បាត់ដំបង: នាថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៣ ឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម បានអមដំណើរឯកឧត្តម សក់ សេដ្ឋា ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបវេល ចូលរួមជួបជុំសំណេះសំណាលសមាជិក សមាជិកាចំនួន១,០៥០រូប និងពិធីបញ្ចូលសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៥០០រូប។
ពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តមអនុប្រធានចុះជួយស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធាន-អនុប្រធានក្រុមចុះជួយឃុំ ព្រមទាំងក្រុមការងារតំណាងឯកឧត្តម បណ្ឌិត ម៉េង សុភ័ណ្ឌ និងសមាជិកសមាជិកាជាច្រើនរូបផងដែរ។
ក្នុងការជួបជុំសំណេះសំណាលសមាជិកសមាជិកានោះដែល ឯកឧត្តម សក់ សេដ្ឋា បានចេញគោលនយោបាយ៤ចំនុច :
១) បញ្ហាព្រំដែន
២) បញ្ហាសេដ្ឋកិច្ច
៣) កិច្ចការងារបរទេស
៤) កិច្ចការងារអភិវឌ្ឍន៍តាមមូលដ្ឋាន
នាកិច្ចសំណេះសំណាល និងបញ្ចូលសមាជិក សមាជិកាថ្មីរបស់គណបក្សប្រជាជនកម្ពុជានេះ ឯកឧត្តម បានលើកយកចំនុចស្នូលទាំង៨ចំនុចរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីការពារ និងលើកស្ទួយផលប្រយោជន៍របស់ប្រជាជនដូចជា:
១- ថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដើម្បីធានា ភាពសុខសាន្តរបស់ប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ។
២- ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយតម្លាភាព ងាយស្រួល និងជឿ ទុកចិត្ត, បន្តអនុវត្តការមិនយកកម្រៃសេវាលើការចុះបញ្ជីកំណើត បញ្ជីអាពាហ៍ពិពាហ៍ បញ្ជីមរណភាព ការផ្ដល់ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។
៣- បន្តមិនយកពន្ធលើដីកសិកម្មជាលក្ខណៈគ្រួសារ ជួយកសិករក្នុងការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិ- ផលដោយថ្លៃសមរម្យ បែងចែក និងផ្តល់កម្មសិទ្ធិដីជូនគ្រួសារក្រីក្រគ្មានដីដែលបានអនុវត្តតាមលក្ខខណ្ឌ សម្បទានដីសង្គមកិច្ច, ទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីគ្រប់ប្រភេទរបស់រដ្ឋដោយខុសច្បាប់ និងបន្តធ្វើប្រទានកម្មដឹ ជូនប្រជាជនរស់នៅ និងអាស្រ័យផលលើទីតាំងដីរដ្ឋតាមគោលការណ៍ដែលរដ្ឋបានកំណត់។
៤- បន្តអនុវត្តគោលការណ៍លុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាម កញ្ច្រែង កញ្ជើ ល្អី នៅតាមទីផ្សារនានានៅទូទាំងប្រទេស, អាជីវករលក់ដូរតាមផ្សាររដ្ឋ និងទីតាំងផ្សាររដ្ឋមានសិទ្ធិ កាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលលើតូប រាន ស្តង់លក់ដូរ និងមានសិទ្ធិផ្ទេរសិទ្ធិទាំងនេះឱ្យកូនចៅ ឬអ្នក ដទៃបាន, បន្តកាត់បន្ថយចំណាយសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈយន្តការនៃការរក្សាស្ថិរភាព ថ្លៃម្ហូបអាហារ និងកាត់បន្ថយថ្លៃទឹក និងថ្លៃអគ្គិសនីសម្រាប់ប្រជាជនទូទៅ។
៥- លើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព, បន្តអភិវឌ្ឍគ្រប់ឃុំ សង្កាត់ ឱ្យមានផ្លូវ គមនាគមន៍កាន់តែល្អ តាមរយៈការជួសជុលថែទាំផ្លូវជាប្រចាំ ការស្ថាបនាផ្លូវថ្មីៗថែមទៀត និងការលើកកម្ពស់ផ្លូវ ពីផ្លូវដីទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង, មានអគ្គិសនី និងទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់, មានប្រព័ន្ធធារាសាស្ត្រ កាន់តែប្រសើរឡើង និងមានសេវាទូរគមនាគមន៍ប្រកបដោយគុណភាព។
៦- បន្ដដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, បន្តកែសម្រួល និងដំឡើងប្រាក់ សោធននិវត្តន៍របស់អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន, បន្តដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត ព្រម ទាំងរក្សាអត្ថប្រយោជន៍ផ្សេងៗសម្រាប់កម្មករ និយោជិត, លើកកម្ពស់ការការពារសិទ្ធិ និងផលប្រយោជន៍កម្មករទាំង ក្នុងប្រព័ន្ធ និងក្រៅប្រពន្ធ, បន្តអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងបន្តអនុវត្តកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំនៃគ្រួសារក្រីក្រ។
៧- លើកកម្ពស់ការផ្តល់សេវាថែទាំសុខភាពប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ជូនប្រជាជន។ បន្តផ្តល់សេវាថែទាំសុខភាពបឋមនៅមណ្ឌលសុខភាព និងសេវាបង្ការ ធ្វើរោគវិនិច្ឆ័យ ព្យាបាល ថែទាំ និងស្តារនីតិ- សម្បទានៅតាមមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសដោយមិនបង់ថ្លៃជូនប្រជាជនក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធី មូលនិធិសមធម៌សុខាភិបាល, ពង្រីកសាលាបឋមសិក្សាដល់គ្រប់ភូមិ ពង្រីកអនុវិទ្យាល័យដល់គ្រប់ឃុំ និងបង្កើន វិទ្យាល័យនៅតាមស្រុក, យុវជនទទួលបានឱកាសក្នុងការរៀនសូត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការងារធ្វើ។
៨- ពង្រឹងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍តាមច្បាប់ជាធរមាន លើកកម្ពស់ការងារបង្ការ ទប់ស្កាត់ និងបង្ក្រាប ការលួចជ្រៀតចូល ការស្នាក់នៅ និងការធ្វើសកម្មភាពខុសច្បាប់របស់ជនបរទេសដែលបានចូលមកកម្ពុជា។
សូមរំលឹកថា ឃុំអំពិលប្រាំដើម ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានចុះជួយមូលដ្ឋានឃុំអំពិលប្រាំដើម បានធ្វើអោយឃុំមួយនេះបានការអភិវឌ្ឍន៍យ៉ាងគួរអោយកត់សំគាល់ ដែលធ្វើអោយសមាជិក សមាជិកាគណបក្សប្រជាជន កម្ពុជា និងប្រជាពលរដ្ឋស្ទើរតែទាំងស្រុងគោរព ស្រឡាញ់ឯកឧត្តម។ ដោយការសង្កេតឃើញការអភិវឌ្ឍន៍ភាពស្មោះត្រង់ និងការលះបង់អ្វីគ្រប់បែបដើម្បីផលប្រយោជន៍ ជាតិ ប្រជាពលរដ្ឋជាធំរបស់ឯកឧត្តម បានធ្វើអោយថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃគណបក្សក្រៅពីគណបក្សប្រជាជន កម្ពុជា បានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាកម្ពុជាយ៉ាងពេញចិត្ត និងកក់ក្តៅបំផុត។
ដោយសារគណបក្សប្រជាជន កម្ពុជា បានបង្កើត និងប្តេជ្ញារក្សាសន្តិភាពអោយបានគង់វង់យូរអង្វែង អញ្ជឹងសូមគោរពអញ្ចើញប្រជាជនកម្ពុជា ទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣នេះ។ អត្ថបទ: លោក រ៉ម គឹមហួរ
Comment