• Today: December 03, 2024

បង្រ្កាបគ្រឿងញៀន ចំនូន០២គោលដៅ ឃាត់ខ្លួនជនជាតិចិន០២នាក់ រឹបអូសសារធាតុញៀន ជាង៣គីឡូក្រាម

ភំ្នពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ បានបង្ក្រាបបទល្មើសគ្រឿងញៀន ចំនួន០២គោលដៅផ្សេងៗគ្នាឃាត់ខ្លួនជនជាតិ ចំនូន០២នាក់ រឹបអូសគ្រឿងញៀនជាង០៣គីឡូក្រាម។ 

តាមរបាយការណ៍ របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងនៅព្រលប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ នេះថា សមត្ថកិច្ចជំនាញបានស៊ើបអង្កេត និងស្រាវជ្រាវឈានដល់បង្ក្រាបករណីគ្រឿងញៀន ចំនួន០២គោលដៅផ្សេងៗគ្នា។ ប្រភពបន្តទៀតថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ ឃាត់ខ្លួនជនសង្ស័យបាន ចំនួន០២នាក់ និងរឹបអូសគ្រឿងញៀងជាង០៣គីឡូក្រាម។ 

របាយការណ៍ បានឲ្យដឹងទៀតថា នគរបាលជំនាញបានដំណើរការស្រាវជ្រាវបង្ក្រាបករណីរក្សាទុកជួញដូរសារធាតុញៀនទាំង០២គោលដៅ រួមមាន៖ គោលដៅទី១- នៅស្តុបចំការមន សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២- នៅខុនដូរ "ស្តាបេ" ក្ងភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ។ 

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ Wang Xiao Feng ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន និងម្នាក់ទៀត ឈ្មោះ He Jin Hao ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន ។ ចំពោះវត្ថុតាងរួមមាន៖ សារធាតុញៀន MDMA ទម្ងន់២៨៣៤ក្រាម ,សារធាតុញៀន ខេតាមីន ទម្ងន់៧៧៦ក្រាម ,សារធាតុញៀន ម៉េតំហ្វេតាមីន ទម្ងន់ ១.៨០ក្រាម ទម្ងន់សរុបចំនួន ៣គីឡូក្រាមនឹង៦១១.៨០ក្រាម។ 

ប្រតិបត្តិការខាងលើ ធ្វើឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងមកនេះ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញ សហការជាមួយកម្លាំងរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលដឹកនាំពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង រាជធានីភ្នំពេញ និងលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ខេត្តព្រះសីហនុផងដែរ។ 

សូមជម្រាបថា រយៈពេលចុងក្រោយនេះ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានខិតខំបំពេញការងារជំនាញរបស់ខ្លួនយ៉ាងសកម្ម បង្ក្រាបបាននូវករណីជួញដូរគ្រឿងញៀនធំៗជាបន្តបន្ទាប់ ដែលជំរុញឲ្យកម្លាំងជំនាញ ខិតខំតស៊ូយ៉ាងស្វិតស្វាញបង្ក្រាបបទល្មើសគ្រឿងញៀនឲ្យអស់ ពិសេសបទល្មើសទ្រង់ទ្រាយធំៗ៕

Tags

Comment