ភ្នំពេញ ៖ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងមន្ត្រីជំនាញបង្ការ សង្គ្រោះអគ្គិភ័យចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ កាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃអង្គារ ៨រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សិ្ថតក្នុងភូមិឫស្សី ក្រុម១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុមានគេលឺសម្លេងផ្ទុះចេញពីក្នុងផ្ទះ (មិនប្រាកដថាផ្ទះមួយណា នៃផ្ទះដែលត្រូវភ្លើងឆេះ)ដោយពលរដ្ឋខ្លះបង្ហើបប្រាប់ថា សង្ស័យទុស្សេខ្សែភ្លើង ឯខ្លះថាមកពីផ្ទុះកំប៉ុងហ្គាស រហូតមានអណ្ដាតភ្លើងឆាបឆេះបន្តិចម្ដងៗឡេីងសន្ធោសន្ធៅ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានចេញរថយន្តបង្ការ សង្គ្រោះអគ្គិភ័យ មកអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជើង ទេីបនៅវេលាម៉ោង ៧និង៤០នាទីយប់នាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ។
ជុំវិញករណីអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ ក្នុងនោះមិនបណ្ដាលឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ដោយអគ្គិភ័យបានឆាបឆេះខូចខាតផ្ទះថ្មប្រក់ស័ង្កសីអស់ ០១ខ្នង នឹងផ្ទះឈើលើថ្មក្រោមចំនួន ០៤ខ្នងអស់ទាំងស្រុង ហើយឆេះរាលដាលចំនួន ០២ខ្នងទៀត ប្រហែល ៣០% ខណៈប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៥គ្រឿង ប្រើប្រាស់ទឹកអស់ ៤៥ឡាន ស្មើរនឹង ១៨០ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ០២ឡាន ស្មើរនឹង ០៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ០៦ម៉ែត្រគូប, រថយន្តរបស់ទីក្រុងនរា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន ស្មើរនឹង ០៤ម៉ែត្រគូប, រថយន្តរបស់កងពលតូចលេខ៧០ ចំនួន ០៤គ្រឿង ពុំបានប្រើប្រាស់ទឹក, រថយន្តរបស់ក្រុមហ៊ុន OCIC ជ្រោយចង្វា ចំនួន ០៦គ្រឿង ពុំបានប្រើប្រាស់ទឹក៕
Comment