ព្រះសីហនុ៖ រថយន្តឃ្លុបដឹកស្រាបៀ ហ្គេនហ្ពឺត មួយគ្រឿងបានបើកបុករថយន្តលិចស៊ីស RX300 វេលាម៉ោង ១និង៣០នាទី ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ (២០៣-២០៤) ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យស្រាបៀធ្លាក់ពេញផ្លូវ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាប្រសាចប្រមូលរើសទុកសម្រាប់កម្មវិធីបង្ហើយចូលឆ្នាំថ្មី។
សេចក្តីរាយការណ៍ បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បង្ករឡើងដោយរថយន្ត ០១គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ៥តោន ពណ៌ស ដឹកស្រាបៀរ "ហ្គេនហ្ពឺត" ពាក់ស្លាកលេខ ព្រះសីហនុ 3A-2470 ធ្វើដំណើរក្នុងទិសដៅ ភ្នំពេញ-ព្រះសីហនុ អ្នកបើកបរឈ្មោះ ផា គា ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅ ភូមិកំពង់ ឃុំកំពង់ ស្រុកបាទី ខេត្តតាកែវ បានប៉ះបុកជាមួយ រថយន្ត ០១គ្រឿងទៀត ម៉ាក លុចសុីស RX300 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-8053 ក្នុងទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ អេ ស្អារី ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នគរបាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្តាលអោយ អ្នកបើកបររថយន្ត លុចសុីស RX300 ឈ្មោះ អេ ស្អារី ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ និងស្រាបៀធ្លាក់ពាសពេញផ្លូវប្រជាពលរដ្ឋនាំគ្នារើសយកផងដែរ។ ជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។
បច្ចុប្បន្ន រថយន្តត្រូវបាននគរបាលយកទៅរក្សាទុកនៅការិយាល័យប៉ូលិសចរាចរណ៍ ដើម្បីកសាងសំណុំរឿងរងចាំដោះស្រាយគ្នាតាមផ្លូវច្បាប់៕
Comment