នៅព្រឹកថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានដឹកនាំកងកម្លាំងនគរបាលចំណុះស្នងការដ្ឋានចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា នៅមុខសារមន្ទីរប្រវត្តិសាស្រ្ដ សាលាខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធជុំវិញខេត្ត និងមន្រ្ដីរាជការសាលាខេត្តបាត់ដំបង សិស្សានុសិស្សយ៉ាងច្រេីនកុះករផងដែរ។
ក្នុងឱកាសដ៏ថ្លៃថ្លា វិសេសវិសាលបំផុតនេះយេីងខ្ញុំក្នុងនាមកងកម្លាំងនគរបាលជាតិទូទាំងខេត្តបាត់ដំបងទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ តេជៈបារមី ព្រះឥន្ទ្រ ព្រះព្រហ្ម បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រិយានីខ្មែរ គ្រប់ព្រះអង្គ សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង សូមព្រះអង្គទ្រង់ប្រកបដោយ ព្រះបរមសុខគ្រប់ប្រការ និងគង់ប្រថាប់ក្នុងរាជសម្បត្តិប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះរាជសុខភាពបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ជាម្លប់ដ៏ត្រជាក់ត្រជំ ដល់ប្រជានុរាស្រ្ដរបស់ព្រះអង្គជានិច្ចនិរន្តរ៍៕
Comment