ខេត្តកណ្ដាល៖ ម៉ូតូមួយគ្រឿងបើកល្បឿនលឿនបុកម៉ូតូមួយគ្រឿងទៀតនៅខាងមុខ បណ្ដាលឲ្យដួលខ្ទាតចូលកណ្ដាលផ្លូវ ស្របពេលនោះមានរថយន្តមួយគ្រឿងបើកច្រាសគ្នា បុកបណ្ដាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើងវេលាម៉ោង ០០និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ ១ ចន្លោះគីឡូម៉ែត្រ ១៧-១៨ ចំណុចភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកៀនស្វាយបានឲ្យដឹងថា ជនរងគ្រោះស្លាប់ឈ្មោះ ទេស ច័ន្ទម៉ាណា ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បើកបរម៉ូតូម៉ាកHONDA DREAM Fi ពណ៌ខ្មៅប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1BF-7242។
ចំណែកភាគីរថយន្តមិនស្គាល់អត្តសញ្ញាណ បើករត់គេចខ្លួនបាត់។ រីឯអ្នករងរបួសធ្ងន់ឈ្មោះ សឹង សាវី ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល បើកបរម៉ូតូម៉ាកHONDA CLICK ព៌ណក្រហម ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1HC-1663។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេបានឃើញជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតបើកបរម៉ូតូម៉ាក HONDA DREAM Fi ក្នុងទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១។ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូម៉ាក HONDA CLICK បើកបរដោយឈ្មោះ សឹង សាវី ធ្វើដំណើរមានទិសដៅស្របគ្នា ភ្លាមនោះជនរងគ្រោះជាអ្នកបើកបរម៉ូតូម៉ាក HONDA DREAM Fi បានខ្ទាតទៅកណ្តាលថ្នល់ ត្រូវបានរថយន្ត មិនស្គាល់អត្តសញ្ញាណ ដែលបើកបរមានទិសដៅផ្ទុយ(ពីអ្នកលឿងទៅភ្នំពេញ) បានបុកម៉ូតូបន្ថែមនិងកិនអ្នកបើកបរម៉ូតូបណ្តាលឱ្យស្លាប់ នៅកន្លែងកើតហេតុ ហើយរថយន្តបានបើករត់គេចទៅភ្នំពេញបាត់ មុខពេលសមត្ថកិច្ចមកដល់ ។
សាកសពឈ្មោះ ទេស ច័ន្ទម៉ាណា បានប្រគល់ឱ្យគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ។
រីឯអ្នកបើកបរម៉ូតូឈ្មោះ សឹង សាវី រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះនិងគ្រួសារបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ៕
Comment