ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភ្លើងស្តុបចំការមន តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវម៉ៅសេទង ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
រថយន្តស៊េរីទំនើបមួយគ្រឿងបើកបរដោយជនជាតិចិនមានគ្នា៣នាក់ក្នុងល្បឿនលឿនបំពានភ្លើងស្តុបពណ៌ក្រហមបានជ្រុលទៅបុកជាមួយរថយន្តKIA Moning បណ្តាលឱ្យរបួសស្ត្រីម្នាក់ ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកKIA moning ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BL-0793 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចភ្លើងស្តុបចំការមនជាកន្លែងកើតហេតុដោយសារភ្លើងស្តុបលោតពណ៌ខៀវទើបបន្តទៅមុខ ភ្លាមនោះស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកប៊ែលី ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជាBANTLY.9 បើកបរដោយបុរសជនជាតិចិនម្នាក់រួមដំណើរជាមួយមនុស្សប្រុសស្រី២នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនទាំងបំពានភ្លើងស្តុបក៏ជ្រុលទៅបុកជាមួយរថយន្តKIA ពេញទំហឹងបណ្តាលឱ្យស្ត្រីម្នាក់ជិះក្នុងរថយន្តKIAរងរបួស ចំណែករថយន្តរងការខូចខាតទាំងសងខាង។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុនិងធ្វេីការសម្របសម្រួលដោយភាគីខាងរថយន្តស៊េរីទំនេីបចេញថ្លៃជួសជុលទៅលេីរថយន្តKIAដេីម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្តង៕
Comment