ភ្នំពេញ៖ ជនសង្ស័យជាឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន ពិភពដីមាស អ៊ិនវេសមេន ត្រូវបានតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបអង្កេតពីបទៈ ឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ និងបទហិង្សាមានស្ថានទម្ងន់ទោសតាមមាត្រ ២១៨ នៃក្រមព្រហ្មទណ្ឌ ។
នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នេះ លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «បានសម្រេចបេីកការស៊េីសួរ លេីករណីខាងលេីពីបទឆបោកមានស្ថានទម្ងន់ទោស តាមមាត្រា៣៨០នៃក្រមព្រហ្មទណ្ឌ និងបទហិង្សាមានស្ថានទម្ងន់ទោសតាមមាត្រ២១៨នៃក្រមព្រហ្មទណ្ឌ »។
សូមជម្រាបថា អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុន “ពិភដីមាស” អ៊ិមវេសមេន ឯ.ក និងកងអង្គរក្ស ចំនួន ១៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឡោមព័ទ្ធចាប់ខ្លួន នៅស្នាក់ការក្រុមហ៊ុន ដែលមានទីតាំងភូមិត្រពាំងថ្លាល់ សង្កាត់ពន្សាំង ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើការសាកសសួរ និងចោទប្រកាន់តាមនិតិវិធីច្បាប់។
សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ ហ៊ី គឹមហុង ភេទប្រុស អាយុ ៤១ឆ្នាំ ប្រកបមុខរប ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ពិភពដីមាស បច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៥២D ផ្លូវបេតុង ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ និងបក្ខពួកសរុប ១៤នាក់ អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមអនុវត្តតាមដីការបស់តុលាការរាជធានីភ្នំពេញ។
អ្នកឧកញ៉ារកស៊ីបោកប្រាស់ប្រជាពលរដ្ឋ រូបនេះ រងការចោទប្រកាន់ ចំនួន ០៣ បទល្មើស រួមមានពីបទៈ អំពើឆបោកមានស្ថានទម្ងន់ទោស, បទៈ ញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងនឹងអ្នករាជការសាធារណៈ និងពីបទៈ សំអាតប្រាក់។
យោងតាមមាត្រា ៣៨០ នៃក្រមព្រហ្មទណ្ឌ បានចែងថា អំពើឆបោក ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងមាត្រា ២១៨ អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល៕
Comment