• Today: November 21, 2024

បណ្តាប្រទេសក្នុងអាស៊ានកោតសរសើរកម្ពុជា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន នៅប្រទេសថៃ

ភ្នំពេញ៖ បណ្ដាប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន (The 7th ASEAN Ministerial Meeting on Sports) បានកោតសសើរ និងវាយតំលៃខ្ពស់ដល់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៍អស្ចារ្យជាប្រវត្តសាស្ត្រ ស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ជាពិសេសចូលរួមគ្រប់ទម្រង់មិនគិតថ្លៃ។

នេះបើតាមការចេញផ្សាយរបស់គណៈកម្មាធិការជាតិកីឡាអូឡាំពិច នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣នេញ។

កិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ាន (The 7th ASEAN Ministerial Meeting on Sports) បានរៀបចំនៅក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ រយៈពេល ៤ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២៣ ខាងមុខនេះ ដោយព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ គឺប្រជុំតែរដ្ឋមន្ត្រីកីឡាអាស៊ានតែប៉ុណ្ណោះ នាថ្ងៃស្អែកទី០១កញ្ញា នឹងមានកិច្ចប្រជុំមួយទៀត សម្រាប់រដ្ឋមន្ត្រីកីឡាអាស៊ាន+ចិន និង រដ្ឋមន្ត្រីកីឡាអាស៊ាន+ជប៉ុន។

បញ្ជាក់ផងដែរថា កម្ពុជាបញ្ជូលប្រតិភូទៅចូលរួមកិច្ចប្រជុំនេះ ចំនួន ០៧នាក់ ដែលដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន។ 

សម្រាប់ការការចូលរួមនេះ គឺផ្ដោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងអាស៊ានខ្លួនឯងផង ក៏ដូចជាអាស៊ាន+ចិន និងអាស៊ាន+ជប៉ុន ដែលត្រូវជួយគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍ និងផ្ដល់ជំនួយ ក្នុងការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដែលមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសង្គមជាតិឲ្យរស់នៅមានសុខភាពល្អ និងឆ្ពោះទៅរកការរីកចម្រើននៃសេដ្ឋកិច្ច ព្រមទាំងកសាងនូវស្មារតីកីឡារបស់អាស៊ាន ក្នុងការបង្រួបបង្រួមអាស៊ាន ឲ្យមានការជួយគ្នាលើការងារអភិវឌ្ឍន៍វិស័យកីឡា និងរៀបចំព្រឹត្តិការណ៍ធំៗនានា»៕

Tags

Comment