• Today: September 17, 2024

រថយន្តនិងម៉ូតូបុកគ្នាស្លាប់មនុស្ស២នាក់នៅក្នុងស្រុក រលាប្អៀរ


ខេត្តកំពង់ឆ្នាំង ៖ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យ មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងក្រោយពីរថយន្តមួយគ្រឿងបានបុកជាមួយនិងម៉ូតូ ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:១០នាទីព្រឹកថ្ងៃ ទី០១ ខែកក្កដា ឆ្នាំ២០២៣ នៅចន្លោះគីឡូម៉ែត្រលេខ ៧២-៧៣  ស្ថិតនៅភូមិ ត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង  ។


 សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះស្លាប់នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ ម្នាក់ឈ្មោះ គាំ សិលា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ ព្រឿង មុន្នីចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
 សមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តមួយគ្រឿងម៉ាក TOYOTA ALPHARD  ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២BK-៣៧១៥ បើកបរដោយឈ្មោះ ខាត់ វិទូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ  មានទីលំនៅបច្ចុប្បន្ននៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានបើកបរចេញ ពីទិសខាងត្បូង ទៅទិសខាងជើងលុះមកដល់ចំណុចខាងលើ ក៏បានបុកម៉ូតូមួយគ្រឿង ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ឆ្នាំង ១L-៣៣៦៧ ដែលកំពុងបត់ឆ្លងកាត់ទ្រូងផ្លូវជាតិលេខ៥ ពីទិសខាងលិច ទៅទិសខាងកើត ក្នុងដំណើខ្វែងទិសគ្នា បណ្ដាលឱ្យជនរងគ្រោះទាំង២នាក់អ្នកជិះម៉ូតូ បានប៉ើងខ្ទាត បណ្តាលឱ្យស្លាប់ ទាំង២នាក់តែម្តង  ។ ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះ ទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង ឃាត់ខ្លួនអ្នកបើកបររថយន្ដម្នាក់ បញ្ជូនមកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការបន្តតាមនីតិវិធី  ។
ដោយឡែកសពជនរងគ្រោះបានប្រគល់ដល់ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
ចំណែកវត្ថុតាង ម៉ូតូនិងរថយន្ត បានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕


Tags

Comment