ភ្នំពេញ៖ លោក សេង ដារ៉ា ដែលមហាជនទូទៅបានស្គាល់ថា ជាអ្នកស្រាវជ្រាវប្រវត្តិបទចម្រៀង និងតារាចម្រៀងពីសម័យដើម នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះ បានសរសេរសារលើបណ្តាញសង្គមថា «កំុអាលកាត់ក្តីដោយអារម្មណ៍ និងការសន្និដ្ឋានលំអៀងទៅម្ខាងៗ...ពិសេសការប្រើសម្តីមិនសមរម្យលើភរិយាលោក ស៊ីន ស៊ីសាមុត និងលោកបឺត សម្រេច...សូមស្ងប់ស្ងៀមសិន»។
លោក សេង ដារ៉ា ជាអ្នកស្រាវជ្រាវប្រវត្តិបទចម្រៀង និងតារាចម្រៀងពីសម័យដើម បានសរសេរនៅគណនីហ្វេសប៊ុករបស់លោកថា «ចំពោះរៀងរ៉ាវប្រវត្តិលោក បឺត សម្រេច និងលោកសីន ស៊ីសាមុត ខ្ញំុសូមស្នើចិត្តជាថ្មី សូមមេត្តាបងប្អូន និងអ្នកនិយមចម្រៀងជំនាន់ដើមទាំងឡាយ ទាំងអ្នកជឿ និងអ្នកមិនជឿ សូមកំុអាលអន់ចិត្ត ហើយវាយប្រហារភាគីម្ខាងៗ ដោយសម្តីអសុរស»។ លោកបានសរសេរទៀតថា «យើងរង់ចាំការស្រាវជ្រាវរកការពិតអោយជឿជាក់បានសិន ដើម្បីភាពច្បាស់លាស់ទាំងសងខាង កំុអាលកាត់ក្តីដោយអារម្មណ៍ និងការសន្និដ្ឋានលំអៀងទៅម្ខាងៗ...ពិសេសការប្រើសម្តីមិនសមរម្យលើភរិយាលោក ស៊ីន ស៊ីសាមុត និងលោកបឺត សម្រេច...សូមស្ងប់ស្ងៀមសិន»។
ពាក់ព័ន្ធរឿងរ៉ាវកំពុងផ្ទុះកាចាប់អារម្មណ៍លើបណ្តាញសង្គមរបស់លោក បឺត សំរ៉េច ជាកីឡាកប្រដាក់ក្បាច់គុណខ្មែរ បានអះអាងថា «ខ្លួនជាកូនបង្កើតរបស់ អធិរាជសម្លេងមាសលោក ស៊ីន ស៊ីសាមុត» កំពុងធ្វើឲ្យមានកាតវែកញែកជាច្រើន រហូតមហាជនស្នើសុំឲ្យធ្វើពិនិត្យ DNA ផងដែរ ប៉ុន្តែត្រូវបានភរិយាដើមលោកតា ស៊ីន ស៊ីសាមុត ចេញមុខបដិសេធការពិនិត្យ DNA ជាមួយបឺត សំរេច។
លោក សេង ដារ៉ា ជាអ្នកស្រាវជ្រាវប្រវត្តិបទចម្រៀង និងតារាចម្រៀងពីសម័យដើម បានសរសេរអះអាង លើបណ្តាញសង្គមថា «លោកស្រី ខោ ថុងញ៉ុក ភរិយាដើមរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុត បានធ្វើការបដិសេធមិនឲ្យក្រុមគ្រួសាររបស់លោកស្រីពិនិត្យ DNA ជាមួយលោក បឺត សំរេច តាមការស្នើសុំពីមហាជនឡើយ»។
លោក សេង ដារ៉ា ជាអ្នកស្រាវជ្រាវប្រវត្តិបទចម្រៀង និងតារាចម្រៀងពីសម័យដើម បានជួបសម្ភាសន៍ជាមួយលោកស្រី ខោ ថុងញ៉ុក ភរិយាដើមរបស់លោក ស៊ីន ស៊ីសាមុត នៅក្នុងដំណើរការស្រាវជ្រាវរបស់ខ្លួនដើម្បីស្វែងការពិតមួយជុំវិញរឿងរ៉ាវខាងលើនេះ។
លោក សេង ដារ៉ា បានជួបសម្ភាសន៍ជាមួយលោកស្រី ខោ ថុងញ៉ុក ភរិយាដើមរបស់លោក ស៊ីន ស៊ីសាមុត បានសរសេរបង្ហោះលើគណនីហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នេះថា «ដូចខ្ញុំនិយាយមិនខុស ភរិយាលោក ស៊ីន ស៊ីសាមុត បដិសេធមិនឲ្យកូនស្រីច្បងតែម្នាក់របស់គាត់ធ្វើ DNA ទេ ហើយក៏ប្រកាសមិនទទួលស្គាល់ថា រឿងនេះជាការពិតដែរ…»។
លោក សេង ដារ៉ា សរសេរទៀតថា «សូមកុំមានការខឹងសម្បារ ជេរ ដៀមដាម ស្អប់គាត់ ព្រោះរឿងនេះមិនគួរកើតឡើងនៅក្នុងវ័យចុងក្រោយរបស់គាត់ ដែលគាត់កំពុងត្រូវការភាពស្ងប់ស្ងាត់ ធ្វើបុណ្យទាន ស្តាប់ធម៌ លែងនឹកនាអ្វីៗទាំងអស់ ឥឡូវស្រាប់តែស្រមោលចាស់មកតាមបន្លាចភាពស្ងប់ស្ងាត់របស់គាត់… ដ្បិតយើងចង់ឲ្យរឿងនេះក្លាយជាការពិត តែនេះជាសិទ្ធិឯកជនរបស់គាត់ គ្មានអ្នកណាអាចបង្ខំគាត់ឡើយ…»។
លោក សេង ដារ៉ា ជាអ្នកស្រាវជ្រាវប្រវត្តិបទចម្រៀង និងតារាចម្រៀងពីសម័យដើម បានសរសេរបន្តថាមួយទៀត យើងគួរយល់អារម្មណ៍របស់គាត់ កូនគាត់ និងក្រុមគ្រួសារគាត់ទាំងមូលផង… បើម្តាយយើង គាត់កំពុងនៅសុខៗ មានគេមកប្រាប់គាត់ថា អ្នកនេះជាកូនប្តីគាត់ អ្នកនោះជាកូនប្តីគាត់ដែរ… តើគាត់មានអារម្មណ៍យ៉ាងណា? ហើយប៉ះពាល់អ្វីខ្លះដល់កិត្តិយសប្តីគាត់ និងគ្រួសារគាត់?។ សូម្បីតែលោក ស៊ីន ស៊ីសាមុត ក៏ដូច្នេះ ឥឡូវរឿងនេះមិនទាន់បង្ហាញច្បាស់លាស់ស្រួលបួលផង កេរ្តិ៍ឈ្មោះរបស់គាត់បានរងការប៉ះពាល់ទៅហើយ ដោយថែមទាំងអ្នកខ្លះបានប្រមា.ថ ចោទថា គាត់ជាបុរសបែបនេះ បែបនោះដ៏គួរឲ្យសោកស្តាយ ហៅឈ្មោះលោកដាច់ៗសាច់ថា ស៊ីន ស៊ីសាមុតៗៗៗ បាត់ពាក្យ «លោក» ឬ «លោកតា» បាត់ពាក្យ «អធិរាជសម្លេងមាស» ទៅទៀត។
អ្នកស្រាវជ្រាវប្រវត្តិបទចម្រៀង និងតារាចម្រៀងពីសម័យដើម រូបនេះបានសរសេរបន្តទៀតថា «សូមបញ្ឈប់ការប្រើសម្តីមិនសមរម្យចំពោះលោកទៅ ដ្បិតលោកចែកឋានទៅបាត់យូរហើយ ដែលធម្មតាមនុស្សដែលបាត់បង់ជីវិតទៅហើយ អ្វីៗគឺគួរកុំប្រមា.ថ កុំតាមជេរស្តី ពិសេសលោកគឺជាកំពូលសិល្បករដែលពលរដ្ឋខ្មែរទូទៅ និងបរទេសផង គោរពស្រឡាញ់ណាស់។ ជាមួយគ្នានោះ ក៏សូមកុំជេរ កុំស្អប់ កុំខឹង កុំប្រើភាសាអសុរសដាក់ភរិយាគាត់ដែលបដិសេធចំពោះរឿងធ្វើ DNA នេះ ត្បិតគាត់មានហេតុផលរបស់គាត់ ដែលយើងជាអ្នកក្រៅមិនយល់ឡើយ…»។
អ្នកស្រាវជ្រាវប្រវត្តិបទចម្រៀង និងតារាចម្រៀងពីសម័យដើម ខាងលើ បានសរសេរបន្ថែមថា ខ្ញុំបាទ ក៏សូមបញ្ជាក់ជាថ្មីថា រឿងនេះ សូមអ្នករាល់គ្នាកុំទាន់អាលកាត់ដោយអារម្មណ៍ ដោយការអាណិត ដោយការស្អប់ ដោយការវិភាគ ការស្មាន ការមើលទម្រង់មុខមាត់ ស្តាប់សម្លេង ឬការសន្និដ្ឋានផ្សេងៗថា រឿងនេះជាការពិត ឬមិនពិត ព្រោះមិនទាន់មានភស្តុតាងជាក់ស្តែងណាមួយកំណត់ច្បាស់លាស់ឡើយ រីឯសាក្សីក៏ពុំមានអ្នកដឹងពិតប្រាកដដែរ គឺមានតែអ្នកប្រើពាក្យថា «ប្រហែលៗៗៗៗអីចឹងមែន ឬប្រហែលមិនមែនអីចឹងទេ… តែប៉ុណ្ណោះ»។
លោក សេង ដារ៉ា បានសរសេរបញ្ជាក់ថា «យើងគួរគិតរឿងមួយទៀតថា អ្នកដទៃខ្លះក៏មានមុខមាត់ ឬសម្លេងស្រដៀងយើង ជួនកាលយើងក៏មានមុខមាត់ ឬសម្លេងស្រដៀងអ្នកដទៃ បើទោះបីមិនជាប់សាច់ឈា.មគ្នាក្តី ហើយជួនកាលកូននិងឪបង្កើត មុខមិនដូចគ្នា មិនស្រដៀងគ្នាក៏មាន ឬកូននិងម៉ែសាច់ឈា.ម មុខមាត់មិនស្រដៀងគ្នាក៏មាន…។ តែយ៉ាងណា ខ្ញុំបាទនៅតែព្យាយាមជួយបង្ហាញ ឬជួយស្រាវជ្រាវរកយុត្តិធម៌ជូនអ្នកទាំងពីរជាបន្តទៀតតាមដែលអាចធ្វើទៅបាន»។
ជុំវិញរឿងរ៉ាវកំពុងតែផ្ទុះការចាប់អារម្មណ៍ បន្ទាប់ពីអតីតអ្នកប្រដាល់គុណខ្មែរ លោក បឺត សំរេច បានអះអាងថា ខ្លូនជាកូនបង្កើតរបស់អធិរាជសម្លេងមាស ស៊ិន ស៊ីសាមុតនោះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានសរសេរបញ្ចេញមតិលើបណ្តាញសង្គមថា «ខ្ញុំជឿថារឿងអាថ៌កំបាំងរបស់លោកសុិន សុីសាមុត គ្មាននរណាម្នាក់ដឹងអស់ក្រៅពីខ្លួនលោកទេ ហើយរឿងទាំងនោះក៏បានស្លាប់ទៅជាមួយគាត់អស់ហើយ ក៏ទោះបីជាមានអ្នកចេញមកអះអាងថាធ្លាប់ជាមិត្តស្និទ្ធស្នាលជាមួយលោកក៏មិនអាចដឹងបានដែរ»។
មន្ត្រីជាន់ខ្ពស់ជារដ្ឋលេខាធិការក្រសួងព័ត៌មាន សរសេរទៀតថា «ឯករណីលោកបឺត សំរេច មិនគួរត្រូវបានទទួលការស្តីសន្ទោសទេ ព្រោះគាត់គ្រាន់តែបានដឹងរឿងរ៉ាវតាមតែម្តាយចិញ្ចឹមនិយាយប្រាប់តែប៉ុណ្ណោះ។ កត្តាសំខាន់ ប្រសិនបើយល់ថា គាត់មានសំឡេងច្រៀងល្អ សូមជួយផ្តល់កម្លាំងចិត្តគាត់ ដើម្បីឲ្យគាត់ខិតខំអភិវឌ្ឍសមត្ថភាពឈានទៅទទួលបានជោគជ័យលើវិស័យចម្រៀងរបស់គាត់»។
លោក ជុំ កុសល បានបញ្ជាក់ថា «សម្រាប់រូបខ្ញុំគឺពិតជាគាំទ្រសំឡេងរបស់គាត់ ដែលអាចច្រៀងបទលោកសុីន សុីសាមុតបាន និងពីរោះម្យ៉ាងម្នាក់ ។ សូមស្នើសុំឲ្យលោកបឺត សំរេចខិតខំហាត់បន្ថែមទៀតដើម្បីឲ្យកាន់តែបានល្អប្រសើរឡើង»។
សូមជម្រាបថា អតីតកីឡាករប្រដាល់គុនខ្មែរលោក បឺត សំរេច កាលពីពេលថ្មីៗនេះ បានចេញវីដេអូឃ្លីបមួយ ដោយលោកបានលើកឡើងថា «រហូតមកទល់នាពេលនេះ លោកមិនចង់អធិប្បាយអ្វីវែងឆ្ងាយឡើយ ព្រោះលោកបានលាក់បាំងរឿងនេះមកអស់រយៈពេលជាង ៤០ឆ្នាំមកហើយ»។ លោកថា «បច្ចុប្បន្ន ខ្ញុំបានអ្វីខ្លះពីគាត់ (លោក ស៊ីន ស៊ីសាមុត) ហើយគាត់បានបន្សល់អ្វីខ្លះសម្រាប់ខ្ញុំ ខ្ញុំគ្រាន់តែនិយាយបរិយាយ ដើម្បីឲ្យបងប្អូនបានដឹងថា ខ្ញុំជាកូនរបស់គាត់ ហើយខ្ញុំមិនចង់តោងឈ្មោះគាត់ធ្វើជាមានបានអ្វីឡើយ កុំតែធ្វើបាបខ្ញុំទៅបានហើយ» ។
លោកបញ្ជាក់ថា «រឿងនេះ ដោយសារតែម្តាយខ្ញុំជាអ្នកអង្វរឲ្យលោកនិយាយទេ ដោយគាត់តែងប្រាប់ខ្ញុំថា ខ្ញុំចាស់ហើយ គាត់ស្តាយខ្ញុំ ឲ្យខ្ញុំនិយាយទៅ ក្រែងមានគេអ្នកស្រឡាញ់ប៉ា ហើយស្រឡាញ់ខ្ញុំ តើខ្ញុំចង់បានអ្វីពីបងប្អូន?។ បងប្អូនខ្លះមិនស្គាល់ពីភាពកំព្រាអត់ម៉ែ អត់ឪដូចខ្ញុំទេ»។
លោក បឺត សំរេច បានបន្ថែមថា «អ្វីដែលលោកធ្វើនេះ គឺដើម្បីម្តាយរបស់លោក ព្រោះគាត់កាន់តែចាស់ ហើយលោកមិនដែលចង់បានទ្រព្យអ្វី ឬពីក្រុមគ្រួសារប៉ារបស់លោកដែរ គឺមានតែជូនពរឲ្យពួកគាត់មានសេចក្តីសុខ និងអាយុវែងប៉ុណ្ណោះ និងសូមឲ្យបងប្អូនបង្កើតរបស់លោកប៉ុន្មាននាក់ដែលនៅសល់ទទួលបានសេចក្តីស្រឡាញ់ពីលោកដែលជាឈាមជ័រដូចគ្នា ហើយនៅសល់ម្នាក់ដែរ»៕
Comment