ព្រះសីហនុ៖ ក្រុមជនសង្ស័យ ចំនួន ០៤នាក់ ក្នុងនោះចិន ០៣នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន ទៅកាន់តុលាការខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់ និងឃុំខ្លួនជាបណ្តោះអាសន្ន។
ក្រុមជនសង្ស័យទាំង០៤នាក់ រួមមាន៖ ទី១- ឈ្មោះ ដួង រដ្ឋា អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅ មិនពិតប្រាកដ ,ទី២- ឈ្មោះ YANG FAMENG អាយុ ៣៤ ឆ្នាំ ,ទី៣- ឈ្មោះ WU GUIZHE អាយុ ៤៨ឆ្នាំ និងទី៤- ឈ្មោះ SHEN GUANG FENG អាយុ ៤១ឆ្នាំជនជាតិចិនទាំងនេះមានមុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចនគរបាល ខេត្តព្រះសីហនុ បានឥ្យដឹងថា កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ សមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ និងរឹបអូសវត្ថុតាង បានជាបន្តបន្ទាប់ រួចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។
វត្ថុតាងដកហូតមាន សារធាតុញៀន ច្រើនប្រភេទដូចជា មេតំហ្វេតាមីនទឹកកក (ICE) ទម្ងន់ ២០៨,៩៥ ក្រាម(ទម្ងន់សុទ្ធ), កេតាមីន (K) ទម្ងន់ ៩៨,១៣ ក្រាម(ទម្ងន់សុទ្ធ) , អេចស្តាស៊ី ( MDMA) ២០,២០ ក្រាម, មេតំហ្វេតាមីន ( YW) ទម្ងន់ ៩,១៦ ក្រាម រួមនឹងមានរថយន្ត ម៉ាក LEXUS ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BI 2755 ,ម៉ូតូ១គ្រឿង និងសម្ភារះប្រើប្រាស់ មួយចំនួន។
បច្ចុប្បន្ន មុខសញ្ញាជនាង្ស័យទាំង ០៤នាក់ ត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធធានាគារខេត្តព្រះសីហនុ៕
Comment