• Today: November 21, 2024

រដ្ឋបាលខេត្តកំពង់ធំនាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគេនព្រះសង្ឃចំនួន១០វត្ត ក្នុងក្រុងស្ទឹងសែន


(កំពង់ធ)៖ ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី រួមទាំងក្រុមការងារនាំយកទៀនព្រះវស្សា គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនប្រគេនព្រះសង្ឃចំនួន១០វត្ត ក្នុងក្រុងស្ទឹងសែន ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ ដែលបានរៀបចំនៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ។
   ឯកឧត្តម ងួន រតនៈ បញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនាជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។
   លោកបន្តថា ពុទ្ធបរិស័ទដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។
   អភិបាលខេត្តបន្តទៀតថា ព្រះពុទ្ធសាសនាគឺជាសាសនារបស់រដ្ឋដែលយើងទាំងអស់គ្នាមានជំនឿ និងគោរពប្រតិបត្តិតាម ព្រោះថាព្រះពុទ្ធសាសនាបានផ្តល់ការអប់រំផ្លូវចិត្តឱ្យប្រព្រឹត្តនូវអំពើល្អ និងចេះជួយយកអាសាគ្នា សាមគ្គីភាពគ្នា រស់នៅក្នុងសង្គមមួយដោយសុខដុមរមនា។

   លោកបានលើកឡើងថាព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌សង្គម ជាទីជម្រកសម្រាប់ការសិក្សាអប់រំរបស់កូនអ្នកស្រុក និងជាកន្លែងសម្រាប់ស្នាក់នៅបន្តការសិក្សារបស់យុវជនមកពីជនបទនៅតាមទីក្រុងផងដែរ។

   លោកថា វិស័យព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងការអប់រំប្រៀនប្រដៅមនុស្សឲ្យប្រព្រឹត្តអំពើល្អ ស្គាល់បុណ្យស្គាល់បាប និងជួយអភិវឌ្ឍសង្គមជាតិឲ្យរីកចំរើនផងដែរ។

   លោកបានអំពាវនាវឱ្យមហាជនទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាពដែលមានតម្លៃ និងផ្តល់ឱកាសឱ្យយើងគ្រប់គ្នាបានធ្វើបុណ្យទាន និងសិទ្ធសេរីភាពគ្រប់បែបយ៉ាង។

សូមបញ្ជាក់ថា ក្នុង១វត្តទទួលបាននូវទៀនវស្សា១គូ អង្ករ២០០គីឡូក្រាម មី៥កេស ទឹកស៊ីអ៊ីវ៤យួរ ទឹកត្រី៤យួរ ទឹកបរិសុទ្ធ៤កេស ទឹកក្រូច៤កេសនិងថវិកាមួយចំនួនផងដែរ៕


Tags

Comment