• Today: November 21, 2024

នគរបាលស្រុកថ្មគោល អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ក្នុងករណីទទួលផលចោរកម្ម


ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣នេះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ជនត្រូវចោទម្នាក់ ក្នុងករណីទទួលផលចោរកម្ម ត្រូវបានកម្លាំងនគរបាលជំនាញស្រុកថ្មគោល ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាប និងឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ ។ 
    ប្រភពដដែលបន្តថា ដោយអនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កាលពីម្សិលមិញនេះ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញផ្នែកយុត្តិធម៌ រួមជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្មុំ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទម្នាក់ នៅចំណុចភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។ 
    ជនត្រូវចោទរូបនេះឈ្មោះ ទេព ភារ័ក ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ត្រូវបានឃាត់ខ្លួនតាមដីការបង្គាប់ឱ្យចាប់ខ្លួនលេខ៥៥៦ ពស.ពស្រចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ របស់លោក ជួន សុរាសី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបាត់ដំបង ចំពោះជនជាប់ចោទខាងលេីពីបទទទួលផលចោរកម្មប្រព្រឹត្តនៅចំណុចលើខ្នងប្រឡាយលេខ១ ភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ តាមមាត្រា ៣៩៩.៤០០ នៃក្រមព្រហ្មទណ្ឌ។
    បច្ចុប្បន្នកម្លាំងនគរបាលស្រុករៀបចំសំណុំរឿងបញ្ជូនមកការិយាល័យជំនាញ ដើម្បីបន្តតាមនីតិវិធីនិងត្រៀមបញ្ជូនខ្លួនទៅតុលាការខេត្តផងដែរ៕

Tags

Comment