ប្រទេសឡាវ៖ នៅរាត្រីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ ដែលរៀបចំដោយឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នេះជាពិធីលៀងសាយភោជន៍ពេលរាត្រីជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមេគង្គ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលមេគង្គលើកទី៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃបណ្តាប្រទេសមេគង្គ ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលពី ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ មុនពិធីលៀងសាយភោជន៍ពេលរាត្រីចាប់ផ្តើម។
ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ពេលរាត្រី ឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្រ្តីឡាវ មានប្រសាសន៍ថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ ឯកឧត្តមសូមសំដែងនូវការស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុត ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំនៃប្រទេសមេគង្គ ក៏ដូចជាដៃគូអភិវឌ្ឍន៍ទាំងអស់របស់ គណៈកម្មការទន្លេមេគង្គ ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលមេគង្គលើកទី៤ នៅរដ្ឋធានីវៀងច័ន្ទដ៏ស្រស់បំព្រង។
ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ មានប្រសាសន៍បន្តថា កិច្ចប្រជុំរបស់យើងនៅថ្ងៃទី៥មេសាស្អែក គឺពិតមានតម្លៃខ្លាំងណាស់ ដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលគណៈកម្មការទន្លេមេគង្គសម្រេចបាន តាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ក៏បានចាត់ទុកថា កិច្ចប្រជុំរបស់យើងក៏នឹងពិភាក្សាអំពីបញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់ទិសដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គ ឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ។
ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរ ជូនសម្តេច ឯកឧត្តម លោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ មាំមួន បញ្ញាញាណភ្លឺថ្លា ក្នុងឱកាសនៃការស្នាក់អាស្រ័យនៅរដ្ឋធានីវៀងចន្ទន៍ ពិសេសការចូលរួមពិភាក្សាគ្នាលើ មូលបទ នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក ប្រកបដោយចីរភាព ក្នុងកិច្ចប្រជុំកំពូលមេគង្គលើកទី៤ ដើម្បីបម្រើឲ្យឧត្តមប្រយោជន៍រួម នៃបណ្តាប្រទេសមេគង្គ ពិសេសដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងអស់៕
Comment