• Today: November 21, 2024

Update: បំបែកសំណុំរឿងវាយសម្លាប់មនុស្សកណ្តាលវាលស្រែ ដោយចោទប្រកាន់ជនរងគ្រោះជាចោរ ត្រូវបាននគរបាលចាប់ខ្លួនអ្នកពាក់ព័ន្ធ ចំនួន០៧នាក់

ព្រៃវែង៖ សំណុំរឿងឃាតកម្មសម្លាប់ជនរងគ្រោះម្នាក់ នៅកណ្តាលវាលស្រែ រហូតសពហើមស្អុយរលួយទើបប្រទះឃើញនោះ ត្រូវបានកម្លាំងស្នងការដ្ឋានខេត្តព្រៃវែង បំបែកបានដោយចាប់ខ្លួនជនសង្ស័យ ចំនួន០៧នាក់ ដោយសារចោរជនរងគ្រោះជាចោរ។

ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានឱ្យដឹងនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នេះថា ជនសង្ស័យចំនួន០៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវ និងចាប់ខ្លួនមកសាកសួរពាក់ព័ន្ធករណីឃាតកម្មវាយសម្លាប់​មនុស្សកណ្តាលវាលស្រែ។

ជនសង្ស័យចំនួន ០៧នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន រួមមាន៖ ទី១- ឈ្មោះ រិន ប្រិមប្រិយ ហៅកី ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ,ទី២- ឈ្មោះ មុំ ចិត្តា ហៅចិត្ត ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា, ទី៣- ឈ្មោះ ប្រាក់ ចំរើន ហៅធុយ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃសំរោង ឃុំព្រៃពូន ស្រុកកំពង់ត្របែក ,ទី៤- ឈ្មោះ គង់ វិវឌ្ឍន៍ ហៅខ្លី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពូន ស្រុកកំពង់ត្របែក ,ទី៥- ឈ្មោះ គង់ សាម៉េត ហៅម៉េន ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពូន ស្រុកកំពង់ត្របែក ,ទី៦- ឈ្មោះ អ៊ុន វ៉ា ហៅស្វិត ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក និងទី៧- ឈ្មោះ ផង់ ស៊ីណា ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិត្រពាំងក្រសាំង ឃុំព្រៃពូន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ចំណែកជនរងគ្រោះមានឈ្មោះ ឡុង នី ភេទប្រុស អាយុ ៦០ឆ្នាំ រស់នៅភូមិតាប្រុយ ឃុំព្រៃពោន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ០០និង២០នាទី យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

ក្រោយពីប្រទះឃើញសាកសពជនរងគ្រោះ សមត្ថកិច្ចបើកការស៊ើបអង្កេត និងស្រាវជ្រាវកំណត់បានមុខសញ្ញាជនសង្ស័យព្រួតវាយជនរងគ្រោះដោយចោទប្រកាន់ជាចោររលួចបណ្តាលឲ្យស្លាប់នៅកណ្តាលវាលស្រែទាំងយប់ និងបាននៅផ្ទះធ្វើមិនដឹងរហូតឈានដល់ការចាប់ខ្លួនតែម្តង។ 

តាមការបំភ្លឺរបស់ឈ្មោះ អ៊ុន សារៀន ភេទស្រី អាយុ ៤៥ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក បានឲ្យដឹងថា កាលពីវេលាម៉ោងប្រមា៧ ១២យប់រំលងងធ្រាត្រ ឈានចូលថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ កន្លងមកនេះ មានចោរចូលផ្ទះរបស់ខ្លួនពេលឃើញចោរភ្លាមៗ គាត់មានការភិតភ័យពេកក៏ទូរស័ព្ទទៅប្រាប់បងប្រុសខ្លួនឈ្មោះ រុន រ៉ា អាយុ ៥២ឆ្នាំ នៅភូមិជាមួយគ្នា បន្តិចក្រោយមកក៏ឮសំឡេងស្រែកថា ចោរៗព័ទ្ធចាប់ៗ ឮសំឡេងជាច្រើននាក់ តែមិនដឹងថា នរណាខ្លះនោះទេ ព្រោះគាត់មិនហ៊ានចេញពីក្នុងផ្ទះ ហើយសំឡេងស្រែកនោះ គឺនៅជាប់របងផ្ទះគាត់ផ្នែកខាងត្បូង។ ការបំភ្លឺបានឱ្យដឹងទៀតថា ក្រោយពីស្រែកព័ទ្ធចាប់រយៈពេល ១០នាទីបងរបស់ខ្លួនឈ្មោះ អ៊ុន រ៉ា ក៏ចូលក្នុងផ្ទះខ្លួនយកពិលទៅបំភ្លឺដើររកមើលចោរក្នុងដីភូមិទៀត តែមិនឃើញគាត់ក៏ត្រឡប់ទៅវិញ បន្ទាប់មកទៀតបងស្រីខ្លួនឈ្មោះ អ៊ុន សារុំ បានមកដេកជាមួយខ្លួន លុះដល់ម៉ោងប្រហែល៤ទៅ៥ទៀបភ្លឺ សមត្ថកិច្ចនគរបាលបានស្រែកហៅខ្លួនឱ្យក្រោកឡើងសួរនាំពីហេតុការណ៍ចោរចូលលួច ខ្លួនបានប្រាប់ថា ចោរចូលលួចតែមិនបានលួចទ្រព្យសម្បត្តិអ្វីនោះទេ ។ 

យោងតាមបំភ្លឺពីសាក្សីនៅជុំវិញកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឮសំឡេងស្រែករបស់ម្ចាស់ផ្ទះឈ្មោះ អ៊ុន សារឿន ភេទស្រី ថាមានចោរចូលផ្ទះ និងឃើញក្រុមជនសង្ស័យទាំង០៧នាក់ខាងលើ រត់ចេញពីរោងបុណ្យផ្ទះឈ្មោះ ជូ សុផល ហៅប៉ិល ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិតាមូង ឃុំថ្កូវ ស្រុកកំពង់ត្របែក នាំគ្នាទៅព័ទ្ធផ្ទះរបស់ឈ្មោះ អ៊ុន សារឿន។ បន្ទាប់មកពួកគេចាប់ចោរនោះបាន ក៏ធ្វើសកម្មភាពព្រួតវាយបណ្ដាលឲ្យស្លាប់តែម្តង។ ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវប្រមូលភស្តុតាង និងឃាត់ខ្លួនជនសង្ស័យទាំង០៧នាក់ខាងលើ មកសាកសួរ និងកសាងសំណុំរឿងទៅតាមនីតិវិធី។ 

បច្ចុប្បន្ន ជនសង្ស័យទាំង០៧នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញបានបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

 

 

Tags

Comment