៣នាក់។

ទេសរដ្ឋមន្រ្តី​ លី​ ធុជ​ បានសំដែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់គណៈអភិបាលខេត្តកំពត ជាពិសេសគណៈកម្មាធិការសកម្មភាពមីនខេត្ត (ភីម៉ាក់) និងក្រុមការងាររៀបចំផែនការសកម្មភាពមីន (ម៉ាពូ) សម្រាប់សមិទ្ធផលដ៏ត្រចះត្រចង់នេះ។

ជាមួយគ្នានេះអាជ្ញាធរមីននិងកិច្ចខិតខំប្រឹងប្រែងនេះកម្ពុជានៅសល់ផ្ទៃដីសង្ស័យមានមីននិងក្របចំនួន១,៨៨៥ គីឡូម៉ែត្រក្រឡាក្នុងនោះផ្ទៃដីមានមីនចំនួន៥៦៣ គីឡូម៉ែត្រក្រឡាដែលកម្ពុជាមានមហិច្ឆតាបោសសម្អាតឱ្យអស់ត្រឹមឆ្នាំ២០២៥និងផ្ទៃដីមានគ្រាប់បែកចង្កោម ៧២៩ គីឡូម៉ែត្រក្រឡានិងត្រូវបន្តដោះស្រាយក្រោយឆ្នាំ២០២៥។

គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ ផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាតរួច ក្នុងនោះផ្ទៃដីប្រមាណ ៧៦% ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម ដើម្បីចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា។

Tags

Comment