• Today: November 03, 2024

រឿងគប់បំបែកកញ្ចក់រថយន្តពលរដ្ឋតាមដងផ្លូវ​ ចង់ល្បីគ្រប់ខេត្តហើយ ម្តងនេះអ្នកខេត្តព្រះសីហនុសុំម្តង!

 

ខេត្តព្រះសីហនុ​៖​ បច្ចុប្បន្ន​នេះយេីងសង្កេត​ឃេីញថា​ មានជនខិលខូច​មួយ​ចំនួន​ តែងតែ​ធ្វើ​សកម្មភាព​លួចគប់បំបែកកញ្ចក់រថយន្តរបស់ប្រជាពលរដ្ឋតាមដងផ្លូវ​ ល្បីស្ទេីរគ្រប់ខេត្តទៅហើយ ប៉ុន្តែ​ករណី​ទាំង​នោះ​ ត្រូវ​បានកម្លាំងសមត្ថកិច្ចជំនាញ​ តាមបណ្ដាខេត្ត​-ក្រុង​ រាជធានី​ ក៏មិនបណ្ដោយឱ្យក្រុមជនដៃដល់ទាំងនោះ​ គេចផុតពី​សំណាញ់ច្បាប់នោះឡេីយ។ 

ជាក់ស្ដែង​កម្លាំងសមត្ថកិច្ច​នគរបាល​ខេត្តព្រះសីហនុ​ បានស្រាវជ្រាវ​ចុះបង្រ្កាប​ និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា​ ប្រើដុំថ្មគប់ប្រហារលើរថយន្ត ០១គ្រឿង ម៉ាក ឡិចសុីស RX33​0 ពណ៌ស ក្នុងទិសដៅផ្ទុយ​គ្នា បណ្តាលឱ្យបែកកញ្ច​ក់ខាងមុខផ្នែកខាងឆ្វេង។​

យោងតាម​របាយការណ៍​ របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ២២និង៣០នាទី នៅចំណុចផ្លូវចំណោទអូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគប់កញ្ចក់រថយន្ត មួយកើតឡើង បង្កដោ​យជនសង្ស័យចំនួន០២នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿង មកដល់ចំណុចខាងលើ បាន ប្រើដុំថ្មគប់ទៅលើរថយន្ត ០១គ្រឿង ម៉ាក ឡិចសុីស RX33​0 ពណ៌ស ក្នុងទិសដៅផ្ទុយ​គ្នា បណ្តាលឱ្យបែកកញ្ច​ក់ខាងមុខ ផ្នែកខាងឆ្វេង។  ក្រោយកើតហេតុ ជនរងគ្រោះ បានបន្តដំណើរទៅលំនៅដ្ឋា​ន នៅឯភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុងព្រះ​សី​ហនុ  ដោយពុំបានប្ដឹងរាយការណ៍នោះទេ។ 

ពេលទៅដល់ផ្ទះគាត់ ទើបគាត់ទូរ​ស័ព្ទប្រចាំបញ្ជារបស់អធិការ​ដ្ឋាននគរ​បាលស្រុកព្រៃនប់ ដោយគាត់បានរៀបរាប់ប្រាប់ដល់សមត្ថកិច្ចយើងថា៖  ពេលគាត់មកដល់ចំណុចខាងលើ ក៏មានជនសង្ស័យ២នាក់ ជិះម៉ូតូ០១គ្រឿង បានធ្វើសកម្មភាពយកដុំថ្មគប់រថយន្តគាត់តែម្តង ក្រោយកើតហេតុ ជនបង្ករត់គេចខ្លួនបាត់​។​

ក្រោយទទួលបានព័ត៌មាននេះភ្លាម លោកស្នងការបានបញ្ជាឱ្យកម្លាំងអធិការដ្ឋាននគបាលស្រុកព្រៃនប់ ចុះមកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង បានធ្វើការស្រាវជ្រាវស្វែងរក និងនាំខ្លួនជនសង្ស័យចំនួន២នាក់ មកសាកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង តែជនទាំង២នាក់រឹងរូសមិនឆ្លើយសារភាព រហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ១និង៤៥នាទី ទើបបានបញ្ជូនជនសង្ស័យទាំង២ មកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដើម្បីបន្តសាកសួរនីតិវិធី ជំនាញ ទើបជនសង្ស័យទាំង២នាក់ ព្រមសារភាពថា៖ ខ្លួនពិតជាបានធ្វើសកម្មភាព គប់ដុំថ្មទៅលើកញ្ចក់រថយន្តពិតប្រាកដមែន ។ មូលហេតុ ដោយខឹងរថយន្តជិះទិសដៅផ្ទុយគ្នាបើកភ្លើងហ្វាដាក់ចាំងភ្នែកខ្លួន មិនព្រមទម្លាក់ភ្លើងហ្វា ទើបខ្លួនខឹងក៏គ្រវែងដុំថ្មគប់ ប៉ុន្តែបែរជាត្រូវរថយន្តខាងក្រោយទិសដៅស្របគ្នាទៅវិញ បណ្តាលឱ្យបែកកញ្ចក់ខាងមុខ។

ជនសង្ស័យទាំង២នាក់បានឆ្លើយសារភាពថា៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ វេលេម៉ោងប្រហែល ២២និង០០នាទី ពួកគេទាំង២នាក់ បានជិះម៉ូតូចេញពីវត្តគិរីសុខារ៉ាម ស្ថិតនៅក្នុងភូមិពូធឿង ឃុំបិតត្រាំង ឆ្ពោះទៅក្រុងព្រះសីហនុ ដើម្បីតាមរកក្រុមស្ទាវ១ក្រុម ដែលបានចូលក្នុងវត្តរករឿងបង្កជម្លោះ ជាមួយរបស់ក្រុមខ្លួន។ 

ដោយជិះទៅបានប្រហែល ៤០០ម៉ែត្រ ពួកគេទាំង២នាក់បានឈប់ម៉ូតូបទជើងតូច និងបានរើសដុំថ្ម១ដុំ ដាក់នៅផ្នែកខាងមុខ គៀបប្រឡោះភ្លៅ ( អ្នកបើក ) រួចក៏បានបន្តដំណើរទៅមុខទៀតបានប្រហែល ១០០ម៉ែត្រ ក៏បានឃើញរថយន្តមួយគ្រឿង មានទិសដៅផ្ទុយគ្នា បានបើកភ្លើងហ្វា ធ្វើឱ្យពួកគេទាំង២នាក់ ពិបាកមើលផ្លូវ ពេលនោះឈ្មោះ ហេង ក៏បានបើកភ្លើងហ្វាម៉ូតូ ញាក់ចំនួន២ទៅ៣ដងដែរ ដើម្បីសុំអោយរថយន្តនោះទម្លាក់ភ្លើងហ្វា តែរថយន្តនោះមិនទម្លាក់អោយទេ ទើបឈ្មោះ ហេង បានយកដុំថ្មដែលរើសទុក ក្រវែងគប់ទៅលើរថយន្តនោះ តែម្ដងទៅ ប៉ុន្តែបែរជាត្រូវរថយន្តខាងក្រោយជិះទិសដៅស្របគ្នាទៅវិញ បន្ទាប់ពីធ្វើសម្មភាពរួចពួកគេទាំង២នាក់ ក៏បានជិះម៉ូតូរត់គេចខ្លួនទៅ តាមផ្លូវបត់ក្រុមហ៊ុន អាន កូ ចុះទៅខ្មែរធ្វើបាន រួចជិះទៅភូមិរបស់ខ្លួនវិញ ទើបសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។

ជនរងគ្រោះមានឈ្មោះ ផែន ឆេងលី ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ៣ (ទំនប់រលក) សង្កាត់១ ក្រុងព្រះ​សី​ហនុ 

ចំណែកជនសង្ស័យមានឈ្មោះ ១. ឈ្មោះ សោម សឿន ហៅនឿន ភេទប្រុស អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  និង២. ឈ្មោះ គន ស៊ុនហេង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ( ជាអ្នកគប់កញ្ចក់រថយន្ត )ស្នាក់នៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ  ។ 

ចំណែក​វត្ថុតាងដកហូតរួមមាន ៖ ម៉ូតូអាសង់ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ គ្មានស្លាកលេខ និងគ្មានកាបាំងមុខ ចំនួន១ គ្រឿងទូរស័ព្ទចំនួន៣ គ្រឿង ម៉ាកVIVO ពណ៌ខ្មៅ ១គ្រឿងម៉ាកLG ពណ៌ទឹកប្រាក់ ១គ្រឿងម៉ាកOPPO១គ្រឿងដុំថ្ម១ដុំ។

បច្ចុប្បន្ននៅថ្ងៃទី០៣​ ខែមេសា​ ឆ្នាំ​២០២នេះកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់កំពុងបន្តនីតិវិធីជំនាញដេីម្បីកសាងសុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមច្បាប់​

Tags

Comment