ថ្ងៃព្រសហ្បតិ៍ ៦រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម លឹម ស៊ីដេនិន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) លើការងារសហប្រតិបត្តិការប្រព័ន្ធបច្ចេកវិទ្យាចាប់ទីតាំង Satellite Beiduo ជាមួយក្រុមហ៊ុន China Great Wall Industry Corporation ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញពីអគ្គនាយដ្ឋានសាធារណការ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងថ្នាក់ដឹកនាំនៃក្រុមហ៊ុន China Great Wall Industry Corporation។
តាមរយៈកិច្ចពិភាក្សានេះ ក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) បានធ្វើបទបង្ហាញ និងស្នើសុំពិភាក្សាពិនិត្យលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យានេះ ដើម្បីចូលរួមចំណែកក្នុងការ ស្វែងរកដំណោះស្រាយលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិត ការបើកបរហួសល្បឿនកំណត់ដោយច្បាប់។ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធ Satellite BeiDou នឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា សមស្របជាមួយនឹងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ៕
Comment