• Today: November 21, 2024

មន្ដ្រីជាន់ខ្ពស់រាជធានីភ្នំពេញ ស្នើឱ្យមន្ត្រី ខណ្ឌ សង្កាត់ មន្ទីរ ត្រូវខិតខំដុសខាត់ អភិវឌ្ឍន៍ចំណេះដឹងរបស់ខ្លួនឱ្យបានល្អ

 

ភ្នំពេញ ៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងអោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យ មន្ត្រីរដ្ឋបាលរាជធានី មន្ត្រី ខណ្ឌទាំង១៤ មន្ត្រីសង្កាត់ មន្ទីរ ត្រូវតែខិតខំបណ្ដុះ បណ្ដាល ការរៀនសូត្របន្ថែម សំដៅធ្វើយ៉ាងណាឲ្យលទ្ធផលការងារ ទទួលបានជោគជ័យបន្ថែមជូនពលរដ្ឋ ក្នុងអាណត្ដទី៧ នេះ ឲ្យបានល្អ ។ 
លោកបានជំរុញបែបនេះ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងវគ្គបណ្តុះ បណ្តាល ស្ដីពីការពង្រឹង និងអភិវឌ្ឍន៏ សមត្ថភាពដឹកនាំក្នុងអង្គភាព ប្រកបដោយសុខដុមនីយកម្ម នៅសាលារាជធានីភ្នំពេញ។
   លោក កើត ឆែ បានមានប្រសាសន៍ថា មន្ត្រីរបស់យើងទាំងអស់ ត្រូវតែយកចិត្តទុក ដាក់រៀនសូត្រ ដុសខាត់ចំណេះវិជ្ជា ឲ្យកាន់តែខ្លាំងឡើង ប្រៀបបាននឹងកាំបិតអញ្ចឹងដែរ បើយើងមិនបានសំលាងដុសខាត់នោះទេ វានឹងមិនមុតស្រួចនោះដែរ។ ការងារនេះ តម្រូវឲ្យយើងដុសខាត់រៀនសូត្ររាល់ថ្ងៃ ទើបការងាររបស់យើងកាន់តែល្អប្រសើរឡើង។
លោក កើត ឆែ បានបញ្ជាក់ថា ទិន្នផលការងារ មិនអាចបានមក ដោយគ្មានការលះបង់នោះទេ ហើយការងារដែលទទួលបានជោគជ័យ គឺជាការងារដែល មានសុខដុមនីយកម្មជាមួយគ្នា ។
    លោកបានបន្ថែមថា ក្នុងនាមជាថ្នាក់ដឹកនាំ ជាមេកើយរបស់គេ ត្រូវតែមានព្រហ្មវិហារធម៌ ចំពោះកូនចៅ មិនអាចបំផ្លិចបំផ្លាញកូនចៅរបស់ខ្លួននោះទេ។ លោកបានបញ្ជាក់ថា អំណាចគឺជាភ្លើង ប្រសិនបើយើងយកភ្លើងនេះទៅប្រើឲ្យខុសគោលដៅ នោះវានឹងបំផ្លិចបំផ្លាញគេហើយ ប៉ុន្តែបើយើងយកភ្លើងនេះទៅប្រើត្រឹមត្រូវគោលដៅ វានឹងធ្វើឲ្យថ្នាក់ក្រោមរបស់យើង មានភាពរីក ចម្រើន ។ ប៉ុន្តែផ្ទុយទៅវិញ បើយើងយកភ្លើងនេះ ទៅបំភ្លេចបំផ្លាញគេ នោះគេនឹងរកគ្រប់មធ្យោបាយ ដើម្បីពន្លត់ភ្លើងនេះហើយ។
   សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងដោយមានការចូលរួមពីលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី ជំនួយការ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ពីនាយក នាយករងរដ្ឋបាល នាយក នាយិកាទីចាត់ការ-ប្រធានអង្គភាព នាយក-នាយករងដ្ឋបាលសាលាខណ្ឌ ទាំង១៤ ប្រធាន-អនុប្រធានការិយាល័យ សង្កាត់ ចៅសង្កាត់រង ។ 
    នេះជាការអញ្ជើញជាគ្រូឧទ្ទេសលើកទីពីរហើយ បន្ទាប់ពីទីចាត់ការគ្រប់គ្រង ធនធានមនុស្សបានអញ្ជើញលោកគ្រូ ចូលរួមជាគ្រូឧទ្ទេស ក្នុងវគ្គតម្រង់ទិសស្តីពី «ការបណ្តុះផ្នត់គំនិតរបស់បុគ្គលិក ក្នុងការបំពេញការងារ» កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ជូនដល់ក្រុមគោលដៅជាមន្ដ្រីរាជការ-មន្ត្រីជាប់កិច្ចសន្យា ចំនួន ៣៤៤រូប ដែលបម្រើការងារនៅសាលារាជធានីភ្នំពេញ និងសាលាខណ្ឌទាំង១៤៕


Tags

Comment