• Today: November 21, 2024

លោក គឹម គាវិន ប្រធានមន្ទីរសូរិយោដី ខេត្តឧត្តរមានជ័យ ត្រូវពលរដ្ឋចោទថា ជាមន្រ្តីពុករលួយជាប្រវត្តិសាស្ត្រ ហ៊ានរំលោភយកដីផ្លូវសាធារណៈ និងចេញប្លង់កម្មសិទ្ធលើដីបឹងតាម៉ុក

ឧត្ដរមានជ័យ៖ រូបថត និងបដាររាប់រយសន្លឹក ត្រូវបានប្រជាពលរដ្ឋ នាំគ្នាដាក់ចងដង្ហែតាមផ្លូវចូលទៅអតីតផ្ទះតាម៉ុក បានបកអាក្រាតរឿងពុករលួយរបស់លោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តឧត្តរមានជ័យ ដែលបានឃុបឃិតគ្នារំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋ និងធ្វើប័ណ្ណកម្មសិទ្ធរំលោភយកដីបឹងខ្មោចតាម៉ុកតែម្តង។

អ្នកភូមិជាច្រើននាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ នេះ បានឈរកាប់បដារ ដុតធូប សែនក្បាលជ្រូក និងមានរូបថតលោក គឹម គាវិន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តឧត្តរមានជ័យ ដោយពលរដ្ឋចោទថា "ជាមន្រ្តីពុករលួយជាប្រវត្តិសាស្ត្រ និងមន្ត្រីគ្រាប់ល្ពៅ ដែលហ៊ានរំលោភយកដីផ្លូវសាធារណៈ និងចេញប្លង់កម្មសិទ្ធលើដីបឹងតាម៉ុក"។

មានបដារជាច្រើនបានចងតម្រៀបគ្នាតាមផ្លូវចូលទៅអតីតផ្ទះតាម៉ុក ស្ថិតក្នុងភូមិអភិវឌ្ឍន៍ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បកអាក្រាតរឿងពុករលួយ និងរឿងអាស្រូវខ្ទេចគ្មានសល់ របស់លោកប្រធានមន្ទីរភូមិបាលខេត្តឧត្តមានជ័យ។

នៅលើកបដារដែលមានរូបថតលោក គឹម គាវិន បានសរសេរថា "សូមសម្តេចពុក សម្តេចម៉ែ និងឯឧត្តម ជា សុផារ៉ា មេត្តាវះកាត់សាច់ស្អុយលើមន្ត្រីនេះផង ហ៊ានរំលោភដីផ្លូវសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ថែមទាំងយកដីបឹងតាម៉ុងធ្វើជាកម្មសិទ្ធខ្លួនឯង ដែលមានក្បាលដីលេខ៨៥៥"។

តាមប្រជាពលេដ្ឋ ចំនួន ១៣គ្រួសារ បានចោទប្រកាន់ លោក គឹម គាវិន ប្រធានមន្ទីររៀចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្ដឧត្ដរមានជ័យ ជាមន្ត្រីពុករលួយប្រវត្ដិសាស្ដ្រ ដែលហ៊ានចេញប័ណ្ណឲ្យទៅឈ្មោះ លី ដាលីន រំលោភលើដីលំនៅដ្ឋានពួកគាត់ ចំនួន ១៣គ្រួសារ និងរំលោភយកផ្លូវសាធារណៈរបស់រដ្ឋចូលផ្ទះតាម៉ុក និងធ្វើប័ណ្ណកម្មសិទ្ធិយកដីបឹងតាម៉ុក ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ដែលមានលេខក្បាលដី៨៥៥ រួមទាំងមន្ត្រីមួយចំនួនទៀត ដែលបម្រើការងារក្នុងសាលាខេត្ដឧត្ដរមានជ័យ ចំនួន ១០នាក់ រួមមាន ៖

ទី១- ឈ្មោះ លៀម សុដា អតីតអភិបាលរងខេត្ដឧត្ដរមានជ័យ ក្បាលដីលេខ៨៥៣ ទំហំ ៤៩០ម៉ែត្រការេ។

ទី២- ឈ្មោះ លឹម សុខតូ អភិបាលរងខេត្ដឧត្ដរមានជ័យ ប្រពន្ធឈ្មោះ វើង ផាន់ណា ក្បាលដីលេខ៨៥៤ មានទំហំ ៤៣២ម៉ែត្រការេ។ 

ទី៣- ឈ្មោះ គឹម គាវិន ប្រធានមន្ទីរាបចំដែនដីខេត្ដឧត្ដរមានជ័យ ប្រពន្ធឈ្មោះ ស៊ុន សោភ័ណ ក្បាលដីលេខ ៨៥៥ ទំហំ ១៩៧១ម៉ែត្រការេ។

ទី៤- លោក ស៊ិន ផេង ប្រពន្ធ ឈ្មោះ ព្រំ អៃ លេខក្បាលដី ៨៥៨ ទំហំ ១៩៧០ម៉ែត្រការេ។

ទី៥- ឈ្មោះ ណៃ យ៉ន ស្លាប់ ប្រពន្ធ ឈ្មោះ គិត សុផល ក្បាលដី ៨៥៩ ទំហំ ៣៥៩ម៉ែត្រការេ។ 

ទី៦- ឈ្មោះ ខែម វាសនា ប្រពន្ធឈ្មោះមុិល លក្ខិណា ក្បាលដីលេខ ៨៦០ ទំហំ ១៨៨ម៉ែត្រការេ។ 

ទី៧- ឈ្មោះ ហោ សំអាត ស្លាប់ ប្រពន្ធឈ្មោះ ណុប ស៊ីមុន្នី ក្បាលដីលេខ ៨៦១ ទំហំ ៥៥៤ម៉ែត្រការេ។ 

ទី៨- ឈ្មោះ សេង សុង ប្រពន្ធឈ្មោះ គឹម វឿន ក្បាលដីលេខ ៨៦៧ ទំហំ ២៧៤ម៉ែត្រការេ។ 

ទី៩-  ឈ្មោះ មុំ ម៉ុន ប្រពន្ធឈ្មោះ វ៉ា សុខា ក្បាលដីលេខ ៨៦៩ ទំហំ ១៩៤ម៉ែត្រការេ។ 

ទី១០- ឈ្មោះ មុិល កំរុន ប្រពន្ធឈ្មោះ សៀន លីហ្សា ក្បាលដីលេខ ៨៧០ ទំហំ ១៩១ម៉ែត្រការេ។ 

នៅរសៀលថ្ងៃ២០ ខែមេសា ឆ្នាំ២០២៣ នេះ លោកគឹម គាវិន ប្រធានមន្ទីរសូរិយាដីខេត្តឧត្តមានជ័យ មិនអាចសុំការបកស្រាយរាល់ការចោទប្រកាន់របស់ពលរដ្ឋខាងលើបានឡើយ ព្រោះមិនអាចទំនាក់ទំនងបាន។ ចំពោះអ្នកពាក់ព័ន្ធ១០នាក់ផ្សេងទៀតក៏មិនទាន់បានសុំការបំភ្លឺបានដូចគ្នា៕

Tags

Comment