• Today: November 21, 2024

ម្រោងលក់ដីឡូតិ៍ និងវីឡា ក្រុមហ៊ុន ធីធីភីគ្រុប (T.T.P.Land ) អតីតទីតាំងក្រុមហ៊ុន KP MORN DANY កំពុងប្រកាសលក់គ្មានច្បាប់ដដែល


បន្ទាយមានជ័យ៖ គម្រោងពុះដីឡូត៍ និងសំណង់ផ្ទះល្វែងក្រុមហ៊ុន ធីធីភី គ្រុប (T.T.P.Land ) របស់លោកឧកញ តែ តាំងប៉ ស្ថិតលើអតីតគម្រោងដីឡូត៍ និងផ្ទះល្វែងេបស់ក្រុមហ៊ុន  KP MORN DANY Land & House របស់លោកឧកញ៉ា ឃុនថាវង្ស ផងផាន់ និងលោកស្រី ម៉ន ដានី ដែលមានបញ្ហាអាជ្ញាធរខេត្តចុះបិទនាពេលកន្លងមក រហូតដល់ពេលនេះមិនទាន់មានច្បាប់អនុញ្ញាតសាងសង់ពីមន្ត្រីជំនាញដដែល។ 


គម្រោងពុះដីឡូត៍ និងផ្ទះល្វែងក្រុមហ៊ុន ធីធីភី គ្រុប (T.T.P.Land ) មានទីតាំងស្ថិតជាប់ផ្លូវជាតិលេខ៥ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងភូមិសាលាក្រហម ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ 
សព្វថ្ងៃនេះទីតាំងគម្រោងអតីតក្រុមហ៊ុន  KP MORN DANY Land & House បានផ្ទេរកម្មសិទ្ធឲ្យក្រុមហ៊ុន ធីធីភី គ្រុប (T.T.P.Land ) របស់លោកឧកញ៉ា តែ តាំងប៉ ជាអ្នកអនុវត្តន៍គម្រោងបន្តពីក្រុមហ៊ុនលោកស្រី ម៉ន ដានី និងបានបើកសម្ភោធជាផ្លូវការការពីពេលថ្មីៗកន្លងមកនេះ ក្រោមអធិបតីភាពលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។ 
ជាម្ចាស់ថ្មីបាន ពិធីសម្ពោធ ដាក់ឲ្យដំណើរការកាល ពីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ កន្លងមក មន្ត្រីជំនាញនៃភូមិបាលក្រុង និង មន្ទីរ មិនទាន់បានទទួលឯកសារ លិខិតបទដ្ឋានអ្វីនៅឡើយ នៅតែមានបញ្ហា ហើយពិបាកនឹងជឿទុកចិត្តបានណាស់។ 
លោក ឡុង វុធ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ បានប្រាប់កាសែត នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ឲ្យដឹងថា គម្រោងដីឡូតិ៍ និងវិឡារបស់ក្រុមហ៊ុន ធីធីភី គ្រុប (T.T.P.Land ) របស់លោកឧកញ៉ា តែ តាំងប៉ ដែលទទួលអភិវឌ្ឃន៍គម្រោងបន្តពីក្រុមហ៊ុន ម៉ន ដានី  នោះការិយាជំនាញភូមិបាលក្រុង ស្រុក ក៏ដូចជាមន្ទីរជំនាញភូមិបាលខេត្តមិនទាន់ទទួលបានឯកសារគតិយុត្តិ និងច្បាប់អនុញ្ញាតិសាងសង់នៅឡើយទេ។ 
បច្ចុប្បន្ននេះ ក្រុមហ៊ុន ធីធីភី គ្រុប (T.T.P.Land ) កំពុងដើរតាមគន្លងចាស់ក្រុមហ៊ុន  KP MORN DANY Land & House ) ដដែល គឺប្រកាសលក់គម្រោងដីឡូត៍ វីឡា និងផ្ទះល្វែងគគ្រឹកគគ្រែងដោយមិនទាន់មានច្បាប់ និងអាចមានហានិភ័យដូចក្រុមហ៊ុនចាស់។ 
លោក ឈុន ប៊ុនថា នាយកទីចាត់ការអន្តរវិស័យ សាលាខេត្តបន្ទាយមានជ័យ ប្រាប់ឲ្យដឹងថា ក្រុមហ៊ុនធីធីភី គ្រុប (T.T.P.Land ) បានមកស្នើសុំរដ្ឋបាលខេត្ត ដើម្បីវិនិយោគលើវិស័យអចលនវត្ថុ ហើយខេត្តបានអនុញ្ញាតិឲ្យជាគោលការណ៍រួចហើយ ប៉ុន្តែបែបបទ គតិយុត្តិពាក់ព័ន្ធ អាជ្ញាធរ និងជំនាញពាក់ព័ន្ធនៅមិនទាន់បានត្រឹមត្រូវ និងគ្រប់គ្រាន់នៅឡើយទេ។ និយាយរួមដូចក្រុមហ៊ុន ម៉ន ដានី ដែលអាជ្ញាធរមានសមត្ថកិច្ចបានបិទគម្រោងកន្លងមកដូចគ្នា។ 


អតិថិជនដែលធ្លាប់រងគ្រោះដោយបានកក់ប្រាក់ ទិញដីឡូត៍ និងផ្ទះក្នុងអតីតក្រុមហ៊ុន  KP MORN DANY Land & House បានរងគ្រោះមានចំងល់ថា តើក្រុមហ៊ុន ធីធីភី គ្រុប (T.T.P.Land ) ថ្មីមកវិនិយោគលើទីតាំងចាស់នេះមានច្បាប់ រឺអត់ច្បាប់ហើយរឿងរបស់អតិថិជនចាស់ក្រុមហ៊ុនថ្មីដោះស្រាយយ៉ាងណា?។ 
លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃ ករុមហ៊ុន ធីធីភី គ្រុប (T.T.P.Land ) បានថ្លែងក្នុងពិធីសម្ពោធជាផ្លូវការនូវគម្រោងរបស់ខ្លួនកាលពីពេលថ្មីៗនេះថា គម្រោងនេះស្ថិតនៅតំបន់ដែលមានសក្តានុពលដើម្បីធានាជូនអតិថិជនរបស់យើងទទួលបាននូវភាពជឿជាក់ក្នុងការរស់។ គម្រោងថ្មីនេះមានផ្ទៃដី ចំនួន១៨៥ហិកតា អភិវឌ្ឍជំហានទី១ ក្នុងគម្រោង និងប្រើប្រាស់ផ្ទៃដីចំនួន ៧៨.៥ហិកតា មានការសាងទៅលើផ្ទះប្រភេទវិឡា ទោលចំនួន ៩៥១ផ្ទះ និងមានដីឡូត៍សរុប ចំនួន ៣.២៤៩ ឡូត៍ ពិសេសមានប្រភេទទំហំដីតាមអតិថិជនតំរូវការជាក់ស្ដែងបន្ថែម និងក៏មានការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានាផងទៀត។ 
លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចសូមស្វាគមន៍ និងលើកទឹកចិត្តដល់ក្រុមហ៊ុន T.T.P.Land បានមកវិនិយោគលើអចលនទ្រព្យពិតជាមានភាពត្រឹមត្រូវ មានច្បាប់អនុញាតិ មានបែបបទពីជំនាញ និងអាជ្ញាធរគ្រប់ថ្នាក់ ដែលអាចផ្តល់ភាពជឿជាក់ដល់បងប្អូនប្រជាពលរដ្ឋ។ 
លោក អ៊ុ រាត្រី បានបន្ដែមទៀតថា ក្រុមហ៊ុនត្រូវបំពេញសំណុំបែបបទសុំច្បាប់អនុញតឲ្យបានគ្រប់គ្រាន់កុំឲ្យពលរដ្ឋលំបាក និងលើកក្នុងវេទិកាសាធារណ:ឬតវ៉ាមកអាជ្ញាធរមានសមត្ថកិច្ចឈឺក្បាលពិបាកដោះស្រាយ។ 
គួរបញ្ជាក់ផងដែរថា រហូតដល់ថ្ងៃនេះ ក្រុមហ៊ុនធីធីភីគ្រុប(T.T.P . Land )របស់លោកឧញ៉ា តែ តាំងប៉ ស្ថិតលើទីតាំងដីក្រុមហ៊ុនចាស់នៅមិនទាន់រត់ច្បាប់ចេញបាននៅឡើយក្នុងនោះលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃធីធីភីគ្រុប (T.T.P.Land ) កំពុងសុំគោលការណ៍ ពីរដ្ឋបាលខេត្តបន្ទាយមានជ័យ បើបានហើយក្រុមហ៊ុននឹងបន្តរត់ការសុំទៅការិយាល័យមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធដល់ក្រសួង។ 
ចំពោះអតីថិជនជាមួយក្រុមហ៊ុនចាស់ក្រុមហ៊ុនថ្មីនឹងទទួលស្គាល់សិទ្ធិ និងផលប្រយោជន៍ឲ្យតែមានឯកសារបញ្ជាក់ត្រឹមត្រូវសិន៕

Tags

Comment