• Today: December 03, 2024

បញ្ជូនមន្ត្រីយោធាម្នាក់ ទៅតុលាការពីបទៈ ប្រើប្រាស់អាវុធបាញ់គំរាមកំហែងលើក្រុមគ្រួសារ បណ្តាលឱ្យរងបួសកូន និងប្អូនថ្លៃម្នាក់រងរបួស


ភ្នំពេញ៖ មន្ត្រីយោធាម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបញ្ជូនទៅកាន់អយ្យការសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ ពីបទៈ ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើប្រាស់អាវុធបង្កឲ្យរងរបួសដល់អ្នកដទៃ។


ជនសង្ស័យមានឈ្មោះ ស៊ិន សុវណ្ណរ៉េត ហៅឌុក ភេទប្រុស អាយុ ៥៨ឆ្នាំ ជាយោធា ស្នាក់នៅផ្ទះលេខ១០C ផ្លូវលេខ១០២ ស្ថិតក្នុងភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ កន្លងមកនេះ។
ជនសង្ស័យជាមន្ត្រីយោធា ត្រូវចាប់ខ្លួនភា្លមៗបន្ទាប់ពីផ្ទុះអាវុធជាច្រើនគ្រាប់ បណ្តាលឲ្យកូនបង្កើតម្នាក់ និងប្អូនថ្លៃម្នាក់ទៀត រងរបួសធ្ងន់។
សូមរំឭកថា កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣នេះ ជនសង្ស័យមានឈ្មោះ ស៊ិន សុវណ្ណរ៉េត គាត់បានជិះរថយន្ត ម៉ាកនីស្សាន់ ពណ៌ខ្មៅ មកពីស្រុកឈូក ខេត្តកំពត ដល់ផ្ទះវេលាម៉ោងប្រមាណជាង១០យប់ហើយក្រុមគ្រួសារមានការផឹកស៊ីជុំគ្នាជាច្រើននាក់ មានដន្លង កូនប្រុសបង្កើត កូនប្រសាស្រី ប្អូនថ្លៃ និងប្រពន្ធរបស់ខ្លួនផងដែរ។ ពេលនោះបុរសជាជនសង្ស័យ បានស្តីបន្ទោសប្រពន្ធនៅចម្ការមានគេលួចយកអាគុយសូឡា  កង់គោយន្ត និងយកគោយន្តទៅប្រើប្រាស់អត់គិតគូរសោះ គិតតែនាំគ្នាផឹកស៊ី។ 
ក្រោយពីជនសង្ស័យនិយាយបែបនេះ កូនប្រុសបង្កើតឆ្លើយតបនូវពាក្យសម្តីមិនសមរម្យទៅកាន់ឪពុកវិញថា ភ្លើ! ដឹងថា អា២នាក់ចោរហើយនៅតែយកដាក់កន្លែងនោះទៀត បើល្ងង់អញ្ចឹងកុំចង់ធ្វើចេះ។ គ្រាប់ស្តាប់ពាក្យកូននិយាយដូច្នេះ ខ្លួនជាឪពុកបានតបទៅវិញថា អញ! ឪពុកហែង កុំប្រើពាក្យអញ្ចឹងបានខឹងកាន់តែខ្លាំងនឹងរកវាយកូន ប៉ុន្តែត្រូវសាច់ញាតិ និងក្រុមគ្រួសារចាប់ទាន់។
ដោយសារស្រាចូលក្នុងខ្លួនស្រវឹងកូនប្រុសបង្កើតហត់ទៅវាយឪពុកចំភ្នែកខាងស្តាំ និងបោកក្បាលទៅនឹងទ្វារផ្ទះរួចទាត់ថែមមួយជើងទៀតដួលតែម្តង។ ដោយសារទប់កំហឹងនឹងទង្វើកូនប្រុសបង្កើតមិនបានក្រោកដើរសំដៅទៅរថយន្តទាញ អាវុធខ្លី ប្រភេទ K54 ដើម្បីបាញ់គំរាមបណ្តាលត្រូវប្អូនថ្លៃដែលចូលទៅចាប់ និងបានបាញ់អស់ ចំនួន០៤គ្រាប់ ត្រូវចំកូនប្រុស និងប្អូនថ្លៃរងរបួសជាទម្ងន់ ត្រូវដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសួរចម្លើយ ដើម្បីឈានដល់ការចោទប្រកាន់៕

Tags

Comment