ភ្នំពេញ៖ នារីជនជាតិចិនម្នាក់ ត្រូវបានត្រូវបានក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៃអគ្គស្នងការនគរបាលជាតិ បានរកឃើញ និងជួយសង្គ្រោះ រៀបចំបញ្ជូនទៅប្រទេសកំណើត ប៉ុន្តែមានពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។
នារីរងគ្រោះ ត្រូវបានសមត្ថកិច្ច បានឲ្យដឹងនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ នេះថា ក្រុមប្រតិបត្តិការស៊ើបអង្កេត ស្រាវជ្រាវ បណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនដល់សាធារណជន អំពីលទ្ធផលកិច្ចប្រតិបត្តិការស្វែងរកជនបរទេស ដែលបានស្នើសុំអន្តរាគមន៍ តាមរយៈទំព័រហ្វេសបុកសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (ករណីលេខ ៧៧៩)។
តាមរបាយការណ៍ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ក្រុមប្រតិបត្តិការ ទទួលបានសំណើ សុំអន្តរាគមន៍ពីស្ត្រីជនជាតិចិន ឈ្មោះ SONG HUILING កើតថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៩៧ កាន់លិខិតឆ្លងដែនលេខ EG6006217 ដែល សង្ស័យត្រូវបានបង្ខាំងក្នុងទីតាំងមួយកន្លែងស្ថិតនៅខេត្តកោះកុង។ ក្រោយទទួលបានសំណើសុំអន្តរាគមន៍ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាល ខេត្តកោះកុង បានចុះស្រាវជ្រាវរកឃើញស្ត្រីជនជាតិចិនខាងលើ កំពុងស្នាក់នៅក្នុងក្រុមហ៊ុនមួយកន្លែង ស្ថិតនៅខេត្តកោះកុង។
តាមការបំភ្លឺរបស់សាមីខ្លួន បានឱ្យដឹងថា នាងបានចូលមកប្រទេសកម្ពុជា នៅចុងខែកញ្ញា ឆ្នាំ២០២២ ក្នុងគោលបំណងមកស្នាក់នៅ និងធ្វើការក្នុងក្រុមហ៊ុនមួយនៅខេត្តកោះកុង តាមរយៈភ្នាក់ងារស្វែងរកការងារនៅប្រទេសចិន។ ក្នុងអំឡុងពេលធ្វើការងាររយៈពេល០៦ខែពុំមានការបង្ខាំង បិទសិទ្ធសេរីភាព ឬធ្វើទារុណកម្មនោះទេ ប៉ុន្តែដោយសាររូបនាងមានបំណងចង់ត្រឡប់ទៅប្រទេសចិនវិញ ទើបនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ បានដាក់សំណើសុំអន្តរាគមន៍ តាមទំព័រហ្វេសប៊ុកសម្ដេចក្រឡាហោម ស ខេង ដោយសារតែខ្លួនធ្លាប់បានសុំក្រុមហ៊ុនលាឈប់ ចំនួន០២លើក ប៉ុន្តែក្រុមហ៊ុនមិនអនុញ្ញាត ព្រោះក្រុមហ៊ុនកំពុងខ្វះបុគ្គលិក និងស្នើសុំរូបនាងឱ្យជួយបន្តការងាររហូតដល់មានបុគ្គលិកថ្មីមកជំនួស។
ដោយផ្អែកតាមការពិនិត្យស្ថានភាពជាក់ស្ដែង និងការបំភ្លឺរបស់សាមីខ្លួន ករណីនេះ ក្រុមប្រតិបត្តិការពិនិត្យឃើញថា មិនមានការបង្ខាំង ឬធ្វើទារុណកម្មនោះទេ ផ្ទុយទៅវិញឈ្មោះ SONG HUILING ស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍ឱ្យខ្លួនបានឈប់ពីការងារ និងត្រឡប់ទៅប្រទេសកំណើតវិញ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ចូនឈ្មោះ SONG HUILING ទៅកាន់មណ្ឌលត្រៀមបណ្តេញ ចេញនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីធ្វើមាតុភូមិនិវត្តន៍៕
Comment