ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា នាពេលដ៏ខ្លីខាងមុខនេះ បញ្ចេញនូវទស្សនៈក្នុងការដឹកនាំថា “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច”។
នេះបើយោងតាមការបង្ហោះរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី លើបណ្តាញសង្គម នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា បានសរសេរថា ទស្សនៈមួយក្នុងការដឹកនាំ “ការរិះគន់ក្នុងគោលបំណងស្ថាបនា គឺខុសពីការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូច។ ចំពោះរាល់ការរិះគន់ ក្នុងគោលបំណងស្ថាបនាក្នុងចេតនាសុចរិត យើងស្វាគមន៌ និងផ្ដល់តម្លៃ”។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរបញ្ជាក់ថា “ផ្ទុយទៅវិញ ចំពោះការប្រឌិតបញ្ហាដើម្បីបង្កាច់បង្ខូចក្នុងចេតនាទុច្ចរិត យើងមិនចាំបាច់ឲ្យតម្លៃនោះទ្បើយ ព្រោះនាំតែខាតពេលវេលាឥតប្រយោជន៍”។
សូមជម្រាបថា យោងតាមសារសម្លេងពិសេសរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា “បណ្ឌិត ហ៊ុន ម៉ាណែត និងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី នៃកម្ពុជា សម្រាប់រាជរដ្ឋាភិបាលថ្មី នីតិកាលទី៧ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ”៕a
Comment