ភ្នំពេញ៖ ប្រជាពលរដ្ឋជាអតិថិជនដែលរងគ្រោះសារការទិញផ្ទះនៅបុរី VIP ជាង ១០០នាក់បាននាំគ្នាផ្ទុះការតវ៉ាសារជាថ្មី ដើម្បីស្វែងរកដំណោះស្រាយបន្ទាប់ពីពួកខាតបង់លុយកាក់រាប់ពាន់ រាប់ម៉ឺនដុល្លារដើម្បីទិញដី ទិញផ្ទះ ប៉ុន្តែម្ចាស់បុរីអត់មានដីឲ្យ អត់ផ្ទះ និងខ្លះទៀតអត់ទទួលបានបណ្ណកម្មសិទ្ធជាដើម។
ករណីអតិថិជនរងគ្រោះដោយសារចាញ់បោកម្ចាស់បុរី VIP នាំគ្នាតវ៉ាបិទផ្លូវលេខនេះ បានកើតឡើងនៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចមុខច្រកចូលបុរី VIP ស្ថិតនៅក្នុងភូមិម៉ឺត្រ្តា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមប្រជាពលរដ្ឋតវ៉ា បាននិយាយថា ពួកគាត់ទិញដី ទិញផ្ទះ បង់ប្រាក់គ្រប់អស់ហើយ ប៉ុន្តែជាច្រើនឆ្នាំមកនេះ អត់ទទួលបានប័ណ្ណកម្មសិទ្ធិ ហើយអ្នកខ្លះក៏ពុំដឹងថា ដី និងផ្ទះកន្លែងណាទើបនាំគ្នាប្រមូលផ្តុំដើម្បីស្វែងរកការអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសុំឲ្យអាជ្ញាធររាជធានីភ្នំពេញ ពន្លឿនការដោះស្រាយ។
ប្រជាពលរដ្ឋនិយាយទៀតថា ម្ចាស់បុរី និងផ្ទះល្វែង VIP មានឈ្មោះ ហម រ៉ន និងឈ្មោះ វ៉ន ណាក់ ដោយអ្នកខ្លះបានទិញតាំងពីឆ្នាំ២០១៨ គិតរហូតមកទល់នឹងពេលនេះបានបង់ប្រាក់គ្រប់ចំនួនតាមកិច្ចសន្យារ អ្នកខ្លះទទួលបានផ្ទះតែអត់ទាន់បានប័ណ្ណកម្មសិទ្ធិ អ្នកខ្លះទៀត អត់ទាំងដី និងផ្ទះថែមទៀតផង។
កន្លងមកពួកគាត់ធ្លាប់បានតវ៉ាបិទផ្លូវច្រើនលើកមកហើយ ប៉ុន្តែម្ចាស់បុរី VIP ឈ្មោះ ហម រ៉ន និងឈ្មោះ វ៉ន ណាក់ មិនដែលឃើញចេញមុខមកដោះស្រាយជាមួយប្រជាពលរដ្ឋជាអតិថិជនរបស់ខ្លួនឡើយ។ សាលារាជធានីភ្នំពេញ បានសម្របសម្រួលនៅក្រៅប្រព័ន្ធតុលាការក៏ច្រើនលើកផងដែរ ប៉ុន្តែពុំបានធ្វើឲ្យវិវាទមួយនេះ សះជាបាននោះទេ។
នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សាលារាជធានីភ្នំពេញ ក៏បានសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការប្រជុំដោះស្រាយវិវាទនេះផងដែរ ដោយបញ្ជាក់ថា វិវាទនេះ មានលក្ខណៈស្មុគស្មាញ និងពាក់ព័ន្ធច្រើនភាគី។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ០៨:៣០នាទីព្រឹក មានការប្រមូលផ្តុំធ្វើការតវ៉ាបិទផ្លូវ សាធារណៈដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹកលេខ២១៧ ត្រង់ចំណុចមុខបុរី វីអាយភី ស្ថិតនៅ ភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ផ្លូវបំបែកទំនប់សណ្តស្ទឹង និងគល់ស្ពានព្រែកជ្រៃ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម និងស្ដុបបាគូ ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ បង្កដោយអ្នកទិញអចលនទ្រព្យ ជាមួយម្ចាស់បុរី វីអាយភី ប្រមាណ ១០០នាក់ ទោះបីជាអាជ្ញាធរមានសមត្ថកិច្ចបានសំណូមពរឱ្យពួក គាត់បើកផ្លូវសាធារណៈឡើងវិញ ក៏ពួកគាត់មិនស្ដាប់តាមការអង្វរករ ហើយបន្តធ្វើសកម្មភាពបិទផ្លូវ រហូតដល់ម៉ោង ០២និង២០នាទីរសៀល។
រដ្ឋបាលរាជធានីភ្នំពេញ សូមសម្តែងការសោកស្តាយយ៉ាងពន់ពេកចំពោះអ្នកបានទិញអចលនទ្រព្យជាមួយម្ចាស់បុរី វីអាយភី ជឿតាមការញុះញង់របស់អ្នកទិញដូចគ្នាឱ្យធ្វើសកម្មភាពមិនគួរ គប្បីតវ៉ាបិទផ្លូវសាធារណៈដែលជាទង្វើយកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង ដើម្បីធ្វើការដោះស្រាយ វិវាទរបស់ខ្លួន នាំឱ្យប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ។
រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់សារជាថ្មីថា ករណីវិវាទនេះជាវិវាទការអនុវត្ត កិច្ចសន្យាដែលមានការឯកភាពរវាងភាគីទាំងពីរ (អ្នកទិញ និងអ្នកលក់) ជាសំណុំរឿងរដ្ឋប្បវេណ៏ ស្ថិតក្រោមសមត្ថកិច្ចដោះស្រាយរបស់ស្ថាប័នតុលាការ និងមានភាពស្មុគស្មាញចាក់ស្រេះដោយមាន ការពាក់ព័ន្ធជាមួយភាគីទី៣ ឬភាគីច្រើនបន្ថែមទៀត។ ក្នុងរយៈពេលកន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានខិតខំព្យាយាមសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការជាច្រើនលើកច្រើនសារ ចាប់ពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់មានការអញ្ជើញគ្រប់ភាគីពាក់ព័ន្ធវិវាទទាំងអស់មកធ្វើការ ដោះស្រាយបន្តទៀត កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ ព្រមទាំងបាន ចេញសេចក្តីប្រកាសព័ត៌មានជាសាធារណៈ ស្ដីពីលទ្ធផលនៃការប្រជុំដោះស្រាយវិវាទនៅថ្ងៃដដែលនោះ ផងដែរ។ តាមរយៈខ្លឹមសារនៃកិច្ចប្រជុំខាងលើ បើទោះជាគ្រប់ភាគីពាក់ព័ន្ធទាំងអស់បានស្ម័គ្រចិត្ត ប្រគល់សិទ្ធិជាផ្លូវការជូនរដ្ឋបាលរាជធានីភ្នំពេញធ្វើការសម្របសម្រួលដោះស្រាយតាមយន្តការក្រៅប្រព័ន្ធតុលាការក៏ដោយ ក៏មកដល់ពេលនេះភាគីមួយចំនួននៅពុំទាន់ប្រគល់ឯកសារប្រគល់សិទ្ធិមក រដ្ឋបាលរាជធានីភ្នំពេញនៅឡើយ។
អាជ្ញាធររាជធានីភ្នំពេញ បានចាត់ថា ករណីខាងលើនេះ មានបុគ្គលមួយចំនួននៅក្នុងវិវាទនេះបានញុះញង់ ឱ្យអ្នកមានវិវាទដូចគ្នាដទៃទៀត ធ្វើសកម្មភាព និងអាកប្បកិរិយាពុំគួរគប្បី ដោយធ្វើសកម្មភាពអុកឡុក យកផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំង នាំឱ្យមានការថ្នាំងថ្នាក់មិនសប្បាយចិត្តពីសំណាក់សាធារណជន ទូទៅ ដែលកន្លងមកសាធារណជនតែងតែមានការអាណិតអាសូរ និងសំណូមពរអាជ្ញាធរជួយធ្វើការសម្របសម្រួលដោះស្រាយដោយសន្តិវិធីក្រៅប្រព័ន្ធតុលាការ។
រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តការអត់ធ្មត់ ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាពតាមយន្តការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ ស្របតាមខ្លឹមសារ កិច្ចប្រជុំកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ឬយន្តការច្បាប់នានា ចៀសវាងការធ្វើសកម្មភាពខុស ច្បាប់នានា ដូចករណ៏បិទផ្លូវសាធារណៈនៅថ្ងៃនេះ។
អាជ្ញាធរបានធ្វើសូមអំពាវនាវថា នៅពេលខាងមុខកុំឱ្យយក ផ្លូវសាធារណៈធ្វើជាចំណាប់ខ្មាំងក្នុងការដោះស្រាយវិវាទរបស់ខ្លួន បែរជាធ្វើឱ្យប៉ះពាល់ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋទូទៅ។ ក្នុងករណីនៅតែមានការបិទផ្លូវសាធារណៈសារជាថ្មីទៀត ប្រសិនបើមាន សំណូមពរ ឬបណ្តឹងពីប្រជាពលរដ្ឋដែលរងព្យសនកម្មពីសកម្មភាពបិទផ្លូវសាធារណៈ អាជ្ញាធរមាន សមត្ថកិច្ចនឹងពិចារណាចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមាន៕
Comment