• Today: December 03, 2024

ព្រះរាជអាជ្ញាដឹកនាំបញ្ជាកម្លាំសមត្ថកិច្ចចម្រុះជាង ៣ម៉ោង ដើម្បីនាំខ្លួនម្ចាស់ហាងកែសម្ផស្ស យីហោ “S88 Beauty ផ្សាធំថ្មី” មកសាកសួរ និងបន្តនិតិវិធី


ភ្នំពេញ៖ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានដឹកនាំបញ្ជាកម្លាំងមានសមត្ថកិច្ចចម្រុះប្រមាណជាង ៣ម៉ោង ដើម្បីនាំខ្លួនម្ចាស់ហាងកែសម្ផស្ស យីហោ “S88 Beauty ផ្សាធំថ្មី” យកមកសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
    ប្រតិបត្តិការចុះនាំខ្លួនម្ចាស់ហាងកែសម្ផស្ស “S88 Beauty ផ្សាធំថ្មី” នេះធ្វើឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ខណៈម្ចាស់ប្រេនមួយនេះចង់គេចវេះមិនចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់។ ការចុះនាំខ្លួននេះទាំងតំណាងអយ្យការ និងសមត្ថកិច្ចត្រូវចំណាយរយៈជាង ៣ម៉ោង ទើបអញ្ចេីញម្ចាស់ហាង “S88 Beauty ផ្សាធំថ្មី” ចេញពីគេហដ្ឋានមកក្រៅជួបសមត្ថកិច្ច។
    ចំពោះម្ចាស់ ហាងកែសម្ផស្ស “S88 Beauty ផ្សាធំថ្មី” ត្រូវបានគេស្គាល់ថាមានឈ្មោះ ពេទ ពិសិដ្ឋ ភេទប្រុស អាយុប្រមាណជាង ៤០ឆ្នាំ បន្ទាប់សាខាហាងកែសម្ផស្សនេះ មានទីតាំងនៅផ្ទះលេខ ១១០A ផ្លូវលេខ៥៣  សង្កាត់ផ្សារថ្មី៣  ខណ្ឌដូនពេញ  បានព្យាបាល និងកែសម្ផស្សបណ្តាលឲ្យអតិថិជនប្រតិកម្មសន្លប់  ក្អួតចង្អោរ  និងចុកដើមទ្រង បន្ទាប់ពីមកទទួលសេវាកម្ម ព្យួរសេរ៉ូមឱ្យសាច់ស  ស្ទីមស៊ែល  នៅហាង កែសម្ផស្ស យីហោ “S88 Beauty ផ្សាធំថ្មី”។
    សូមជម្រាបថា ស្ត្រីរងគ្រោះជាប្រពន្ធតារាកំប្លែង “នាយពាក់មី” បានទៅទទួលសេវាកម្មកែសម្ពស្សនៅហាងកែសម្ផស្ស ០១កន្លែង ដែលមានស្លាកយីហោ “អេស ៨៨ ប៊ីយូធី ផ្សារធំថ្មី” នៅវេលាម៉ោង ១និង៣៥នាទីរសៀល ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែបន្ទាប់ពីទទួលសេវាកម្មព្យាបាល និងកែសម្ផស្សប្រពន្ធពាក់មីបានវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់មកកើតមានអាការៈធីងធោងមិនស្រួលក្នុងខ្លួន បណ្តាលឲ្យក្អួត ឈឺក្នុងដើមទ្រូង និងរាកធ្ងន់ធ្ងរ រហូតដល់ក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះភ្លាមៗ។ ស្ថានភាពដំបូងប្រពន្ធតារាកំប្លែងល្បីល្បាញ នាយពាក់មីមានអាការៈស្ទើប៉ះពាល់ដលអាយុជីវិត ប៉ុន្តែសំណាងល្អត្រូវបានក្រុមគ្រួពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត្រជួយសង្គ្រោះទាន់ពេលវេលា។
    សូមបញ្ជាក់ថា ស្ត្រីរងគ្រោះមានឈ្មោះ ជា សុធីម អាយុ ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ14Eo ផ្លូវជាតិ៥ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវជាប្រពន្ធរបស់លោក ចែម ចាន់រ៉ា ហៅ នាយពាក់មី ជាតារាកំប្លែង និងសម្តែងដ៏ល្បីល្បាញក្នុងវិស័យសិល្បៈប្រចាំកម្ពុជា។
    ក្រោយកើតមានករណីខាងលើ ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកដំណើរការមជ្ឈមណ្ឌលថែរក្សាសម្ផស្ស អេសប៉ែតសិបប្រាំបី ប៊ីយូធី (S88 BEAUTY) ដែលមានទីតាំងផ្ទះលេខA៣៧ ផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងបន្តអនុវត្ត គោលការណ៍ច្បាប់ដែលមានជាធរមាន ដោយមូលហេតុម្ចាស់មជ្ឈមណ្ឌលថែរក្សាសម្ផស្សនេះ បានបើកសាខាជាច្រើនកន្លែងដោយ គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល ហើយក្នុងចំណោមនោះមានទីតាំងមួយកន្លែង ស្ថិតនៅផ្ទះលេខ១១០ ផ្លូវលេខ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
    ពាក់ព័ន្ធបញ្ហាខាងលើនេះ ក្រសួងសុខាភិបាល បានបិទ និងដកហូតនូវសេចក្ដីសម្រេចឱ្យបើកអគារលក់ឱសថបុរាណ សញ្ញាក្អមមាស ដែលមានទីតាំងនៅផ្ទះលេខ១៨៣ ផ្លូវបេតុង ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងបន្តអនុវត្តគោលការណ៍ច្បាប់ដែលមានជាធរមាន ដោយ មូលហេតុបានល្មើសក្នុងការផ្សព្វផ្សាយលើសពីការពិត និងព្យាបាលដោយគ្មានបច្ចេកទេសដែលបណ្ដាលឱ្យអ្នកជំងឺមានគ្រោះថ្នាក់ដល់ជីវិត។
   បច្ចុប្បន្ន ម្ចាស់ហាងកែសម្ផស្ស យីហោ “S88 Beauty ផ្សាធំថ្មី” សមត្ថកិច្ចនាំខ្លួនយកទៅកាន់អធិការដ្ឋានខណ្ឌដូនពេញ ដើម្បីសាកសួរ និងបន្តនិតិវិធីតាមផ្លូវច្បាប់៕


Tags

Comment