• Today: November 21, 2024

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ


ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣ នេះ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ  ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមពិធីបើកព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព។ 


ក្នុងជំនួបនេះ ឯកឧត្តម ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានអញ្ជើញឯកឧត្តម មកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេមនៅព្រះរាជាណាចក្រកម្ពុជា។ 
ឯកឧត្តម ថងលុន បានមានប្រសាសន៍ថា ឯកឧត្តមពិតជាមានកិត្តិយសណាស់ ជាមួយការរៀបចំដ៏ល្អរបស់កម្ពុជា ។ ឯកឧត្តមមានជំនឿជឿជាក់ថា កម្ពុជា នឹងទទួលបានជោគជ័យ និងទទួលបានមេដៃមាសច្រើន។ 
ក្នុងឱកាសនេះដែរ ឯកឧត្តម ថងលុន បានគោរពថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ជូនចំពោះកម្ពុជា ដែលបានជួយប្រទេសឡាវដ៏ធំធេង និងដ៏ថ្លៃថ្នូរកន្លងមក រួមទាំងវិស័យសុខាភិបាល និងវិស័យសេដ្ឋកិច្ច។ 
ឯកឧត្តម ថងលុន បានមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាងកម្ពុជា និងឡាវ កំពុងតែស្ថិតដល់ចំណុចកំពូល ហើយអ្វីដែលត្រូវធ្វើបន្ត គឺរួមគ្នាសម្របសម្រួលគ្នា ធ្វើឲ្យទំនាក់ទំនងនេះ ឈានឆ្ពោះឡើងមួយកម្រិតទៀត តាមរយៈការរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងបន្ថែមទៀត ដូចជា៖ លើវិស័យទេសចរណ៍ វិស័យវិនិយោគ  វិស័យសន្តិសុខ រួមគ្នាត្រៀមដោះស្រាយគ្រោះមហន្តរាយជាយថាហេតុនានា។ 
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ថងលុន ដែលបានទទួលការអញ្ជើញមកចូលរួមពិធីបើកកីឡាស៊ីហ្គេម នៅកម្ពុជា ។ 
សម្ដេចតេជោ ក៏បានឯកភាពជាមួយឯកឧត្តម ថងលុន លើទំនាក់ទំនងរវាងប្រទេសទាំងពីរ និងអ្វីដែលត្រូវធ្វើបន្ត។ លើសពីនោះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំឱ្យភាគីទាំងពីរកម្ពុជា-ឡាវ រួមគ្នាពិនិត្យលើការរៀបចំកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នា ដើម្បីធ្វើយ៉ាងណា ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែច្រើនឡើងថែមទៀត៕

Tags

Comment