• Today: November 21, 2024

ករណីឃាតកម្មជាង១០ឆ្នាំមុន! ឃាត.កត្រូវបានកម្លាំងនគរបាលចាប់ខ្លួនតាមដីកា និងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ ដោយគ្មានការព្យួរទោសទេ

 

មណ្ឌលគិរី៖ ករណីឃាតកម្មសម្លាប់ជនរងគ្រោះកាលពីជាង១០ឆ្នាំ ឃាតករត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានហើយតាមដីការបស់តុលាការ និងត្រូវផ្តន្ទាទោសដាក់ព័ន្ធនាគារកំណត់ ២០ឆ្នាំដោយគ្មានការព្យួរទោសឡើយ។

បុរសជាឃាតករសម្លាប់មនុស្សបានគេចខ្លួនអស់រយៈពេលជាង ១០ឆ្នាំកន្លងមកនោះ នៅថ្ងៃទី២៣ ខែមីនា ឆ្នំា២០២៣ នេះ សមត្ថកិច្ចនគរបាលការិយល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការនគរបាលខេត្តមណ្ឌលគិរី បានចាប់ខ្លួនបានហើយតាមអំណាចដីកា របស់តុលាការ នៅត្រង់ចំណុចភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ជនជាប់ចោទឈ្មោះ ឡេង លិញ ហៅ ឡេង ធឿន ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ រងការចោទពីបទ ឃាតកម្មគិតទុក ជាមុន , ប្រើប្រាស់អាវុធ និងសម្លៀកបំពាក់ឯកសណ្ឋានខុសបទបញ្ជា ប្រព្រឹត្តនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគីរី កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៩ កន្លងទៅ ។

លោកលូ ស៊ូសម្បត្តិ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តរតនគីរី បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ២៧/១០ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១០ ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៣២ ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០០៨ បានឃើញសាលក្រមលេខ២០  ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១០ ដែលសម្រេចផ្តន្ទាទោស ឈ្មោះ ឡេង លិញ ហៅ ឡេង ធឿន ភេទប្រុស ជាតិខ្មែរ ទីកន្លែងកំណើតភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្នភូមិកកំ ឃុំកក់ ស្រុកបរកែវ ខេត្ត រតនគិរី ដាក់ពន្ធនាគារកំណត់ ២០ឆ្នាំ ពីបទឃាតកម្ម គិតទុកជាមុន តាមមាត្រា៣ នៃច្បាប់ស្តីពីស្ថានទម្ងន់ទោសបទឧក្រិដ្ឋ និងបទប្រើប្រាស់អាវុធខុសច្បាប់តាមមាត្រា២ នៃច្បាប់ស្ដីពី ការផ្តន្ទាទោសការកាន់អាវុធ និងការពាក់សម្លៀកបំពាក់ឯកសណ្ឋានដោយខុសពីបទបញ្ជា ប្រព្រឹត្តនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០០៩។

ក្រោយពីចាប់ខ្លួនបុរសជាឃាតករត្រូវបានកម្លាំងនគរបាលធ្វើការសាកសួរ និងបញ្ជូនខ្លួនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តន៍តាមផ្លូវច្បាប់៕

Tags

Comment