• Today: November 21, 2024

សង្គ្រោះស្ត្រីជនជាតិឥណ្ឌូនេស៊ី ពាក់ព័ន្ធករណីលេខ៧៧៧ ប្តឹងចូលមកសម្តេចក្រឡាហោម ស ខេង មិនពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ឡើយ នឹងរៀបចំបញ្ជូនទៅប្រទេសកំណើតវិញ

ភ្នំពេញ៖ ក្រុមប្រតិបត្តិការស៊ើបអង្កេត និងស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ចំពោះលទ្ធផលប្រតិបត្តិការស្វែងរកស្ត្រីជនបរទេសម្នាក់ ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងករណីលេខ៧៧៧ ត្រូវបានសមត្ថកិច្ចបិទបញ្ចប់ស្រាវជ្រាវ ដោះស្រាយបញ្ចប់ ដោយមិនមានពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ទេ និងកំពុងរៀបចំបញ្ជូនទៅប្រទេសកំណើតវិញ។

ក្រុមប្រតិបត្តិការស៊ើបអង្កេត និងស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នេះ បានឱ្យដឹងថា ស្ត្រីជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះ YANNA PUSPITA SARI ត្រូវសមត្ថកិច្ចស្នងការខេត្តបន្ទាយមានជ័យ ស្រាវជ្រាវរកឃើញក្នុងទីតាំងក្រុមហ៊ុនមួយកន្លែង បន្ទាប់ពីមានបណ្តឹងចូលហ្វេសប៊ុកផេកសម្តេចក្រឡាហោម ស ខេង ករណីលេខ៧៧៧ ថាមាន​ករណីបង្ខាំងមនុស្សដោយខុសច្បាប់ ប៉ុន្តែក្រោយពេលស៊ើបអង្កេត និងស្រាវជ្រាវមិនមានពាក់ព័ន្ធការបង្ខាំងមនុស្សដោយខុសច្បាប់ឡើយ ខណៈពេលនេះស្ត្រីរូបនេះ សមត្ថកិច្ចបានបញ្ជូនទៅកាន់មណ្ឌលត្រៀមបណ្ដេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។

សូមជម្រាបថា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការស៊ើបអង្កេត និងស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនដោយខុសច្បាប់ ទទួលបានសំណើសុំអន្តរាគមន៍ពី ជនជាតិឥណ្ឌូនេស៊ី ឈ្មោះ YANNA PUSPITA SARI ភេទស្រី កើតថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៩៩៥ កាន់លិខិតឆ្លងដែនលេខ E2361222 ដែលសង្ស័យត្រូវបានបង្ខាំងក្នុងទីតាំងមួយកន្លែងក្នុងខេត្តបន្ទាយមានជ័យ។ បន្ទាប់ពីទទួលបានព័ត៌មាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចុះស្រាវជ្រាវរកឃើញឈ្មោះ YANNA PUSPITA SARI នៅចំណុចទីតាំងក្រុមហ៊ុនមួយកន្លែង។

ក្រោយពីស្ដាប់ការបំភ្លឺរបស់សាមីខ្លួន បានឱ្យដឹងថា នាងបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ក្នុងគោលបំណងមកធ្វើការងារក្នុងក្រុមហ៊ុនមួយនៅខេត្តបន្ទាយមានជ័យ តាមរយៈភ្នាក់ងារ ស្វែងរកការងារ កំឡុងពេលបម្រើការក្នុងក្រុមហ៊ុន គឺទទួលបានកន្លែងស្នាក់នៅសមរម្យ និងអាហារគ្រប់គ្រាន់ ប៉ុន្តែកន្លែងការងារប្រើប្រាស់ភាសាចិន និងអង់គ្លេស ហើយខ្លួនមិនសូវចេះភាសាទាំងពីរនោះទើបធ្វើឱ្យពិបាកក្នុងការធ្វើការ ក៏មានបំណងចង់លាឈប់ពីការងារ និងវិលត្រឡប់ទៅប្រទេសកំណើតវិញ តែរូបនាងពុំមានប្រាក់គ្រប់គ្រាន់សម្រាប់ចំណាយលើការធ្វើដំណើរ។

ស្ត្រីជនជាតិឥណ្ឌូនេស៊ី បានបំភ្លឺប្រាប់សមត្ថកិច្ចទៀតថា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៣ ក៏បានដាក់សំណើសុំអន្តរាគមន៍ទៅកាន់ទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង លុះមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក៏មានសមត្ថកិច្ចចុះទៅស្វែងរកខ្លួន និងបានអញ្ជើញមកធ្វើការសាកសួរនៅកន្លែងសមត្ថកិច្ចតែម្តង។ ដោយផ្អែកតាមការបំភ្លឺរបស់ស្រ្តីខាងលើ និងការពិនិត្យជាក់ស្ដែង ក្រុមប្រតិបត្តិការពិនិត្យឃើញថា ករណីនេះមិនមានសញ្ញាណ នៃការបង្ខាំងមនុស្សដោយខុសច្បាប់នោះទេ ជាក់ស្តែងដោយសារតែរូបនាងមិន​មានប្រាក់គ្រប់ គ្រាន់ ដើម្បីជាមធ្យោបាយធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ ទើបបង្កើតជាសាច់រឿងថាខ្លួនត្រូវបានគេបង្ខាំងក្នុងចេតនាចង់ឱ្យសមត្ថកិច្ចជួយសម្របសម្រួលដល់ខ្លួនបានត្រឡប់ទៅប្រ​ទេស​ឥណ្ឌូនេស៊ីវិញតែប៉ុណ្ណោះ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានបញ្ជូនស្ត្រីជនជាតិឥណ្ឌូនេស៊ី ឈ្មោះ YANNA PUSPITA SARI ទៅកាន់ មណ្ឌលត្រៀមបណ្ដេញចេញរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីបន្តអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍៕

Tags

Comment