• Today: November 21, 2024

អគ្គិភ័យឆាបឆេះផ្ទះកាត់ដេរសម្លៀកបំពាក់និងបន្ទប់ជួលជាច្រើនបន្ទប់


   ភ្នំពេញ៖ ផ្ទះស្តុកកំណាត់និងកាត់ដេរសម្លៀកបំពាក់មួយខ្នងនិងបន្ទប់ជួលជាច្រើនបន្ទប់ត្រូវអគ្គិភ័យឆាបឆេះបណ្តាលឱ្យខូចខាតស្ទេីរតែទាំងស្រុង។  

 ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡេីងកាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២៣ននៅត្រង់ចំណុចផ្ទះកាត់ដេរសម្លៀកបំពាក់ ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
   តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា ផ្ទះកេីតហេតុគឺជាផ្ទះកាត់ដេរសម្លៀកបំពាក់និងស្តុកកំណាត់ ហេីយនៅក្នុងផ្ទះនៃផ្នែកខាងក្រោយគឺជាកន្លែងស្តុកកំណាត់ច្រើនជាងគេ ដោយនៅម្តុំផ្ទះកេីតហេតុភាគីជាច្រើនមិនថាផ្ទះឬបន្ទប់ជួលនោះទេគឺសុទ្ធតែកាត់ដេរសម្លៀកបំពាក់។ នៅមុនពេលកេីតហេតុ ខណៈដែលប្រជាពលរដ្ឋកំពុងតែសម្រាកលង់លក់យ៉ាងស្កប់ស្កល់ ក៏ស្រាប់តែឮសំឡេងម្ចាស់ផ្ទះកេីតហេតុបានស្រែកឆោឡោឱ្យគេឯងជួយ រំពេចនោះប្រជាពលរដ្ឋដែលរស់នៅជុំវិញផ្ទះកេីតហេតុបានចេញមកមេីលក៏ឃេីញមានអណ្ដាតភ្លើងកំពុងតែឆាបឆេះចេញពីក្នុងផ្ទះកេីតហេតុយ៉ាងសន្ធោសន្ធៅ។ បន្ទាប់មកប្រជាពលរដ្ឋបាននាំគ្នាជួយទាញទុយយោទឹកបាញ់ពន្លត់ និងខ្លះទៀតបានយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អណ្ដាតភ្លើង តែមិនអាចគ្រប់គ្រងស្ថានការណ៍បានក៏រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យ។ 
  ប្រភពដដែលបន្តថា បន្តិចក្រោយមកក៏មានសមត្ថកិច្ចមូលដ្ឋាននិងរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងបានមកដល់ទីតាំងកេីតហេតុ តែដោយស្ថានភាពផ្លូវមានភាពតូចចង្អៀតធ្វើឱ្យពិបាកដល់រថយន្តពន្លត់អគ្គិភ័យចូលទៅបាញ់ទឹកពន្លត់ គឺបានត្រឹមតែរាយទុយយោពីខាងក្រៅចូលទៅបាញ់ពន្លត់ ជាហេតុធ្វើអោយអណ្ដាតភ្លើងឆាបឆេះរាលដាលដល់បន្ទប់ជួលដែលនៅជាប់សងខាងនៃផ្ទះកេីតហេតុ។ ខណៈពេលដែលកំពុងតែធ្វើការបាញ់ទឹកពន្លត់ ក៏ស្រាប់តែឮសំឡេងគោះជញ្ជាំងពីក្នុងបន្ទប់ជួលដែលត្រូវបានភ្លើងកំពុងតែឆាបឆេះ។ ភ្លាមៗនោះប្រជាពលរដ្ឋរួមជាមួយសមត្ថកិច្ចក៏បាននាំគ្នាវាយទម្លុះជញ្ជាំងបន្ទប់ផ្នែកខាងក្រោយនិងបាននាំស្ត្រីចំនួន០៤នាក់ដែលជាប់នៅក្នុងបន្ទប់នោះចេញមកក្រៅទាន់ពេលវេលា និងបណ្តាលឱ្យស្ត្រីចំនួនពីរនាក់ក្នុងចំណោម០៤នាក់រងរបួសស្រាល។
   ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទើបគ្រប់គ្រងស្ថានភាពភ្លើងបានជាស្ថាពរ។ ចំពោះមូលហេតុមន្រ្តីជំនាញសន្តិដ្ឋានជាជំហានដំបូងថា អាចបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

Tags

Comment