ឧត្តរមានជ័យ៖ ពិតជាមានល្បិចខ្ពស់មែន ជនសង្ស័យ ចំនួន ០២នាក់ ស្លៀកពាក់ស្អាតបាតដោយបន្លំខ្លួនជាមន្ត្រីផ្តល់ឥណទាន (CO) ជិះម៉ូតូចូលផឹកកាហ្វេ និងធ្វើការទំនាក់ទំនងម្ចាស់តូបលក់កាហ្វេអំពីការផ្តល់កម្ចីរប្រាក់រួចដាក់ថ្នាំសណ្តំលួចយកកាបូបលុយអស់ប្រាក់ ចំនួន ២លានរៀល កាតគ្រីម៉ូតូ និងឯកសារផ្សេងៗទៀត។
ករណីជនសង្ស័យបន្លំខ្លួនធ្វើជាភ្នាក់ងារផ្តល់ឥណទាន (CO) ខាងលើ បានកើតឡើងនៅវេលាម៉ោងប្រមាណជាង ១០ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ ស្ថិតនៅតូបលក់កាហ្វេមួយកន្លែង ស្ថិតនៅភូមិត្របែកថ្មី សង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះដោយករណីដាក់់ថ្នាំសណ្តំនេះ មានឈ្មោះ លោក ប៊ុន ធឿន និងប្រព័ន្ឋ ហ៊ិន ខែមរ៉ា រស់នៅភូមិ-ឃុំកើតហេតុ។
ជនរងគ្រោះបានរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ មានបុរស ចំនួន ០២នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា C125 ស៊េរីឆ្នាំ២០២២ ស្លៀកពាក់ស្អាតបាតបន្លំខ្លួនធ្វើជាមន្ត្រីឥណទាន (CO) បានចូលមកផឹកកាហ្វេហើយក្រុមជនសង្ស័យទាំង ០២នាក់ បាននិយាយលួងលោមពួកគាត់ជាម្ចាស់ផ្ទះ មានលក្ខណះរបៀបជាអង្ការពីនេះពីនោះ និងបានធ្វើសកម្មភាពដាក់ថ្នាំសណ្តំយកលុយអស់ជាង ២លានរៀល កាតគ្រី និងឯកសារផ្សេងៗទៀត រួចបាននាំគ្នាជិះម៉ូតូទៅបាត់។
ក្រោយពេលកើតហេតុ ម្ចាស់ផ្ទះបានប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ និងឆែកកាមេរ៉ាសុវត្ថិភាព ដើម្បីពិនិត្យមើលភិនភាគក្រុមជនសង្ស័យក្នុងការកំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕
Comment